(ភ្នំពេញ)៖ ដើម្បីត្រៀមខ្លួនឆ្ពោះកាន់ វេទិកាសេដ្ឋកិច្ចឥស្លាមពិភពលោកលើកទី១៣ ដែលនឹងរៀបចំឡើងនៅ​ខេត្ត Kuching​ រដ្ឋSarawak ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី​២១-២៣ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ខាងមុខនេះ ក្រោមប្រធានបទ «បញ្ហាប្រឈម និងផលប៉ះពាល់នានា ដែលបង្អាកនៃការធ្វើឲ្យមានបំលាស់ប្តូរ» គឺវេទិការសេដ្ឋកិច្ចឥស្លាមពិភពលោក (​WIEF) ក្រោមកិច្ចសហការវាង​មជ្ឈមណ្ឌលអន្តរជាតិ សម្រាប់ការអប់រំហិរញ្ញវត្ថុឥស្លាម ម៉ាឡេស៊ី (INCEIF) ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា WIEF បានរៀបចំ​សិក្ខាសាលា មួយក្រោមប្រធានបទ «ចរន្តហិរញ្ញវត្ថុ» ដែលធ្វើឡើងចំនួន២ថ្ងៃ ពីថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២១០៧ នៅសណ្ឋាគារអិនធើរកង់ទីណង់តាល់​។

សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណង​ដើម្បីចែករំលែកដល់សិក្ខាកាម នូវទស្សនវិស័យ និងការយល់ ឃើញកាន់តែប្រសើរឡើង​ទៅលើចក្ខុវិស័យរបស់ ឧស្សាហកម្ម ហិរញ្ញវត្ថុឥស្លាម ដើម្បីឆ្ពោះទៅចាប់យក បរិញ្ញាបណ្ណហិរញ្ញវត្ថុដែលល្អប្រសើរតាមរយៈ​មីក្រូហិរញ្ញវត្ថុ ឥស្លាមនៅក្នុងប្រទេសអាស៊ាន។​​សិក្ខាសាលានេះបានដឹកនាំដោយវាគ្មិន ចំណានតំណាងមក ពីមណ្ឌលឧស្សាហកម្មចំនួន១០​នៃប្រទេសចំនួន៩ ដែលសុទ្ធសឹងជាភាគី ដែលជំនាញ និងស៊ីជម្រៅ ស្តីអំពីប្រធានបទមីក្រូហិរញ្ញវត្ថុឥស្លាម។

លោកបណ្ឌិត Tan Sri Wan Zahid នាយកមូលនិធិអប់រំរបស់ WIEF បានលើកឡើងថា អាស៊ានមានប្រជាសាស្រ្ត និង​សក្តានុពលជាវិជ្ជមានដល់ ការរីកចម្រើន ចំពោះ​វិស័យហិរញ្ញ វត្ថុឥស្លាម ដោយសារតែមានការជ្រោមជ្រែង យ៉ាងខ្លាំងពីសំណាក់​រដ្ឋាភិបាលប្រទេស​នានា។ ដោយសក្តានុពលនេះ ក្នុងនាម WIEF យើងមានសង្ឃឹមយ៉ាងមុតមាំថា វិបត្តិនៃការបង្អាកពីការ បំលាស់ប្តូរជាវិជ្ជមានលើវិស័យហិរញ្ញវត្ថុ នឹងត្រូវបានដោះស្រាយតាមរយៈការផ្តល់សេវា កម្មហិរញ្ញប្បទានឥស្លាម ប្រកបដោយចីរភាព និង​ប្រសិទ្ធផលខ្ពស់។

លោកសាស្រ្តាចារ្យបណ្ឌិត Datuk Syed Othsman, អនុប្រធាន INCEIF បានលើកឡើងថា បើគិតពីភាគរយ នៃស្ថិតិប្រជាជនមុស្លិមសរុបក្នុងពិភពលោក គឺមាន ៦០ភាគរយ ដែលកំពុងរស់នៅក្នុងប្រទេសអាស៊ាន ដែលវាជាចំណុចសំខាន់ចាំបាច់សម្រាប់យើង​ដើម្បីធ្វើ​សមាហរណកម្ម និងកែទម្រង់វិបត្តិហិរញ្ញវត្ថុ ដែលធ្លាក់ចុះពីចំណុចមធ្យមមក ចំណុចទាប ឲ្យទៅបរិញ្ញាប័ណ្ណហិរញ្ញវត្ថុដែលល្អប្រសើរ។

