(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធីបតីភាពក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឯកសារ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» ដែលរៀបចំឡើងនៅវិមានសន្តិភាព។ 

ថ្លែងក្នុងពិធីសម្ពោធនោះ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការដាក់ឲ្យប្រើប្រាស់ឯកសារថ្មីនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋកម្ពុជាគ្រប់រូប នៅក្នុងបរិការណ៍នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងប្រកបដោយជវភាព នៃស្ថានភាពសេដ្ឋកិច្ចជាតិ និងស្ថានភាពប្រជាសាស្ត្ររបស់កម្ពុជា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក និងសម្រាប់រយៈពេល ២-៣ទស្សវត្សរ៍ទៅមុខទៀត ។ សម្តេចតេជោចាត់ទុកថា «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» គឺជាផែនទីមគ្គុទ្ទេសក៍រយៈពេលវែង សម្រាប់ការកែទម្រង់ និងការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា តាមរយៈការកំណត់ដាក់ចេញនូវផែនការយុទ្ធសាស្ត្រ សំដៅធានាឱ្យបាននូវសន្តិសុខ ប្រាក់ចំណូលកាត់បន្ថយភាពងាយរងគ្រោះ ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន ព្រមទាំងលើកកម្ពស់សុខុមាលភាព សមធម៌ សាមគ្គីភាព និងភាពសុខដុមរមនានៅក្នុងសង្គមជាតិ ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា «នយោបាយឈ្នះ-ឈ្នះ» ដែលជាឱសថទិព្វជួយព្យាបាលឱ្យកម្ពុជា បានជាសះទាំងស្រុងពីជំងឺ នៃសង្គ្រាមដ៏រ៉ាំរ៉ៃអស់រយៈពេលរាប់សិបឆ្នាំ កម្ពុជាទទួលបានយ៉ាងពេញលេញនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនឤចខ្វះបាន សម្រាប់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។

សម្តេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងទៀតថា សេដ្ឋកិច្ចកម្ពុជា សម្រេចបាននូវកំណើនក្នុងអត្រាជាមធ្យមប្រមាណ ៧.៧% ប្រមាណ ២ទសវត្សរ៍, អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយពីប្រមាណ៥៣% នៅឆ្នាំ២០០៤ មកប្រមាណ ១៣.៥% នៅឆ្នាំ ២០១៤។ សមិទ្ធផលទាំងនេះ គឺជាការពិតដែលមិនឤចបដិសេធបាន និងជាមោទនភាពដ៏ខ្ពង់ខ្ពស់នៃការខិតខំផ្ទាល់របស់ប្រជាជនកម្ពុជាទាំងអស់ គ្នានៅក្នុងការស្តារ និងកសាងជាតិឡើងវិញពីគំនរផេះផង់នៅឆ្នាំ១៩៧៩ ក្រោយពីប្រទេសត្រូវបាន រំដោះពីក្រញាំដៃនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងផងដែរថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការប្រែក្លាយឋានៈរបស់កម្ពុជា ពីប្រទេសមានចំណូលមធ្យមកម្រិតទាប នាពេលបច្ចុប្បន្ន ឱ្យទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ រាជរដ្ឋាភិបាល បានកំណត់ចក្ខុវិស័យរយៈពេលវែង សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយផ្តោតទៅលើ «ការកសាងប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាប័ន្ន ប្រសិទ្ធភាព និងចិរភាពហិរញ្ញវត្ថុ ដែលជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព ហើយរួមចំណែកដល់ការអភិវឌ្ឍន៍ និងគាំពារធនធានមនុស្សកាន់តែទូលំទូលាយ ក៏ដូចជារួមចំណែកដល់ការជំរុញ កំណើនសេដ្ឋកិច្ចប្រកបដោយចិរភាពក្នុងរយៈពេលវែងខាងមុខ»

សម្តេចតេជោ បាថ្លែងទៀតថា កន្លងមករាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជំរុញអនុវត្ត គោលនយោបាយ និងបានដាក់ឱ្យដំណើរការនូវគម្រោងក្នុងវិស័យ សង្គមកិច្ចជាច្រើន ដែលតាមរយៈនេះប្រជាជនកម្ពុជា ជាពិសេសប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ទទួលបាននូវការគាំពារក្រោមរូបភាពផ្សេងៗ ដូចជាការបង្កើតមជ្ឈមណ្ឌលកុមារកំញ្រ មជ្ឈមណ្ឌលជនពិការ មជ្ឈមណ្ឌលគាំពារសុខភាពមាតា និងទារក ការឧបត្ថម្ភចំញេះប្រជាជនក្រីក្រដែលមកសម្រាកព្យាបាល ឬ សម្រាលកូន និងការផ្តល់ការអប់រំតាំងពីកម្រិតបឋមដល់កម្រិត ឧត្តមសិក្សាដោយឥតបង់ថ្លៃជាដើម ។

