(រតនគិរី)៖ ស្របពេលដែលការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៦-២០១៧ ជិតឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ លោក ថង សាវុន អភិបាលខេត្តរតនគិរី បាន​ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលបង្រៀន និងរៀនវគ្គបំប៉ន សម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង​២១ សីហា ២០១៧​។

អភិបាលខេត្តរតនគិរី បានសម្តែងនូវការកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា អប់រំទាំងអស់ ដែលខិតខំយកអស់កម្លាំងកាយ ចិត្ត និងប្រាជ្ញា ក្នុងការបណ្តុះបណ្តាលអប់រំសិស្សានុសិស្សអស់រយៈពេលកន្លងមកនេះ ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ​។ ជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូ បានស្ម័គ្រចិត្ត និងលះបង់ខ្ពស់ ចូលរួមបង្រៀនបំប៉នជូនដល់​សិស្សានុសិស្ស ដែលត្រៀមប្រឡងថ្នាក់ទី១២ ទាំងអស់​ដើម្បីឲ្យពួកគេទទួលបានចំណេះដឹងបន្ថែមទៀត ដើម្បីឲ្យការប្រឡងរបស់ពួកគេទទួលបានលទ្ធផលល្អប្រសើរ​។

ដោយឡែកចំពោះ​សិស្សានុសិស្ស សូមខិតខំក្រេបយកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ និងខិតខំស្វ័យសិក្សាដោយខ្លួនឯងបន្ថែមទៀត ព្រោះក្រសួងអប់រំនៅតែបន្តរឹតបន្តឹងដដែល ដោយផ្អែកលើគោលការណ៍០៤ គឺច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន។

លោក ថង សាវុន បានលើកឡើងថា «ការខិតខំប្រឹងប្រែងរបស់ប្អូនៗ ក្មួយៗ គឺដើម្បីអនាគត និងកិត្តិយសសម្រាប់ខ្លួនឯងផង សម្រាប់ក្រុមគ្រួសារផង និងសម្រាប់សង្គមជាតិផង​។ ដូចនេះត្រូវខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ដើម្បីឲ្យលទ្ធផលប្រឡងរបស់ប្អូនៗ ក្មួយៗ ទទួលបានលទ្ធផលល្អប្រសើរ និងក្លាយខ្លួនទៅជាទំពាំងស្នងឬស្សី និងជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ»

ដើម្បីឆ្លើយតប ជាមួយការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត យុវសិស្ស​បានប្តេជ្ញាចិត្តថា នឹងខិតខំអស់ពីលទ្ធភាពក្នុងការប្រឡងយកឲ្យបាននិទ្ទេសល្អ ដើម្បីជាការតបស្នង​។

សូមបញ្ជាក់ថា ឆ្នាំ២០១៧នេះ នៅខេត្តរតនគិរី មានបេក្ខជនត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន ៨៩៧​នាក់ មកពីវិទ្យាល័យចំនួន​០៥​ក្នុងខេត្ត ហើយសិស្សានុសិស្សទាំងអស់ ត្រូវបានទទួលវគ្គបំប៉នសមត្ថភាពដោយឥតគិតថ្លៃ ក្រោមការរៀបចំ និងទំនុបបំរុងពី​អភិបាលខេត្ត នៅតាមវិទ្យាល័យនីមួយៗ៕