(ភ្នំពេញ)៖ យោងតាមទិន្ន័យដែលអង្គភាព Fresh News ទទួលបានពីនិយ័តករទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា គិតត្រឹម​ឆមាសទី១ ឆ្នាំ២០១៧នេះ នៅម្ពុជាមានអ្នកប្រើប្រាស់ទូរស័ព្ទចល័ត ប្រមាណជាង១៨លានស៊ីម ខណៈដែលចុងឆ្នាំ២០១៦ អត្រាអ្នកជាវស៊ីមកាតទូរស័ព្ទ​ចល័តមានជិត២០លាននាក់។

ទិន្នន័យនេះបង្ហាញថា និន្នាការអ្នកប្រើប្រាស់ស៉ីមកាត បានថយចុះគួរឲ្យគត់សម្គាល់ ក្រោយពេលដែលក្រសួង និងសមត្ថកិច្ចធ្វើការរឹតបន្តឹង ការប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណ ចំពោះអ្នកប្រើប្រាស់ស៉ីមកាត ដើម្បីងាយស្រួលគ្រប់គ្រង​ និងសន្តិសុខសង្គម។

តាមទិន្ន័យដែល Fresh News ទទួលបាននិយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ​ បានឲ្យដឹងថា មកដល់ចុងឆមាសទី១ ឆ្នាំ២០១៧នេះ ប្រតិបត្តិករទូរស័ព្ទចល័ត ដែលកំពុងប្រតិបត្តិការនៅកម្ពុជា មានចំនួន​​៦ក្រុមហ៊ុន ក្នុងនោះមានអ្នកប្រើប្រាស់សរុបចំនួន ១៨,០៨៦,២៥៥ស៊ីមកាត ដែលក្រុមហ៊ុន Smart Axata ជាក្រុមហ៊ុននាំមុខគេ ខណៈកាលពីចុងឆ្នាំ២០១៦ អត្រាអ្នកជាវស៊ីមកាតទូរស័ព្ទ​ចល័តកើនឡើងជាង​១៩,៩១៥,០០០នាក់។

អ្នកនាំពា្យនិយ័តករទូរគមនាគមន៍កម្ពុជា លោក អ៉ឹម វុត្ថា បានថ្លែងប្រាប់អង្គភាព Fresh News​ ថា «ការថយចុះនៃអ្នកប្រើប្រាស់ស៉ីមកាតនៅកម្ពុជានេះ គឺទី១៖ ក្រោយក្រសួង និង សមត្ថកិច្ចរឹតបន្តឹងឯកសារអត្តសញ្ញាណ, ទី២៖ ធ្វើបច្ចុប្បន្នភាពក្នុងការកត់ត្រា ស្ថិតិស្របតាមការកំណត់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) គឺស៊ីមកាតដែលអាចចាត់ទុកថា ស៊ីមដំណើរការ (Active SIMCARD) ទាំងឡាយណាដែលបានភ្ជាប់ជូនអតិថិជន ហើយអតិថិជននោះប្រើប្រាស់ចាប់ពី៣ខែឡើងទៅ និងទី៣៖ ទីផ្សារប្រើប្រាស់ស៉ីមកាត ចាប់ផ្តើមឆ្អែតដោយសារតែចំនួនប្រពលរដ្ឋយើងមានត្រឹម ១៥លាននាក់ ប៉ុន្តែមានអ្នកប្រើប្រាស់ស៉ីមកាត់ រហូតដល់ជិត២០លាននាក់ នេះធ្វើនិន្នាការថយចុះបន្តិចម្តងៗ»

ជាមួយគ្នានេះដែរ សម្រាប់ប្រតិករទូរស័ព្ទអចល័ត កំពុងប្រតិបត្តិការនៅកម្ពុជា មានចំនួន៨ក្រុមហ៊ុន ដែលមានអ្នកជួលជាវ ចំនួន៩៤,២៣៩នាក់ ក្នុងនោះក្រុមហ៊ុន Vettel (មិត្តហ្វូន) ជាក្រុមហ៊ុនដែលមានអ្នកប្រើប្រាស់ច្រើនជាងគេ។

សម្រាប់ប្រតិបត្តិករ ផ្ដល់សេវាអ៊ិនធឺណេតចល័ត តាមរយៈ 3G/4G មានចំនួន៧ក្រុមហ៊ុន ដែលក្នុងនោះមានអ្នកប្រើប្រាស់ចំនួន​ ៨,៥៨៧,១៥៤ស៊ីមកាត ដែលក្រុមហ៊ុន Smart Axata ជាក្រុមហ៊ុនដែលមានអ្នកប្រើប្រាស់ច្រើនជាងគេ។ ចំពោះប្រតិបត្តិករ ផ្ដល់​សេវាអ៊ីធឺណេតអចល័ត មានចំនួន៣៤ក្រុមហ៊ុន ដែលមានអ្នកប្រើប្រាស់ចំនួន ១១៩,២២១នាក់ ក្នុងនោះក្រុមហ៊ុន Vettel (មិត្តហ្វូន) មានអ្នកប្រើប្រាស់ច្រើនជាងគេ។

សូមជម្រាបថា ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ កំពុងប្រតិបត្តិការនៅកម្ពុជារួមមាន៖ ប្រតិបត្តិករទូរស័ព្ទចល័តមានចំនួន៦ រួមមានក្រុមហ៊ុន Cellcard, Smart, Metfone, Cooltel, qb និង Seatel, ប្រតិបត្តិករទូរស័ព្ទអចល័តមានចំនួន៨ ក្នុងនោះប្រតិបត្តិករអចល័តមានខ្សែចំនួន៣។ ប្រតិបត្តិករអ៉ីនធឺណេតចល័តមានចំនួន៧ និងប្រតិបត្តិករអ៉ីនធឺណេតអចល័តមានចំនួន៣៤៕