(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សា​វឿន អគ្គស្នងការនគរបាលជាតិ បានព្រមានវិធានការរាល់អ្នកលេង ​Facebook ទាំងឡាយណាដែលបង្ហោះខ្លឹមសារ ផ្ទុយពីច្បាប់​នាំឲ្យមានភាពចលាចលក្នុងសង្គម និងប៉ះពាល់ដល់សណ្ដាប់ធា្នប់សាធារណៈ សន្ដិសុខជាតិ ព្រមទាំងកិត្តិយសថ្នាក់ដឹកនាំផងដែរ។

ការព្រមានរបស់អគ្គស្នងការនគរបាលជាតិបែបនេះ បានធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ នៅតាមបណ្ដាញទំនាក់ទំនងសង្គម Facebook កំពុងតែផុសផុលនូវព័ត៌មានចំនួន ដែលមិនមែនជាការពិត ហើយខ្លះទៀតរហូតដល់ការប្រមាថអាយុជីវិត ថ្នាក់ដឹកនាំកំពូលទៀតផង។ ដោយឡែកថ្មីៗនេះ មានយុវជនម្នាក់ បានធ្វើឲ្យមហាជនហាក់មានភិតភ័យ និងច្រួលច្របល់យ៉ាងខ្លាំង សារតែយុវជននោះ​បានបង្ហោះថា មានករណីធ្លាក់យន្ដហោះនៅខេត្តសៀមរាប ប៉ុន្ដែធាតុពិតមិនមែននៅកម្ពុជាឡើយ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ​បូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការសន្ដិសុខការងារ​សណ្តាប់ធ្នាប់ សង្គមប្រចាំឆមាសទី១ និងលើកទិសដៅ​ឆមាសទី២ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ថ្លែងយ៉ាងដូច្នេះថា «នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាក់ថា ភារកិច្ចរបស់នគរបាល ត្រូវតែធ្វើម៉េចរក្សាសន្ដិសុខសង្គម មានន័យថាកុំឲ្យគេប្រើអាហ្នឹង (Facebook) ប្រព្រឹត្តបទល្មើស កុំឲ្យគេប្រើអាហ្នឹងទៅបំពុលបរិយាកាស ដែលបង្កឡើងនូវអសន្ដិសុខ ឬក៏ធ្វើបាបប្រជាពលរដ្ឋ អញ្ជឹងសំខាន់បំផុតនគរបាលជាអ្នកអនុវត្តច្បាប់ ចឹងនគរបាលមើលអ្វីៗទាំងអស់ហ្នឹង ហើយផ្ទៀងផ្ទាត់ជាមួយច្បាប់បើការបង្ហោះហ្នឹង ការប្រើប្រាស់ហ្នឹងវាសមស្របមានផលប្រយោជន៍ដល់សង្គម វាមិនបញ្ហាប៉ុន្ដែបើការ បង្ហោះហ្នឹងវាប៉ះពាល់ និយាយរួមគឺបំពានច្បាប់ ឲ្យតែបំពានច្បាប់នគរបាលនឹងចាត់ចែងអនុវត្តហើយ»

អ្នកនាំពាក្យបន្ថែមថា នគរបាលជាតិមិនមានគំនិតទុទ្ទិដ្ឋិនិយមពេកនោះទេ ព្រោះថាការយល់ដឹងរបស់ពលរដ្ឋកម្ពុជាម្នាក់ៗមានមិន ដូចគ្នាទេ ប៉ុន្ដែសម័យការនេះវាជាសម័យជឿនលឿន ដូច្នេះការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដើម្បីឲ្យពលរដ្ឋបង្កើនការយល់ដឹង បន្ថែមទៀត។ ទន្ទឹមនឹងការជឿនលឿននេះ នាយឧត្តមសេនីយ៍ ក្នុងនាមជាថ្នាក់ដឹកនាំនគរបាលជាតិ ក៏​អំពាវនាវដល់អ្នកលេងបណ្តាញ សង្គមហ្វេសបុកទាំងអស់ ធ្វើការពិចារណាឲ្យបានច្បាស់លាស់ មុននឹងបង្ហោះចេញជាសាធារណៈ។

នាយឧត្តមសេនីយ៍បញ្ជាក់ថា កន្លងមកក៏មានប្រជាពលរដ្ឋមួយចំនួន មិនបានពិចារណាឲ្យបានត្រឹមត្រូវជុំវិញព័ត៌មាននៅតាម Facebook ហើយរហូតឈានទៅដល់ចាញ់បោកគេអស់លុយកាកជាច្រើនផងដែរ ប៉ុន្ដែបញ្ហាទាំងអស់នេះនគរបាលមិនបណ្ដោយឲ្យជនខិលខូច មួយចំនួននោះ ធ្វើតាមចិត្តបានឡើយ។

លោក គៀត ច័ន្ទថារិទ្ធ បានឲ្យ​ដឹងដែរថា សព្វថ្ងៃនេះដើម្បីទប់ស្កាត់បញ្ហាទាំងអស់នោះ អគ្គស្នងការនគរបាលជាតិ បានបង្កើតនូវ នាយកដ្ឋានមួយ គឺនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ថ្វីត្បិតតែនាយកដ្ឋាននេះទើបបង្កើតឡើង ក៏ប៉ុន្ដែអាចមានសមត្ថភាព គ្រប់គ្រាន់លើការងារនេះ។

យ៉ាងណាមិញ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានជំរុញឲ្យនាយកដ្ឋាននេះ ត្រូវបង្កើនសមត្ថភាពឲ្យកាន់តែខ្ពស់ បន្ថែមទៀត ដើម្បីបង្កើតបណ្ដាញតាមស្នងការ ដែលធ្វើកិច្ចការនេះ នឹងចាត់ចែងឲ្យកម្លាំងជំនាញយកចិត្តទុកដាក់តាមដានគ្រប់ព័ត៌មាន ណាដែលអវិជ្ជមាន ឬព័ត៌មានបំពានច្បាប់ ដើម្បីជញ្ជូនព័ត៌មានទាំងនោះ ទៅថ្នាក់ដឹកនាំមានវិធានតាមផ្លូវច្បាប់ឲ្យបានទាន់ពេល៕