(សៀមរាប)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយថៃ ដែលមានលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក Kulit Sombatsiri អគ្គនាយក នៃរដ្ឋបាលគយថៃ ជាសហប្រធាន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ នៃរដ្ឋបាលគយទាំង២ និងថ្នាក់ដឹកនាំអង្គភាពគយមូលដ្ឋាន ដែលមានភូមិសាស្ត្រតាមតំបន់ច្រកទ្វារព្រំដែន កម្ពុជា-ថៃ។

លោក គុណ ញឹម បានលើកឡើងពីគោលបំណង ក្នុងការរៀបចំកិច្ចប្រជុំនេះឡើង គឺដើម្បីពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយ នៃប្រទេសទាំង២។ លោកបន្ថែមថា វាក៏ជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអង្គភាពគយមូលដ្ឋាន ដែលមានភូមិសាស្ត្រតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ពិភាក្សា និងស្វែងរកនូវយន្តការនានា ក្នុងការសម្របសម្រួល គ្រប់គ្រងលំហូរទំនិញឆ្លងកាត់ និងបង្ក្រាបបទល្មើសគយនានា ឈានដល់ការលើកកម្ពស់ប្រសិទ្ធភាពការងារគយនៅតាមមាត់ច្រក។

កិច្ចប្រជុំនេះក៏បានសម្រេចបានលទ្ធផលសំខាន់ៗ មានដូចខាងក្រោម៖
* បានឯកភាពលើបញ្ជីទំនិញជាមុខសញ្ញាសម្រាប់ការតាមដាន និងកំណត់មាត់ច្រកដែលអនុញ្ញាតចឲ្យរាចរទំនិញទាំងនោះឆ្លងកាត់ពីប្រទេសទី៣ ហើយភាគីកម្ពុជានឹងរៀបចំបញ្ជីឈ្មោះក្រុមហ៊ុន ដែលប្រកបអាជីវកម្មដឹកជញ្ជូនទំនិញឆ្លងកាត់ ដើម្បីផ្ដល់ឲ្យភាគីថៃ
* ពាក់ព័ន្ធនឹងផលប៉ះពាល់នៃច្បាប់គយថ្មី របស់ប្រទេសថៃដែលនឹងចូលជាធរមាននាខែវិច្ឆិកា ឆ្នាំ២០១៧​ខាងមុខនេះ ភាគីទាំង២ បានឯកភាពបន្តចូលរួមសហការជាមួយក្រសួងស្ថាប័នមានសមត្ថកិច្ច ដើម្បីផ្ដល់ធាតុចូលក្នុងការកសាង MOU លើការដឹកទំនិញឆ្លងកាត់តាមផ្លូវគោក ដែលត្រូវបានព្រាងដោយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងដើម្បីសម្រួល និងដោះស្រាយបញ្ហាដឹកជញ្ជូនឆ្លងកាត់ផ្លូវគោក ដែលជាផលប្រយោជន៍រួមនៃប្រទេសទាំង២ ជាពិសេសការសម្រួលដល់កសិផលកម្ពុជានាំចេញទៅប្រទេសទី៣ ឆ្លងកាត់ទឹកដីប្រទេសថៃ
* បានឯកភាព និងកំណត់នូវប្រភេទព័ត៌មាន យន្តការ និងចំណុចទំនាក់ទំនងនៃការផ្លាស់ប្ដូរព័ត៌មាន
* បានឯកភាពបន្តរៀបចំកិច្ចប្រជុំទ្វេភាគីនេះ ជាប្រចាំដើម្បីតាមដានវឌ្ឍនភាពការងារ ហើយនឹងគ្រោងរៀបចំកិច្ចប្រជុំលើកក្រោយនៅប្រទេសថៃ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៨
* តបតាមការស្នើសុំរបស់ភាគីកម្ពុជា ភាគីថៃ បានឯកភាពនឹងរៀបចំទស្សនកិច្ចសិក្សានៅមាត់ច្រក Sadao-Padang Besar ដល់ភាគីកម្ពុជា ក្នុងអំឡុងខែតុលា ឆ្នាំ២០១៧ ដើម្បីឲ្យភាគីកម្ពុជាអាចដកស្រង់បទពិសោធន៍ ក្នុងការអនុវត្តល្អបំផុតរបស់ថៃ ក្នុងការអនុវត្តនីតិវិធីគយនៅស្ថានីយ៍រថភ្លើង ជាពិសេសយន្តការត្រួតពិនិត្យតែមួយលើក
* ពាក់ព័ន្ធនឹងការនាំចេញផលិតផលកសិកម្ម ពីប្រទេសកម្ពុជាទៅប្រទេសថៃ ភាគីថៃបានជម្រាបភាគីកម្ពុជាថា ការនាំចូលកសិផលមួយចំនួន ទៅកាន់ប្រទេសថៃតម្រូវឲ្យមានវិញ្ញាបនប័ត្រភូតគាមអនាម័យ និងវិញ្ញាបនប័ត្រដើមកំណើតទំនិញ
* ភាគីទាំងពីរបានចុះហត្ថលេខាលើរបាយការណ៍នៃកិច្ចប្រជុំ ដែលជាឯកសារមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត៕