(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋចំនួន២៥គ្រួសារដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន «រតនាវិសាល អភិវឌ្ឍន៍ដំណាំដាំឡូងមី» ត្រង់ចំណុចភ្នំស្រង់ ឃុំអន្លង់ត្នោត នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ ត្រូវបានលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ចុះទៅសម្របសម្រួល និងដោះស្រាយជម្រះមន្ទឹលសង្ស័យ បានជ្រះស្រឡះ ដែលកន្លងមក អាជ្ញាធរខេត្តធ្លាប់បានសុំគោលការណ៍ពីរាជរដ្ឋាភិបាល កាត់ដីពីក្រុមហ៊ុនចែកជូនម្តងរួចមកហើយ។

កិច្ចដំណោះស្រាយបញ្ចប់ទំនាស់នេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំឃុំត្នោតជុំ ស្រុកក្រគរ ដោយបានការចូលរួមពីលោក ប៊ិន វណ្ណា អភិបាលស្រុក អាជ្ញាធរឃុំ ភូមិ តំណាងក្រុមហ៊ុន និងប្រជាពលរដ្ឋជាភាគីទំនាស់យ៉ាងច្រើនកុះករ។

នៅចំពោះមុខប្រជាពលរដ្ឋនាឱកាសនោះ លោក ម៉ៅ ធនិន បានថ្លែងថា ការចុះដោះស្រាយទំនាស់នេះ គឺជាលក្ខណៈគ្រួសារ មិនមែនលោកយកអំណាចរដ្ឋមកប្រើនោះទេ ហើយថ្ងៃនេះ គឺជាពេលវេលាមួយ ដែលត្រូវដោះស្រាយជម្រះមន្ទឹល ពាក់ព័ន្ធនឹងទំនាស់ដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រះស្រឡះផងដែរ។

លោកបានលើកឡើងថា កន្លងមកអាជ្ញាធរខេត្ត បានសុំគោលការណ៍ពីរាជរដ្ឋាភិបាល កាត់ដីពីក្រុមហ៊ុនរតនាវិសាល ចំនួន៨២,២៨ហិកតា រួចមកហើយ ដើម្បីដោះស្រាយ បែងចែកជូនប្រជាពលរដ្ឋទាំង២៥គ្រួសារ តែដោយប្រជាពលរដ្ឋខ្វះខាតពិតប្រាកដ បានស្នើសុំ និងប្រើប្រាស់ដីជាក់ស្តែងនោះ លោកបានស្នើឲ្យក្រុមហ៊ុនបន្ថែមដី ៧,៥ហិកតាទៀត ដើម្បីបញ្ចប់ទំនាស់នេះចាប់ពីពេលនេះតទៅ។

ជាមួយគ្នានោះ ក្នុងចំណោមដីទាំង៧,៥ហិកតា លោកបានប្រាប់ឲ្យប្រជាពលរដ្ឋសហការ រក្សាទុកដី១,៥ហិកតា សម្រាប់ទុកប្រើប្រាស់ជាប្រយោជន៍រួមផងដែរ។ លោកបានបញ្ជាក់ថា «សព្វថ្ងៃនេះរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយអនុគ្រោះ ដោយបញ្ឈប់ និងលើកលែង ការយកពន្ធប្រថាប់ត្រាលើការ ផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ដល់អ្នកជាប់សាច់ញាតិបង្កើត ក៏ដូចជា តម្លៃសេវាផ្សេងៗទៀត...ដូច្នេះបើបងប្អូនបានប័ណ្ណកម្មសិទ្ធិហើយ ត្រូវចេះថែរក្សាការពារកុំឲ្យបាត់បង់ និងត្រូវចេះដាំដុះ បង្កបង្កើនផលនៅលើដីនោះឲ្យអស់លទ្ធភាព ដើម្បីបង្កើនជីវភាពគ្រួសារ»

ប្រជាពលរដ្ឋទាំង២៥គ្រួសារ បានសម្តែងនូវការសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ របស់លោកអភិបាលខេត្ត ក៏ដូចជាមេគ្រួសាររបស់ពួកគេ ដែលបានចំណាត់ការដោះស្រាយជម្រះមន្ទឹល ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃខាងលើនេះ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ព្រមទាំងប្តេជ្ញាចិត្តថា នឹងគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជារៀងរហូត។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានចុះដោះស្រាយបញ្ហាជន់លេច នៃការកកស្ទះប្រព័ន្ធលូបង្ហូរទឹក ក្នុងភូមិសំរោង និងភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ទៅតាមសំណើរបស់ប្រជាពលរដ្ឋ និងបន្តចុះសំណេះសំណាល ជាមួយអាជីវករផ្សារសាមគ្គីក្រគរ ព្រមទាំងបានជូនអំណោយជាថវិកាមួយចំនួន ជូនដល់លោកយាយចាស់ៗ ដែលបានយកផលិតផលបន្លែ បង្ការ បន្តិចបន្តួចមកលក់ដូរ និងផ្តល់ស្បៀងជូនដល់ជនចាស់ជរា គ្រួសារក្រីក្រ ក្មេងកំព្រា និងបងប្អូនក្រុមគ្រួសារម៉ូតូឌុប ដែលដាច់ពេលពិតប្រាកដ នៅសាលាខេត្តពោធិ៍សាត់ផងដែរ៕