(ស្ទឹងត្រែង)៖ ជនសង្ស័យប្រុសស្រី៣នាក់ ជាម្តាយ និងកូន ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តស្ទឹងត្រែង ឃាត់ខ្លួនភ្លាមៗ នៅក្នុងផ្ទះខណៈជនសង្ស័យទាំង៣នាក់ ខាងលើកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ដោយខុសច្បាប់នាថ្ងៃទី២៤ ខែកក្កដា ​ឆ្នាំ២០១៧ នៅចំណុចមុខផ្សារគីឡូម៉ែត្រលេខ២ ក្នុងភូមិរាជានុកូល សង្កាត់ក្រុងស្ទឹងត្រែង។

លោក ចែម ផានិត នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្ទឹងត្រែង ថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើមានឈ្មោះទី១៖ ឈ្មោះ លឹម សុផល​ ភេទស្រី អាយុ៦៤ឆ្នាំ មុខរបរលក់ដូរ, ទី២៖ ឈ្មោះ ហង្ស ស្រីល័ក្ខ ភេទស្រី អាយុ២៨ឆ្នាំ ​មុខរបរមេផ្ទះ និងទី៣៖ ឈ្មោះ ធី វុធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ អ្នកទាំង៣រស់នៅភូមិរាជានុកូលសង្កាត់ក្រុងខេត្តស្ទឹងត្រែង។

លោក ចែម ផានិត ឲ្យដឹងថា​ ការចុះបង្ក្រាបនេះកម្លាំងយើងបានធ្វើការដេញចាប់ជនសង្ស័យម្នាក់រហូតដល់ផ្ទះជនសង្ស័យខាងលើ ហើយបានសុំគោលការណ៍ពីព្រះរាជអាជ្ញាចូលឆែកឆេរ និងដកហូតវត្ថុគ្រឿងញៀនមួយចំនួន និងរថយន្តសេរីទំនើបម៉ាក ហាយលែនដឺ ពណ៌ស មួយគ្រឿងថែមទៀតផង។

លោក ចែម ផានិត បានបន្តថា បន្ទាប់ពីឆែកសមត្ថកិច្ចរកឃើញគ្រឿងញៀន នៅនឹងខ្លួនជនសង្ស័យ២នាក់ ទៀតបន្ទាប់ពីបុរសសង្ស័យម្នាក់ ជាកូនប្រសារមានគ្រឿនញៀន នៅជាប់ខ្លួនបានរត់ចូលក្នុងផ្ទះ។ វត្តុតាងដែលដកហូតបានវត្ថុរួមមានគ្រឿងញៀនចំនួន៤កញ្ចប់តូច ពីជនសង្ស័យទាំង៣នាក់ ម្តាយកូន និងដកហូតពីក្នុងរថយន្ត ហាយលែនដឺ បានចំនួន២កញ្ចប់ ទៀតសុទ្ធតែជាថ្នាំញៀនប្រភេទមេតំហ្វតាមីន (ice) និងម៉ាទឹកកកសរុបចំនួន៦កញ្ចប់តូច មានទម្ងន់៨,១ក្រាម។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ម្តាយកូនកំពុងស្ថិតក្រោមការសាកសួររបស់សមត្ថកិច្ចជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់៕