(ព្រះវិហារ)៖ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ កម្ពស់ទឹកស្ទឹងសែន នៅក្រុងព្រះវិហារ បានកើនឡើងជាបន្តបន្ទាប់ រហូតមានកម្ពស់ដល់១២,១៦ម៉ែត្រ គឺលើសពីកម្រិតប្រកាសអាសន្ន ដែលមានកម្ពស់១១,៥០ម៉ែត្រ។

ប្រឈមនឹងគ្រោះធម្មជាតិមួយនេះ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានប្រាប់ទៅអភិបាលស្រុក ក្រុងទាំង៨ ត្រូវចុះពិនិត្យ និងកំណត់ទីតាំងទួលសុវត្ថិភាពជាបន្ទាន់ ព្រមទាំងមានវិធានការណ៍ជាក់ស្តែង ដើម្បីជម្លៀសប្អូនប្រជាពរលរដ្ឋ កុំឲ្យមានគ្រោះថ្នាក់ដោយ ប្រការណាមួយ និងផ្តល់របាយការណ៍មកឲ្យរដ្ឋបាលសាលាខេត្ត ជារៀងរាលថ្ងៃ ចាប់ពីថ្ងៃនេះតទៅ។

យោងតាមលិខិតប្រាប់ទៅអភិបាល ស្រុក ក្រុងទាំង៨ លោក អ៊ុន ចាន់ដា បានណែនាំកត្តា៣សំខាន់ៗរួមមានទី១៖ ចំនួនទីតាំងទួលសុវត្ថិភាព​ដែលបានត្រៀម និងទីទួលបានជម្លៀសប្រជាពលរដ្ឋចូល ទី២៖ ចំនួនគ្រួសារដែលបានជម្លៀសមកកាន់ទួលសុវត្ថិភាព និងទី៣៖ ចំនួនផលប៉ះពាល់ និងរងការខូចខាតពីការលិចលង់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃនេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ប្រាប់ដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសអ្នករស់នៅតាមបណ្តាយដងស្ទឹងសែន មេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលសុវត្ថិភាពដែលនៅជិត ចៀសគ្រោះថ្នាក់ផ្សេងៗដែលើកើតឡើង។

រដ្ឋបាលសាលខេត្ត ក៏អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលជួបគ្រោះធម្មជាតិមួយនេះ សូមរាយការណ៍ជូនអាជ្ញាធរតាំងពីថ្នាក់ឃុំ រហូតដល់ថ្នាក់ខេត្ត ដើម្បីមានវិធានការណ៍ ជួយសង្រ្គោះទាន់ពេលវេលា។

បន្ថែមពីលើសេចក្តីប្រកាសរបស់ខ្លួន នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ លោក អ៊ុន ចាន់ដា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលលំនៅដ្ឋានរងការលិចលង់ ដោយទឹកជំនន់ សូមធ្វើការប្រុងប្រយត្ន័ចំពោះកូនចៅតូចៗ កុំឲ្យចុះលេងទឹកផ្តេសផ្តាស ប្រយត្ន័មានគ្រោះថ្នាក់ ហើយអជ្ញាធរខេត្ត បានត្រៀមកាណូត៤គ្រឿង ព្រមទាំងស្បៀងអារហារមួយចំនួន សំរាប់សង្រ្គោះប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់គ្រប់ទីកន្លែងក្នុងខេត្ត ធ្វើឲ្យទឹកស្ទឹងសែនឡើងកម្ពស់១២,២៦ម៉ែត្រ លើកម្ពស់ត្រៀមបង្ការ១១,៥០ម៉ែត្រ។

នៅយប់មិញមានភ្លៀងធ្លាក់ខ្លាំងគ្រប់ក្រុងស្រុក ជាពិសេសនៅតាមជួរភ្នំដងរ៉ែក ភ្នំត្បែង និងព្រៃព្រះរការ ធ្វើឲ្យមានជំនន់ទឹកភ្លៀងប៉ះពាល់ដល់ស្រុកចំនួន៣គឺ ស្រុកជាំក្សាន្ត ធ្វើឲ្យទឹកហូរកាត់ផ្លូវលំប្រវែង៣០០ម៉ែត្រ និងលិចផលដំណាំ៧០ហិកតា។

ស្រុកគូលែន ទឹកហូកាត់ផ្លូវជាតិលេខ៦២ប្រមាណ៥០ម៉ែត្រ ធ្វើឲ្យប៉ះពាល់សត្វពាហនៈ និងស្រូវក្នុងជង្រុករបស់ប្រជាពលរដ្ឋប្រមាណ២៥គ្រួសារ តែមកដល់ពេលនេះទឹកបានស្រកអស់។

ស្រុកឆែប ទឹកហូកាត់ផ្លូវជាតិលេខ៩ ប្រវែង១៥០ម៉ែត្រ ធ្វើឲ្យខូចខាតសម្ភារ សត្វពាហនៈ និងស្រូវពូជរបស់ប្រជាពលរដ្ឋចំនួន៣០គ្រួសារ និងលិចស្រែប្រជាពលរដ្ឋចំនួន២.៨៨១ហិកតា។ ស្ថានភាពទឹកចាប់ផ្តើមស្រកបានបន្តិច។

ស្ថានភាពទូទៅក្នុងខេត្ត មានមេឃស្រទុំ និងមានភ្លៀងរលឹមដោយកន្លែង ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កំពុងបន្តតាមដានស្ថានភាពទឹក និងត្រៀមការជួយសង្រ្គោះគ្រប់ ពេលវេលា។ ខេត្តបានត្រៀមកាណូតសង្រ្គោះចំនួន៤ និងស្បៀងអាហារមួយចំនួនធំ៕