(ភ្នំពេញ)៖ បន្ទាប់ពីប្រជុំថ្នាក់កំពូល នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ គណបក្សសង្រ្គោះជាតិ បានសម្រេចជាផ្លូវការនូវការដករូប លោក សម រង្ស៊ី និង លោក កឹម សុខា ចេញពីស្លាកសញ្ញាគណបក្សរបស់ខ្លួន ហើយជំនួសមកវិញនូវពាក្យស្លោកមួយថា «រួមគ្នាដើម្បីសង្រ្គោះជាតិយើង»។

លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានថ្លែងឱ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំនេះ គណបក្សសង្រ្គោះជាតិ បានសម្រេចប្រគល់ភារកិច្ចឱ្យ គណបក្សរបស់ខ្លួននៅតាមរាជធានី-ខេត្ត អនុវត្តក្នុងការផ្លាស់ប្តូរស្លាក ដែលធ្វើយ៉ាងណាឱ្យកិច្ចការនេះបានបញ្ចប់ នៅដំណាច់ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ។

លោកបានពន្យល់ថា គណបក្សបានសម្រេចដករូប លោក សម រង្ស៊ី ចាប់ដៃជាមួយ លោក​ កឹម សុខា ចេញពីស្លាកគណបក្សរបស់ខ្លួនទាំងអស់ ហើយជំនួសវិញ ដោយពាក្យស្លោកថា «រួមគ្នាដើម្បីសង្រ្គោះជាតិយើង»។ ទោះជាងយ៉ាង លោកអះអាងថា នៅក្នុងការផ្លាស់ប្តូរស្លាកថ្មីនេះ មិនត្រូវការចំណាយច្រើននោះទេ ហើយគណបក្សក៏មិនបានកំណត់ច្បាស់លាស់នៅឡើយ អំពីទំហំនៃការចំណាយផ្លាស់ប្តូរស្លាកនេះ។

សូមបញ្ជាក់ថា ការរៀបចំផ្លាស់ប្តូរស្លាកគណបក្សសង្រ្គោះជាតិ ដែលមានរូប លោក សម រង្ស៊ី នេះធ្វើឡើងស្របពេល ដែលច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានរៀបចំធ្វើវិសោធនកម្មជាថ្មីម្តងទៀត។

ច្បាប់ថ្មីនេះត្រូវបានកែប្រែចំនួន ៥មាត្រា ក្នុងនោះមាត្រា ៦ថ្មី(ពីរ) មាត្រា១១(ថ្មី) មាត្រា៤៤ថ្មី(ពីរ) មាត្រា៤៥ថ្មី(ស្ទួន) និងមាត្រា៤៨ថ្មី (សួន) ជាដើម។ មាត្រា៦ ថ្មី(ពីរ) បានកំណត់ថា គណបក្សនយោបាយមិនត្រូវឃុបឃិត ឬប្រើប្រាស់សារជាសំឡេង រូបភាពឯកសារជា លាយលក្ខណ៍អក្សរ ឬសកម្មភាព របស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ។

ដោយឡែក មាត្រា៤៨ថ្មី (សួន) ក៏បានកំណត់មិនអនុញ្ញាតឱ្យ គណបក្សនយោបាយណា មានឈ្មោះ ឬរូបរបស់រូបវ័ន្តបុគ្គលផងដែរ។

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាធម្មនុញ្ញក៏បានចេញសេចក្តីសម្រេចមួយ ដោយទទួលស្គាល់ចំពោះសេចក្តីស្នើ វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយថា ស្របតាមរដ្ឋធម្មនុញ្ញផងដែរ។ ច្បាប់នេះ រង់ចាំប្រកាសឱ្យប្រើប្រាស់តែប៉ុណ្ណោះ៕