លោក ជូ វណ្ណៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ថ្លែង​ថាប្រកាសបើកសិក្ខាសាលា ដោយបានផ្តល់ចំណាប់អារម្មណ៍ និងឲ្យតម្លៃខ្ពស់ចំពោះចក្ខុវិស័យជាវិជ្ជមានរបស់ WIEF ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តពង្រឹងចរន្ត​ហិរញ្ញវត្ថុ ក្នុងតំបន់អាស៊ាន ក៏ដូចជានៅកម្ពុជា។

តាមរយៈសិក្ខាសាលានេះ គឺជាការបោះជំហានបណ្តើរៗសម្រាប់កម្ពុជា ក្នុងការចាប់យកវិស័យមីក្រូហិរញ្ញវត្ថុឥស្លាម ឲ្យដំណើរការព្រមគ្នាជាមួយស្ថាប័ន មីក្រូហិរញ្ញវត្ថុឯកជនានា ដែលកំពុងចរាចរ​នៅ​​កម្ពុជា ដើម្បីចូលរួមលើកកំពស់ ការប្រកួតប្រជែងវិស័យហិរញ្ញវត្ថុ បំពេញតម្រូវការចាំបាច់ លើការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និង​បង្កើនឱកាសវិនិយោគ ព្រមទាំងបញ្រ្ជាបការផ្តល់ហិរញ្ញប្បទាន ដែលមានលក្ខណៈសមស្រប យកកម្រៃសេវាកម្មទាប ក្នុងគោលដៅលើកកំពស់ជីវភាព​ប្រជាពលរដ្ឋ ក៏ដូចជាបង្កើនលទ្ធភាពឲ្យមានកំណើនសហគ្រាសធនតូច និងមធ្យម។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក្នុងនាមដៃគូសហការរបស់ភាគីកម្ពុជា បានបញ្ជាក់នៅក្នុង​សន្និសីទកាសែត ស្តីអំពីតួនាទី និងគុណប្រយោជន៍របស់ មីក្រូហិរញ្ញវត្ថុឥស្លាម គឺមានតួនាទីក្នុងការទ្រទ្រង់ការផ្តល់ហិរញ្ញប្បទាន ទាំងទ្រង់ទ្រាយតូចធំ ឯកជន ឬរដ្ឋ ដោយផ្អែកលើក្របខណ្ឌឥស្លាម ដោយពុំមានយកការប្រាក់ គឺមានតែកម្រៃសេវាកម្ម ក្នុងកម្រិតទាបបំផុត បើប្រៀបធៀបទៅនឹងមីក្រូហិរញ្ញវត្ថុទូទៅ។

លោកបន្តថា ក្នុងនាមភាគីកម្ពុជា គឺពិតជាចង់បានមីក្រូហិរញ្ញវត្ថុ បែបឥស្លាមមានវត្តមាននៅកម្ពុជា ព្រោះនឹងផ្តល់នូវលក្ខណៈងាយស្រួល និង​មានការលើកលែងជាច្រើនទៅដល់អតិថិជន ក៏ដូចជាដៃគូរអ្នកកម្ចី និងដៃគូរវិនិយោគគ្រប់ទម្រង់ទាំងអស់។

សូមបញ្ជាក់​ថា វេទិការសេដ្ឋកិច្ចឥស្លាមពិភពលោក ដែលហៅកាត់ថា WIEF គឺត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលម៉ាឡេស៊ី កាលពីឆ្នាំ២០០៣ ហើយតែងតែរៀបចំវេទិកា​ថ្នាក់អន្តរជាតិ នៅតាមបណ្តាប្រទេសនានាលើពិភពលោក ផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍វិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារឥស្លាម ការវិនិយោគ សិក្សាធិការ សុខភាព និងឧស្សាហកម្មទេសចរណ៍ហាឡាល​។ល។​ កាលពីឆ្នាំ​២០១៥ WIEF សហការនឹងភាគីកម្ពុជា ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ ក្នុងការរៀបចំវេទិការតុមូល ក៏ដូចជាបើកវគ្គបំពាក់បណ្តុះបណ្តាលពីមីក្រូហិរញ្ញវត្ថុឥស្លាម និងភាពជាសហគ្រិនផងដែរ៕