(កំពង់ធំ)៖ បន្ទាប់ពីតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ នៅរដ្ឋធានីក្រាកូវ សាធារណរដ្ឋប៉ូឡូញរួចមក ប្រជាពលរដ្ឋកម្ពុជាមានការអបអរសាទរយ៉ាងខ្លាំង ចំពោះមោទនភាពដ៏ច្រេះច្រចង់មិនអាចកាត់ថ្លៃបាននេះ  ជាមួយរាជរដ្ឋាភិបាលរបស់ខ្លន។

ទន្ទឹមនឹងសេចក្ដីសាទរសប្បាយរីករាយឥតឧបមានេះ រាជរដ្ឋាភិបាលក៏បានខិតខំធ្វើគ្រប់វិធី ដើម្បីផ្សព្វផ្សាយអំពីតំបន់បេតិកភណ្ឌដ៏ធំមួយនេះ ទៅកាន់ពិភពលោក និងទីផ្សារទេសចរណ៍នានាផងដែរ។

ស្របទៅនឹងនិន្ននាការនេះ លោក កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា រួមជាមួយលោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូធ្វើដំណើរទស្សនកិច្ចនៅតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយទៅដល់ពិភពលោកស្គាល់កាន់តែច្បាស់ ពីតំបន់បេតិកភណ្ឌចំកណ្ដាលប្រទេសកម្ពុជាមួយនេះ សំដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យទៅទស្សនាកាន់តែច្រើនឡើង។

តំបន់ប្រាសាទសំបូរព្រៃគុក មានបណ្ដោយ៦គីឡូម៉ែត្រ (ពីជើងទៅត្បូង) និងទទឹង៤គីឡូម៉ែត្រ (ពីលិចទៅកើត) ជារាជធានីខ្មែរបុរាណនាសម័យចេនឡា (ចេនឡាទឹក) ដែលមានឈ្មោះថា «ឥសានបុរៈ» ស្ថាបនាឡើងនាអំឡុងសតវត្សទី៧ ក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ បច្ចុប្បន្ន មានទីតាំងស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

តាមការរុករកស្រាវជ្រាវពីមុនរហូតមកពេលបច្ចុប្បន្ន គេបានរកឃើញប្រាង្គប្រាសាទចំនួន ២៩៧ប្រាង្គ ចែកចេញជាច្រើនក្រុម ដូចជា ក្រុមប្រាសាទសំបូរ ក្រុមប្រាសាទតោ ក្រុមប្រាសាទយាយព័ន្ធ ក្រុមប្រាសាទក្រោលរមាស ក្រុមប្រាសាទស្រីគ្រប់លក្ខណ៍ ប៉ុន្តែក្រុមប្រាសាទដែលសំខាន់ និងមានភ្ញៀវចូលទស្សនាច្រើនជាងគេ មានតែ៣ក្រុមទេ គឺក្រុមប្រាសាទសំបូរ ក្រុមប្រាសាទតោ និងក្រុមប្រាសាទយាយព័ន្ធ។

ខាងក្រោមនេះ ជាកម្រងរូបភាពនៃប្រាង្គប្រាសាទ និងទិដ្ឋភាពមួយចំនួន ក្នុងតំបន់ប្រាសាទសំបូរព្រៃគុក៖