(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ នឹងបើកកិច្ចប្រជុំ​មួយនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ស្អែកនេះ ដើម្បីពិភាក្សាអំពីការកែប្រែ ស្លាកគណបក្សរបស់ខ្លួន ឱ្យស្របតាមច្បាប់ស្តីពីគណបក្សនយោបាយថ្មី។ ស្លាកគណបក្សសង្រ្គោះជាតិថ្មីនេះ នឹងត្រូវដករូប លោក សម រង្ស៊ី ចាប់ដៃជាមួយ លោក កឹម សុខា ចេញពីទីសាធារណនានា នៅទូទាំងប្រទេស។

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា កិច្ចប្រជុំថ្នាក់កំពូលនោះ នឹងធ្វើឡើង នៅម៉ោង ២៖០០រសៀល ថ្ងៃស្អែក ហើយថា កិច្ចប្រជុំនេះ មិនមែនតែរបៀបវារៈតែ ដូរស្លាកគណបក្សសង្រ្គោះជាតិទេ គឺមានរបៀបវារៈសំខាន់ៗ មួយចំនួនទៀត ដូចជា ការងារពង្រឹងសមត្ថភាពមេឃុំ ការងារការចុះឈ្មោះបោះឆ្នោត ជាដើម។ លោកបានបន្តថា កិច្ចប្រជុំនៅថ្ងៃស្អែក គណបក្សសង្រ្គោះជាតិ នឹងណែនាំពីគំរូថ្មី ដែលត្រូវដាក់ជំនួសកន្លែងរូបចាស់។

សូមបញ្ជាក់ថា ការរៀបចំផ្លាស់ប្តូរស្លាកគណបក្សសង្រ្គោះជាតិ នាពេលនេះ ​បានធ្វើឡើងស្របពេល ដែលច្បាប់នយោបាយ ទើបនឹងធ្វើវិសោធនកម្មថ្មី បានឆ្លងផុតព្រឹទ្ធសភា ហើយអាចនឹងត្រូវចូលជាធរមាននៅក្នុងពេលឆាប់ៗនេះ។

ច្បាប់ថ្មីនេះ ត្រូវបានកែប្រែឡើង និងបន្ថែមចំ​នួន៥មាត្រា ក្នុងនោះមាត្រា៦ថ្មី (ពីរ) មិនអនុញ្ញាតឱ្យគណបក្សនយោបាយប្រើប្រាស់ សំឡេង រូបភាព ឬសកម្មភាព ឬឃុបឃិតជាមួយទណ្ឌិត ដើម្បីជាផលប្រយោជន៍ខ្លួន និងមាត្រា៤៨ថ្មី (ស្ទួន) មិនអនុញ្ញាតឱ្យ គណបក្សនយោបាយណា មានឈ្មោះ ឬរូបរបស់រូបវ័ន្តបុគ្គលនោះឡើយ៕