(ភ្នំពេញ)៖ នៅវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការកាត់ទោស លោក គឹម សុខ អ្នកតាមដាននយោបាយ និងសង្គម ពាក់ព័ន្ធនឹងករណី ចោទគណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់ លោកបណ្ឌិត កែម ឡី។ នេះបើតាម លោក គី តិច មេធាវីសម្តេចតេជោ ហ៊ុន សែន ដែលជាដើមបណ្តឹង។

សូមបញ្ជាក់ថា លោក​ គឹម​ សុខ​ ត្រូវ​បាន​តុលាការបញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​ កាលពីថ្ងៃទី​១៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ តាម​បណ្តឹង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃកម្ពុជា បន្ទាប់ពីលោកចូលខ្លួនឆ្លើយបំភ្លឺ ចំពោះករណី​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ ជា​អ្នក​សម្លាប់​លោក​បណ្ឌិត ​កែម​ ឡី តាមវិទ្យុអាស៊ីសេរី នាពេលកន្លងទៅ​។​

លោក គឹម សុខ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ សម្រេច​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​ គឺ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ តាម​មាត្រា​៤៩៤​ មាត្រា​៤៩៥​ និង​មាត្រា​៣០៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

បច្ចុប្បន្ន​លោក​ គឹម​ សុខ​ ដែលកំពុងត្រូវបានឃុំខ្លួន នៅពន្ធនាគារព្រៃស ហើយបរាជ័យក្នុងការស្នើសុំនៅក្រៅឃុំជាបន្តបន្ទាប់នោះ កំពុងនៅ​ជាប់​បណ្តឹង​មួយ​ទៀត​ ដែល​ប្តឹង​ដោយ​មេធាវីសម្តេច​តេជោ​ ដូច​គ្នា​ គឺ​ពាក់ព័ន្ធ​ករណីលោក​ គឹម​ សុខ​ បាន​ចោទប្រកាន់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស​ រួច​រក​ឃាតក​មិន​ដែល​ឃើញ​៕