(ភ្នំពេញ)៖ សាលាក្តីខ្មែរក្រហម ដោយសហការជាមួយមជ្ឈមណ្ឌលកម្តល់ឯកសារច្បាប់ ទាក់ទងនឹងអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា និងមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា នឹងរៀបចំពិធីចាក់បញ្ចាំងខ្សែភាពយន្ត មានចំណងជើងថា «ឌុច គ្រូលត់ដំនៅឋាននរក» នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ មានទីតាំងជាប់នឹងអគារ គណៈមេធាវីនៃកម្ពុជា។

មន្ត្រីអង្គទូត និងនិស្សិតមកពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ប្រមាណជាង ៣០០នាក់ នឹងចូលរួមទស្សនាខ្សែភាពយន្តនេះ។

ការចាក់បញ្ចាំងខ្សែភាពយន្ត «ឌុច គ្រូលត់ដំនៅឋាននរក» នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៧ នេះគឺចំខួប៧ឆ្នាំ នៃការប្រកាសសាលក្រម របស់អង្គជំនុំជម្រះ សាលាដំបូងប្រឆាំងនឹងឌុច ដែលកាលនោះអង្គជំនុំជម្រះ សាលាដំបូងសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ឌុច រយៈពេល៣៥ឆ្នាំ។ ប៉ុន្តែក្រោយពីមានបណ្តឹងសាទុក្ខ អង្គជំនុំជម្រះតុលាការកំពូល បានសម្រេចផ្តន្ទាទោសឌុច ដាក់ពន្ធនាគារ អស់មួយជីវិត។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា បច្ចុប្បន្ន ឌុច កំពុងអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិតរបស់គាត់ នៅពន្ធនាគារខេត្តកណ្តាល។

លោក នេត្រ ភក្ត្រា បានថ្លែងថា ការចាក់បញ្ចាំងខ្សែភាពយន្តឯកសារនេះ គឺជាផ្នែកមួយនៃការចងចាំជាពិសេស សម្រាប់យុវជនចងចាំពី ប្រវត្តិសាស្ត្រ និងរឿងរ៉ាវដែលបានកើត ឡើងនៅក្នុងរបបខ្មែរក្រហម។

លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម បានថ្លែងថា ការចាក់បញ្ចាំងខ្សែភាពយន្តនេះ គឺជាផ្នែកមួយនៃការផ្សព្វផ្សាយ អំពីកិច្ចការសាលាក្តីខ្មែរក្រហម ក៏ដូចជាផ្តល់ ព័ត៌មានដល់សាធារណជន ជាពិសេសនិស្សិតឱ្យបានជ្រាប អំពីវត្តមាននៃមជ្ឈមណ្ឌល តម្កល់ឯកសារច្បាប់ទាក់ទង នឹងអង្គជំនុំជម្រះវិសាមញ្ញកម្ពុជា ដែលជាទីកន្លែងតម្កល់រាល់ឯកសារទាំងឡាយ ទាក់ទងនឹងការជំនុំជម្រះ ក្តីនៅ ចំពោះមុខសាលាក្តីខ្មែរក្រហម។

បើតាមលោក នេត្រ ភក្ត្រា មជ្ឈមណ្ឌលនេះ បានបើកដំណើរការជាផ្លូវការ ហើយសាធារណជន និស្សិត និងអ្នកសិក្សាស្រាវជ្រាវអាចចូល ទៅអាន និងស្រាវជ្រាវពីរឿងរ៉ាងផ្សេងៗ ទាក់ទងនឹងការជំនុំជម្រះក្តីលើសំណុំរឿង០០១ ប្រឆាំងនឹងអតីតប្រធានគុកទូលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច។

កិច្ចសហការរវាងសាលាក្តីខ្មែរក្រហម និងមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណានេះ បានធ្វើឡើងតាំងតែពីឆ្នាំ ២០០៩ មកម្ល៉េះ ក្រោមប្រធានបទ «រាត្រីនៃការចងចាំ» ហើយរហូតមកទល់ពេលនេះមានការចូលរួម ពីប្រជាពលរដ្ឋជិត៧ម៉ឺននាក់៕