(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា តំណាងឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទចំនួន៨៧ ដែលកំពុងធ្វើប្រតិបត្តិការនៅគ្រប់រាជធានី-ខេត្ត បានចេញសេចក្ដីជូនដំណឹងមួយ ដោយបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការគោរពតាមសេចក្ដីណែនាំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តន៍ប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។

ការចេញមកបង្ហាញឆន្ទៈ របស់សមាគមមីក្រូហិរញ្ញវត្ថុនៅពេលនេះ ត្រូវបានគេដឹងថា ធ្វើឡើងដើម្បីឆ្លើយតបនឹងជនមួយចំនួន ​ដែលដើរឃោសនាថា នៅពេលដែលពួកគេឈ្នះឆ្នោត និងលុបបំណុលពីប្រជាពលរដ្ឋចោល ដើម្បីទាក់ទាញប្រជាប្រិយភាព ជូនគណបក្សរបស់ពួកគេ។

នៅក្នុងសេចក្ដីជូនដំណឹង របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញគោលការណ៍៤ ក្នុងការចូលរួមជាមួយ រាជរដ្ឋាភិបាល​ ដែល​គោលការណ៍ទាំង៤នេះ មានដូចខាងក្រោម៖

១៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកកម្ពស់ការអនុវត្ត ក្រមស្ដីពីការផ្ដល់ឥណទាន ប្រកបដោយសមធម៌ ក្នុងគោលបំណង​បំពេញ បន្ថែមនូវប្រតិបត្តិការប្រកដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ របស់គ្រឹះស្ថានជាសមាជិក ជាពិសេសចូលរួមអនុវត្តតាមច្បាប់ បទប្បញ្ញត្តិ សេចក្ដីណែនាំ និងគោលនយោបាយនានា ដែលដាក់ចេញដោយរដ្ឋាភិបាល សំដៅជម្រុញបរិយាប័ន្ទហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

២៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ មិនអាចទទួលយកនូវ អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ដែល​ជាប្រភេទលិខិតយថាភូត ចេញដោយអាជ្ញាធរ មានសមត្ថកិច្ចសម្រាប់បញ្ជាក់អត្តសញ្ញាបុគ្គល) សម្រាប់ជាវត្ថុធានា ក្នុងការផ្ដល់ឥណទាននោះឡើយ។

៣៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ជាគ្រឹះស្ថានឯកជនសុទ្ធសាធ និងធ្វើប្រតិបត្តិការសំដៅ ទទួលបានប្រាក់ចំណេញ ហើយអតិថិជន​ដែលទទួលបានប្រាក់កម្ចី ត្រូវមានកាតព្វកិច្ចសងត្រឡប់ តាមកិច្ចសន្យាកំណត់។

៤៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាស្ថាប័នពាណិជ្ជកម្ម និងមិនមែនជាអង្គភាពនយោបាយនោះទេ។ បុគ្គលិកនៃគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​មិនអាចប្រើប្រាស់ស្ថាកសញ្ញានានា របស់គ្រឹះស្ថាន ទផ្នែកណាមួយនៃប្រតិបត្តិការ ផ្ដល់សេវាមូលដ្ឋានក្នុងការ ចូលរួម​សកម្មភាព ឬ​ការឃោសនានយោបាយនោះឡើយ។ បុគ្គលិកដែលត្រូវបានរកឃើញថា បានប្រព្រឹត្តល្មើសនឹងគោលការណ៍នេះ នឹងទទួលពិន័យធ្ងន់ធរបំផុត៕