លើសពីនេះ រាជរដ្ឋាភិបាលក៏បានបង្កើតបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល បេឡាជាតិរបបសន្តិសុខសង្គម បេឡាជាតិអតីតយុទ្ធជន និងមូលនិធិ ជនពិការ ដើម្បីផ្តល់ការធានាសន្តិសុខប្រាក់ចំណូល សម្រាប់ប្រជាជន តាមមុខសញ្ញាញក់ព័ន្ធនានា មានជាឤទិ៍ ការផ្តល់តាវកាលិកសោធន ថែទាំសុខភាព ហានិភ័យការងារ ពិការភាព និងតាវកាលិកផ្សេងៗទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារ សង្គម ២០១៦-២០២៥» ត្រូវបានរៀបចំឡើងជាមួយនឹងគោលដៅ ចម្បងនៃការបន្ស៊ីប្រមូលផ្តុំ និងពង្រឹងរបប ឬកម្មវិធី ដែលមានស្រាប់ ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងសង្គតិភាពព្រមទាំងពង្រីក វិសាលភាពដែលនៅតូចចង្អៀតនៅឡើយឱ្យឆ្លើយតបនឹងតម្រូវការ របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។ ក្របខ័ណ្ឌគោលនយោបាយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការ បង្កើនលទ្ធភាពទទួលបានសេវាគាំពារសង្គមសម្រាប់មន្ត្រីសាធារណៈ កម្មករនិយោជិតនៃវិស័យឯកជន និងប្រជាពលរដ្ឋនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ចាប់ផ្តើមបំពេញការងារ ឱ្យបានរួសរាន់ដើម្បីពិនិត្យ និង ជំរុញការអនុវត្តន៍គោលនយោបាយឤទិភាពនានា ឱ្យបានជោគជ័យ ស្របតាមគោលដៅដែលបានដាក់ចេញនៅក្នុងឯកសារ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម» នេះជាពិសេសការងារឤទិភាពដូចខាងក្រោម៖

១៖ ការជំរុញផ្តល់ការគាំពារ ផ្នែកសុខភាពសម្រាប់ ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះឱ្យកាន់តែប្រសើរឡើង តាមរយៈការពង្រឹង មូលនិធិសមធម៌ និងយន្តការគាំទ្រផ្សេងៗ។

២៖ ការពិចារណា រៀបចំចាប់ផ្តើមដាក់ឱ្យអនុវត្តនូវកម្មវិធី ផ្តល់ការឧបត្ថម្ភជូន ជនចាស់ជរានៃគ្រួសារក្រីក្រ ដើម្បីសម្រួលបន្ទុក ហិរញ្ញវត្ថុរបស់ពួកគាត់ ដែលឤចជាកម្មវិធីដោយឡែក ឬ ជាកម្មវិធីឧបត្ថម្ភជាកញ្ចប់គ្រួសារ រួមជាមួយកម្មវិធីឧបត្ថម្ភស្ត្រីមានផ្ទៃញេះ និងកុមារ ព្រមទាំងជនពិការជាដើម។

៣៖ ការរៀបចំយន្តការសម្របសម្រួល តាមដាននិងវាយតម្លៃ ការអនុវត្តន៍របប ឬ កម្មវិធីគាំពារសង្គមទាំងឡាយ ឱ្យមានប្រសិទ្ធភាពខ្ពស់។

៤៖ ការបន្តពង្រឹងនូវកិច្ចសហការ យ៉ាងជិតស្និទ្ធរវាងក្រសួងស្ថាប័នពាក់ព័ន្ធទាំងឡាយ ដើម្បីធ្វើការសិក្សា និងរៀបចំផែនការ សកម្មភាពសម្រាប់គោលដៅនៃការជំរុញអនុវត្ត «ក្របខ័ណ្ឌគោល នយោបាយជាតិ គាំពារសង្គម» នេះ។

បន្ថែមលើការងារនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើជាពិសេសឱ្យក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាល សហការគ្នារៀបចំនូវផែនការ ផ្តល់ការទ្រទ្រង់ចាំបាច់ទាំងឡាយ ពិសេសផែនការផ្តល់ការគាំទ្រ ខាងហិរញ្ញប្បទាន ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ធានា និរន្តរភាពនៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ជា នៅលើមូលដ្ឋាន នៃការរក្សាវិន័យល្អ គុណភាពសេវាខ្ពស់ និងការផ្តល់ការថែទាំជូន កុមារគ្រប់រូបដោយមិនគិតថ្លៃ៕

សូមស្ដាប់ប្រសាសន៍ទាំងស្រុងរបស់ សម្ដេចតេជោ ហ៊ុន សែន ខាងក្រោមនេះ៖