(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំអភិបាលរងខណ្ឌលោក ស៊ូ សោគន្ធ និងប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ រួមដំណើរពីមន្ត្រីក្រោមឱវាទ និងក្រុមការងារយុវជនខណ្ឌ-សង្កាត់ជាច្រើននាក់ ដើម្បីទទួលយកនូវទេយ្យវត្ថុ មានជាសម្ភារ និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យផងដែរពីព្រះតេជព្រះគណ ព្រះនាម ព្រះមង្គលរក្ខិតបណ្ដិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្ត(ញាណរង្ស៊ី) ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដើម្បីយកមកតម្កល់ត្រៀមទុក ចែកជូនបន្តទៅតាមគ្រួសារក្រីក្រ​ងាយរងគ្រោះ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានមួយចំនួន។

នាឱកាសនោះលោក ជា ពិសី បានថ្លែងថា «ខ្ញុំព្រះករុណា ខ្ញុំជួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះតេជគុណ ព្រះមង្គលរក្ខិតបណ្ដិត ខឹម សម្បត្តិ ព្រះនុគណខណ្ឌឫស្សីកែវ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅក្នុងវត្ត(ញាណរង្ស៉ី) ដោយបានផ្ដល់ជូននូវវប្បធម៌ ចែករំលែកមានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន មកដល់អនុសាខាកាកបាទក្រហមកម្ពុជា ក្នុងបំណងចូលរួមទ្រទ្រង់ជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ»

លោក ជា ពិសី បានថ្លែងទៀតថា លោកនឹងបន្តនាំយកសម្ភារ ក៏ដូចជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យទាំងនេះ ដើម្បីចែកជូនជួយសង្គ្រោះទៅដល់ប្រជាពលរដ្ឋក្រីក្រលំបាក ជាជនចាស់ជរាគ្មានទីពឹង និងអ្នកកើតជម្ងឺរ៉ាំរៃ ឫមានផ្ទុកមេរោគអេដស៍ជាដើម «ពោលគឺផ្ដល់ជូនជនងាយរងគ្រោះ» តែម្ដង ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយស្របតាមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បន្ថែមពីនេះទៀត ព្រះតេជព្រះគុណព្រះមង្គលរក្ខិត បណ្ដិតខឹម សម្បត្តិ មានសង្សដីកាថា ដោយមានការរួមចំណែកយ៉ាងយកចិត្តទុកដាក់ពីព្រះមុនីកោសល ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ នឹងជាប្រធានកិត្តិយសសហគមន៍មូលនិធិនគកាយវត្តព្រះពុទ្ឋសាសនា បានធ្វើឲ្យគណៈកម្មការអាចារ្យ(វត្តញាណរង្ស៉ី) មានឱកាសក្នុងការផ្ដល់ អំណោយសប្បុរសធម៌ របស់សមាគន៍មូលនិធិនគរកាយវត្តព្រះពុទ្ឋសាសនាកម្ពុជា ដែលមានទេយ្យវត្ថុ ជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយទាំងនេះ បានមកពីការចូលរួមឧបត្ថម្ភគាំទ្រ ពីពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើន ក្នុងការចូលរួមសហការបរិច្ចាគ នូវវប្បធម៌ចែករំលែកមកដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដែលមានលោក ជា ពិសី ក្នុងបំណងលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើង ឲ្យកាន់តែមានភាពរីកចម្រើនលូត លាស់ទាំងវិស្ស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិយើង ទទួលបាននូវសុខសន្តិភាព ពេញបរិបូរ មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស្ស័យ។

ព្រះតេជព្រះគុណ ព្រះមង្គលរក្ខិត បណ្ដិត ខឹម សម្បត្តិ មានសង្សដីកាទៀតថា សហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ទសាសនាកម្ពុជា បានឧបត្ថម្ភអំណោយជូន មកដល់គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវនាពេលនេះរួមមាន៖ទី-អង្ករ១តោន ទី២-ទឹកក្រូច៥កេស ៣-ស្កសរ៣០ គីឡូក្រាម ទី៤-ទឹកដោះគោខាប់ ២០កំប៉ុង ទី៥-ទឹកត្រី ១០យួរ ទី៦-ទឹកស៉ីអ៉ីវ ១០យួរ ទី៧-តែ២០០កញ្ជាប់ ទី៨-ត្រីខ ១០យួរ ទី៩-ទឹកសុទ្ឋ ១០កេស ទី១០-បាឡុង ២សំរាប់ ទី១១-មី១០កេស ទី១២-និងបច្ជ័យ ៤,០០០,០០០៛(៤លានរៀល) ដោយសរុបជាថវិកាទាំងអស់មានចំនួន៧,៥៤០,០០០៛(ប្រាំពីរលានប្រាំសែនបួនម៉ឺនរៀល)៕