(កណ្តាល)៖ លោកតា លោកយាយ៣នាក់ ដែលគ្មានទីពឹងពាក់ស្នាក់អាស្រ័យ ត្រូវបានក្រុមអ្នកសាព័ត៌មានមកពីស្ថាប័នផ្សេងៗ ប្រចាំខេត្តកណ្តាល សហការជាមួយអាជ្ញាធរ ក្រុងតាខ្មៅ នាំអំណោយសប្បុរជនជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ទៅចែកជូន នៅសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ នៅក្នុងសង្កាត់ក្រពើហា ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក សេង ឡុង អ្នកយកព័ត៌មានរបស់អង្គភាព Fresh News ប្រចាំនៅខេត្តកណ្តាល បានឲ្យដឹងថា អំណោយដែលនាំយកទៅប្រគល់ជូន ដល់លោកតាលោកយាយទាំង៣នាក់ នោះមានគ្រឿងឧភោគបរិភោគមួយចំនួន និងថវិកា២០៤០០០០រៀល នាំយកទៅចែកជូនទី១៖ លោកតា បឿន ផយ អាយុ៨៥ឆ្នាំ ទី២៖ លោកយាយ លឿង ឡាយ អាយុ៩៨ឆ្នាំ និងទី៣៖ លោកយាយ សឿង សយ អាយុ៨៨ឆ្នាំ ដែលលោកទាំង៣នាក់ កំពុងស្នាក់នៅក្នុងវត្តប្រជុំនន្ទី ហៅវត្តក្រពើហា ដែលស្ថិតនៅក្នុងភូមិក្រពើហាលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក សេង ឡុង បានបន្តថា អំណោយទាំងនេះ បានមកពីសប្បុរជននានាចូលរួមតាមរយៈ ក្រុមសារព័ត៌មាន ដើម្បីលោកបានាំយកឧបត្ថម្ភជូនលោកតា លោកយាយទាំង៣នាក់ ដោយមានការអញ្ជើញចូលរួមពីលោក ហេង ធៀម អភិបាល នៃគណៈអភិបាលក្រុងតាខ្មៅផងដែរ។

សប្បុរជនដែលចូលរួមមានបរិច្ចាគអំណោយរួមមាន៖ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ថវិកាចំនួន១លានរៀល, លោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ថវិកាចំនួន២០ម៉ឺនរៀល, លោក ឈឿន ប៊ុនឆន អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ ថវិកាចំនួន២០ម៉ឺនរៀល, លោក ងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកណ្តាល ថវិកាចំនួន៨ម៉ឺនរៀល, លោក ឡេង ជីន អាជីវករថវិកា២០ម៉ឺនរៀល, លោក ហេង ធៀម អភិបាលក្រុងតាខ្មៅ អង្ករ៥០គីឡូក្រាម ត្រីខ២យួរ ទឹកបរិសុទ្ធ១កេស, លោក ស៊ិន សាវ៉េត នាយប៉ុស្តិ៍នគរបាលព្រែកឬស្សីថវិកា៣ម៉ឺនរៀល, លោក ឡេង គឹមស្រុង ថវិកា១០ម៉ឺនរៀល, លោក ពុជ វណ្ណៈ បុគ្គលិកទូរទស្សន៍ហង្សមាសប្រចាំខេត្តកណ្តាល ថវិកា៤ម៉ឺនរៀល, លោក ទុយ សារ៉ាយ ទូរទស្សន៍ប៉ុស្តិ៍លេខ៩ ថវិកា៨ម៉ឺនរៀល, លោក ធឿន វុទ្ធី ទូរទស្សន៍ប៉ុស្តិ៍លេខ៨ ថវិកា២ម៉ឺនរៀល, លោកចាន់ មុនី កាសែតកម្ពុជាថ្មី ថវិកា២ម៉ឺនរៀល, លោក ឈឺន ធា កាសែតកោះសន្តិភាពថវិកា២ម៉ឺនរៀល, លោក ខាត់ សុខឿន ទូរទស្សន៍អប្សរា ថវិកា២ម៉ឺនរៀល, លោក ចាន់ ថន កាសែតរស្មីកម្ពុជាខេត្តព្រៃវែង ថវិកា៣ម៉ឺនរៀល។

លោកតា និងលោកយាយទាំង៣នាក់ ជាជនចាស់ជរាគ្មានកូនចៅឥតទីពឹង និងស្នាក់នៅក្នុងវត្តក្រពើហារ ហើយមិនអាចដើររួចថែមទៀតផង ជាពិសេសគឺលោកតា បឿន ផយ គឺត្រូវបានក្មួយដឹកយកទៅទម្លាក់ចោល នៅក្រោមស្ពានព្រែកសំរោង កាលពីចុងខែមករា ឆ្នាំ២០១៧ កន្លងទៅ ហើយត្រូវបានព្រះសង្ឃនាំយកមកមើលថែរហូតមក៕