(ពោធិ៍សាត់)៖ លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា ការ​ប្រើប្រាស់​សេវាថែទាំសុខភាព របស់ប្រជាពលរដ្ឋរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ ប្រមាណ​ជិត១២៩,៣៧៦នាក់ ក្នុងនោះ​ស្ដ្រីសម្រាលកូនមានជិត៥ពាន់នាក់ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងខេត្ត។

លោកវេជ្ជបណ្ឌិត បានថ្លែងថា ករណីពិនិត្យជំងឺក្រៅរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ មានចំនួន​សរុប​១១៩,៦៦១​ករណី (ករណីថ្មីមានចំនួន ១១៣,០២៧) ក្នុងនោះ២៤,៥៦៤ករណី ទទួលការ​គាំទ្រដោយ​មូលនិធិសមធម៌ ដែលផ្តល់ដោយរាជរដ្ឋាភិបាល និងចំនួន៩,២៨៦ករណី (មានចាស់ជរា ព្រះសង្ឃ ជនពិការ...) ទទួល​បាន​ការលើកលែងបង់ថ្លៃសេវា តាមគោលនយោបាយរបស់រាជ​រដ្ឋា​ភិបាល។ អ្នកជំងឺសម្រាកពេទ្យ សរុប៨,៤៤៨នាក់ ក្នុងនោះចំនួន៥៥៧នាក់ បានទទួលការគាំទ្រ​ដោយ​មូលនិធិសមធម៌ ដែលផ្តល់ដោយរាជរដ្ឋាភិបាល និងចំនួន២១១នាក់ (មានចាស់ជរា ព្រះសង្ឃ ជនពិការ...) ទទួលបាន​ការ​លើក​លែងបង់ថ្លៃសេវា តាមគោល​នយោបាយរបស់រាជ​រដ្ឋាភិបាល​។

លោកវេជ្ជបណ្ឌិត ខូយ ឌី​ បានបន្តថា​ ស្រ្ដីផ្ទៃពោះមកសម្រាលកូនសរុប​ចំនួន៤,៧៤៣នាក់ នៅក្នុងនោះសម្រាលនៅ​មណ្ឌល​សុខភាព​បានចំនួន ៣,០៤៦នាក់ ដែលក្នុងចំណោមនោះ៤៥៦នាក់ បានទទួលការគាំទ្រដោយ​​មូលនិធិសមធម៌ ដែលផ្តល់ដោយរាជរាដ្ឋាភិបាល និង៥៩នាក់ ​ទទួល​​បានការលើកលែងបង់ថ្លៃសេវា​ តាមគោលនយោបាយ​របស់រាជរដ្ឋាភិបាល។

អ្នកជំងឺគ្រុនចាញ់បានទទួលការព្យាបាលនៅមូលដ្ឋានសុខាភិបាលសេវាសាធារណ: ចាប់ពីខែ មករា ដល់ខែមិថុនា ឆ្នាំ២០១៧ មានចំនួន១,៩៣២ ករណី អ្នកជំងឺធ្ងន់ធ្ងរចំនួន៧ករណី ពុំមានករណីស្លាប់ទេ។

អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជម្ងឺអេដស៍សកម្ម កំពុងទទួលបានការថែទាំ និងព្យាបាលបន្ត​​ដោយឱសថ​ប្រឆាំងមេរោគអេដស៍ រហូត​ដល់ចុងឆមាសនេះ​មានចំនួន១,២៦៧នាក់ (ស្រី៦៩៧នាក់) ក្នុងនោះ​កុមារអាយុក្រោម១៤ឆ្នាំ ចំនួន៦៨នាក់ (ស្រី ៣៥នាក់)។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា លទ្ធផលទាំងអស់នេះបានមកពីការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការសុខាភិបាល​គ្រប់​លំដាប់​ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងដៃគូរអភិវឌ្ឍន៍នានា ស្របតាមគោលនយោបាយកំណែទំរង់វិស័យសុខាភិបាល និង​តាម​យុទ្ធសាស្រ្ដ​ចតុកោណរបស់រាជរដ្ឋាភិបាល៕