(សៀមរាប)៖ ក្នុងចំណោមផែនការយុទ្ធសាស្រ្តចម្បងៗទាំង​ ៧ចំណុច ដែលក្រសួងទេសចរណ៍បានដាក់ចេញសម្រាប់ឲ្យសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាសាកលវិទ្យាល័យនានាអនុវត្តតាមនោះ មានផែនការមួយ ដែលបានតម្រូវឲ្យគ្រឹះស្ថានអប់រំទាំងនោះ ត្រូវបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ដល់សិស្សនិស្សិត ឲ្យស្របតាមកម្មវិធីសិក្សារបស់អាស៊ាន ហើយក្រសួងទេសចរណ៍ខ្លួនឯង ក៏ជាអ្នកចាំផ្ដល់ជាជំនួយបច្ចេកទេសផងដែរ។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ជំនាញវិជ្ជាជី​​វៈ​ទេសចរណ៍អាស៊ាន និងការវាយតម្លៃការសិក្សាពីមុនរបស់អ្នកជំនាញទេសចរណ៍ នៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា ផែនការយុទ្ធសាស្រ្តទាំង៧ចំណុច ដែលក្រសួងបានប្រកាសដាក់ចេញនោះ រួមមាន៖

១៖ ជំរុញវាយតម្លៃសិស្សានុ​សិស្ស​​ដែលបានបញ្ចប់វគ្គសិក្សាពីមុន នៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយ ប្រ៊ូល ឱ្យទទួលបាន​វិញ្ញាបនបត្រវិជ្ជាជីវៈ​ទេសចរណ៍​​​​កម្រិតអាស៊ាន។

២៖ ជំរុញការបណ្តុះបណ្តាលកម្រិតសញ្ញាបត្រវិជ្ជាជីវៈអាស៊ាន (ASEAN Diploma) នៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយ ប្រ៊ូល។

៣៖ ស្នើឱ្យ​​សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ សាកលវិទ្យា​ល័យ​​​នានារៀបចំ​ និង​ដាក់ចុះ​កម្មវិធីសិក្សាវិជ្ជាជីវៈទេសចរណ៍ ​ស្របតាមកម្មវិធីសិក្សាអាស៊ាន ហើយក្រសួង​ទេសចរណ៍​​​រង់ចាំផ្តល់ជំនួយបច្ចេកទេសនានា។

៤៖ ស្នើឱ្យប្រតិបត្តិករសេវាកម្មសណ្ឋាគារទាំងអស់ ជំរុញការបណ្តុះបណ្តាលខាងក្នុង (In-House Training) ដល់បុគ្គលិករបស់ខ្លួនបន្ថែមទៀត ដោយប្រើប្រាស់ស្តង់ដាសមត្ថភាពអាស៊ាន ដើម្បីលើកទឹកចិត្តបុគ្គលិករបស់ខ្លួនឱ្យមានការទទួលស្គាល់កម្រិតអាស៊ាន ក៏ដូចជា​ពង្រឹងគុណភាពសេវាកម្មទេសចរណ៍កាន់តែប្រសើរឡើង។

៥៖ ស្នើឱ្យសមាគមធនធានមនុស្សសណ្ឋាគារ ខេត្តសៀមរាប (HR Club) បន្ត​កិច្ចសហ​ប្រតិ​បត្តិការក្នុងទម្រង់ដៃគូររដ្ឋ-ឯកជន (PPP) ក្នុងការជំរុញការបណ្តុះបណ្តាល​ធនធាន​មនុស្ស ក្នុងវិស័យទេសចរណ៍ សំដៅរក្សាបានមូលធនមនុស្សដែលមានសមត្ថ​ភាព​ឱ្យ​បម្រើការងារ ក្នុងវិស័យទេសចរណ៍កាន់តែយូរ។

៦៖​ ស្នើឱ្យវិទ្យាស្ថានបច្ចេកទេសភូមិភាគតេជោ ហ៊ុន សែន សៀមរាប ជំរុញការបណ្តុះបណ្តាលរបស់ខ្លួន​ ស្របតាមគុណវុឌ្ឍិអាស៊ាន ដោយក្រសួងទេសចរណ៍សហការផ្តល់នូវជំនួយបច្ចេកទេស​ផ្សេងៗ។

៧. ស្នើឱ្យអ្នកជំនាញទេសចរណ៍ទាំង​អស់ ដែលកំពុងបម្រើការងារក្នុងសេវាកម្ម​សណ្ឋាគារ ដែលពុំទាន់មានការទទួលស្គាល់កម្រិតគុណវិឌ្ឍិជាក់លាក់ មកដាក់ពាក្យស្នើសុំការវាយ​តម្លៃការសិក្សាពីមុន (RPL) នៅសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូល ឌុយ ប្រ៊ូល ចាប់ពីខែកញ្ញា ឆ្នាំ២០១៧ នេះតទៅ។

លោក ប៉ាក់ សុខុម បានបន្តថា បច្ចុប្បន្ន វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជា «មាសបៃតង និង​ជាការនាំចេញ​នៅ​នឹង​កន្លែង» ដោយបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម តាម​រយៈ​ការបង្កើនប្រាក់ចំណូលជូន​ជាតិ បង្កើត​ការងារ​ ជំរុញ​ការ​វិនិយោគ និងចូលរួម​កាត់បន្ថយ​ភាពក្រីក្ររបស់​ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ដោយឈរលើគោលការណ៍នៃការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនិរន្តភាព និងការ​ទទួលខុសត្រូវ ទេសចរណ៍កម្ពុជាមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងកាលពីឆ្នាំ២០១៦ កម្ពុជា​ទទួលបានទេសចរអន្តរជាតិជាង ៥លាននាក់ ក្នុងកំណើន ៥% នាំចំណូលចូលជាតិប្រមាណ ៣,៤០០លានដុល្លារ ស្មើនឹង ១៣.៥% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបានបង្កើតការងារផ្ទាល់ប្រមាណ ៦២ម៉ឺននាក់ ស្មើនឹង ១៣% នៃការងារ​សរុប។

៥ខែដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ២.២៨លាននាក់ កើនឡើង ១២.៥% ធៀបនឹងឆ្នាំ២០១៦។ ជាចក្ខុវិស័យឆ្នាំ២០២០ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នាំចំណូល​​ចូល​ជាតិ​ប្រមាណ ៥ពាន់លានដុល្លារ និងបង្កើត​ការងារ​​ផ្ទាល់​ជិត ១លាននាក់៕