(ភ្នំពេញ)៖ ដោយមានការយកចិត្តទុក្ខដាក់ ទៅលើសុវត្ថិភាពចំណីអាហារ ពីប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ​ នៅព្រឹកថ្ងៃទី​២៤ ខែ​​កក្កដា​ ឆ្នាំ​​២០១៧​នេះ លោក​ គង់​ វុទ្ធី អនុប្រធានសាខាកាំកុងត្រូល ដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារហេងបេងជ្រី​ ចុះត្រួតពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេច​ និងធ្វើតេស្តរកសាធាតុគីមីចំណីអាហារក្នុងផ្សារ រកឃើញទំនិញមានសារធាតុគីមីសរុប២៨,៣គីឡូក្រាម។​

​លោក​ គង់​ វុទ្ធី​ អនុប្រធានមន្ត្រីសាខាកាំកុងត្រូលរាជធានីភ្នំពេញ​ បានធ្វើការណែនាំក្រុមអាជីវករ​ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាម​លក្ខណៈ​បច្ចេកទេស​ ដោយញែកចេញពីគ្នា រវាងគ្រឿងប្រើប្រាស់ដែលមានផ្ទុកសារធាតុ​ពុល និងម្ហូបអាហារ​ ហាមការដាក់តាំងផលិតផលភេសជ្ជៈ ត្រូវកំដៅថ្ងៃ​  និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។​

លោក​បញ្ជាក់​ថា​ ប្រតិបត្តិការចុះពិនិត្យទំនិញចំនួន​​​៨៩មុខ នៅក្នុង​​ផ្សារហេងបេងជ្រី ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ជាលទ្ធផលបានរកឃើញសារធាតុគីមីហាមឃាត់ បូរ៉ាក់ ក្នុងទំនិញចំនួន​​៥មុខ​រួមមាន បបែលក្រៀម​ទម្ងន់១២,៧គីឡូក្រាម​​,​ យីហ៊ឺក្រៀ​មចំនួន០,៨គីឡូ​ក្រាម​, បង្គាចំនួន​​៨,៥គីឡូក្រាម​ ដែលមានសារធាតុហ័្វរម៉ាលីន​ និងផ្កាគូឆាយដែលមានកាក់សំណល សម្លាប់សត្វល្អិតចំនួន៥,៣គីឡូក្រាម​, ជ្រក់មមាញ, ជ្រក់ត្រពាំងជូចំនួន​ ១គីឡូក្រាម​ សរុបទំនិញទាំងអស់៥មុខនេះ ចំនួន២៨,៣គីឡូក្រាម​ ហើយត្រូវបានមន្ដ្រីជំនាញ​ដកហូតយកទៅដុតចោលភ្លាមៗតែម្តង​​។

ជាមួយគ្នានោះ ក្រុមការងារលោក ក៏បានអញ្ជើញអាជីវករ ទៅធ្វើកិច្ចសន្យាបញ្ឈប់ការលាយបន្ថែម នៅសារធាតុគីមីហាមឃាត់ ធ្វើការណែនាំអាជីវករ និងផ្អាកមិនឲ្យលក់បណ្តោះអាសន្ន​។

​មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ​ គឺ​ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារបានសម្តែង នូវទឹកចិត្តរីករាយ​ និងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ តាមបណ្តាផ្សារ ហាង​ និងស្តាម៉ាត​ នានា​ក្នុងរាជធានីភ្នំពេញ​ រកសារធាតុគីមី​ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពលរដ្ឋផងដែរ៕