(កំពង់ធំ)៖ ថ្លែងក្នុង​​ចំកិច្ចប្រជុំគណៈកម្មការរៀបចំ ដើម្បីត្រៀមប្រារព្ធពិធីបួងសួងសុំសេចក្តីសុខតាមជំនឿប្រពៃណី និងអបអសាទរការដាក់ តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ លោក សុខ លូ អភិបាលខេត្ត កំពង់ធំ បានអំពាវនាវឲ្យប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមកម្សាន្តសប្បាយក្នុងពិធីខាងលើឲ្យបានច្រើនកុះករ។

ពិធីបួងសួងសុំសេចក្តីសុខ និងអបអសាទរការដាក់ តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោកខាងលើ នឹងប្រារព្ធ ធ្វើឡើងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ខាងមុខ។​

អភិបាលខេត្តបញ្ជាក់ថា កម្មវិធីនាពេលខាងមុខនេះ ធ្វើឡើងក្នុងគោលបំណងសម្តែងនូវសេចក្តីសប្បាយរីករាយ និងប្រកាសប្រាប់ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យបានដឹងកាន់តែទូលំទូលាយ អំពីរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តសំបូរព្រៃគុក។

ក្នុងពិធីអបអរសាទរនេះ ក៏មានការប្រគំតន្ត្រី ការសម្តែងនូវរបាំរបស់បងប្អូនជនជាតិភាគតិចគួយ ការបង្ហាញរបាំប្រជាប្រិយភាព ការតាំងលក់ផលិតផលកសិកម្ម រយៈពេញមួយថ្ងៃផងដែរ ហើយដើម្បីឲ្យបរិយាកាសនេះ កាន់តែមានភាពសប្បាយរីករាយ ជូនភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូន ដែលរស់នៅក្នុងខេត្តកំពង់ធំទាំងមូល ជាអាទិ៍ក្នុងនាម ជាថ្នាក់ដឹកនាំកម្មវិធី នឹងត្រូវត្រៀមខ្លួនរួចជាស្រេច ក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើង។

លោក សុខ លូ បានឲ្យដឹងថា បញ្ហាដែលត្រូវគិតគូរនោះ រួមមាន៖ បញ្ហាចរាចរណ៍ចុះឡើងក្នុងបរិវេណប្រាសាទសំបូរព្រៃគុក ក៏ដូចជា ការឆ្លងកាត់ គឺត្រូវមានផ្លូវសម្រាប់ចៀសគ្នា ត្រូវមានកន្លែងសម្រាប់ចតទុកដាក់យានជំនិះ សន្តិសុខសណ្តាប់ធ្នាប់ប្រកបដោយសុខ សុវត្ថិភាពដោយមានកងកម្លាំងទាំងបី ជាអ្នកជួយសម្រួល និងយាមកាមពេញមួយថ្ងៃ ការលេងល្បែងប្រជាប្រិយកម្សាន្តដែលមាន ទាំងរបាំប្រជាប្រិយ ការសម្តែងសិល្បៈ របាំរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត រីឯការដាក់តាំងនូវផលិតផលក្នុងខេត្តជាពិសេស ផលិតផលកសិកម្ម សិប្បកម្ម និងការលក់ដូររបស់អាជីវករ ក៏មានការរៀបចំប្រកបដោយសោភ័ណភាព និងសណ្តាប់ធ្នាប់ផងដែរ។
 
បន្ថែមពីនេះ ​អភិបាលខេត្តបានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ សូមអញ្ជើញមកចូលរួមក្នុងពិធីបួងសួង និងទស្សនាកម្សាន្តសប្បាយរីករាយ ប្រកបដោយសេចក្តីថ្លៃថ្នូរទាំងអស់គ្នា នៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលមានចម្ងាយមិនដល់ ២០០គីឡូម៉ែត្រឡើយ ពីរាជធានីភ្នំពេញ៕