(បាត់ដំបង)៖ មានរឿងអាស្រូវមិនប្រក្រតីមួយ ដែលប្រព្រឹត្តដោយមន្ត្រីគយនៅច្រកទ្វារព្រំដែនអូររំដួល ដោយសារតែមន្ត្រីគយរូបនោះចាប់រថយន្ត អត់បង់ពន្ធនាំចូល របស់មន្ត្រីយោធាផ្នែកទំនាក់ទំនងព្រំដែនម្នាក់ រួចហើយយកជិះទៅច្រៀងខារ៉ាអូខេ ចៃដន្យមន្ត្រីយោធាជាម្ចាស់នៅទីនោះដែរ ពេលឃើញរថយន្តរបស់ខ្លួន ត្រូវមន្ត្រីគយយកមកជិះបែបនេះ ផ្ទុះកំហឹង ក៏តាមទៅវាយកមន្ត្រីគយរូបនោះ មួយដៃចំភ្នែកឡើងប៉ោងខៀវតែម្ដងទៅ។

ករណីនេះត្រូវគេអះអាងថា បានកើតឡើងកាលពីម៉ោងជាង១០យប់ ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ​២០១៧កន្លងទៅនេះ នៅ​​ក្នុង​បន្ទប់​ខារ៉ា​អូ​ខេលេខ៤៤ យីហោ «ជីវ៉េល» ស្ថិត​ក្នុង​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជន​បង្ក​ជាម្ចាស់រថយន្តអត់ពន្ធមាន​​ឈ្មោះ ផាន យុទ្ធ​ឋាន ហៅ​គីប ជាមន្ត្រី​យោធា​ពាក់ស័ក្ដិ៥ ​មានតួនាទី ជា​ប្រធានការ​ងារ​ទំនាក់​ទំនង​ព្រំ​ដែន​កម្ពុជា-ថៃ ប្រចាំ​ច្រក​​​អូរ​រំដួល ស្រុក​ភ្នំព្រឹក ។ រីឯ​ជន​​រងគ្រោះ​​ឈ្មោះ ​ឈួន ឃីសាក់ ភេទប្រុស អាយុ​៤៧​ឆ្នាំ ជា​មន្ត្រី​គយ​ប្រចាំ​ច្រក​រំដួល ស្រុក​ភ្នំព្រឹក (រង​របួស​​ប៉ោង​​ភ្នែក​ម្ខាង )។

សមត្ថកិច្ចនៅមូលដ្ឋានបានបញ្ជាក់​​ថា នៅ​មុន​ពេល​កើតហេតុ​វេលា​ម៉ោង​ខាង​លើ​ ជន​បង្ក​ដែល​ជា​​​​មន្ត្រី​យោធា​នោះ​បានដើរ​​ចូល​ទៅ​ក្នុង​ បន្ទប់ខារ៉ាអូខេ​​របស់​ជន​រង​គ្រោះដែលកំពុងផឹកស៊ី ច្រៀង​លេងសប្បាយ​​​ ស្រាប់តែជនបង្កបាន​ចាប់​ជនរងគ្រោះ វ៉ៃ​​មួយ​ដៃ​ចំ​ភ្នែកខាង​​​ឆ្វេង ​បណ្តាល​ឱ្យ​​ហើមប៉ោងតែ​ តែម្ដងទៅបង្កអោយមានមារភ្ញាក់ផ្អើល ដល់មិត្តភក្តិទៅជាមួយទាំង​​សងខាង បានចូល​ទៅ​​ជួយ​ឃាត់ទាន់ និង​ទាញ​ជន​បង្ក​ហេតុនាំចេញ​ទៅក្រៅ ​បន្ទប់វិញ។ មួយសន្ទុះក្រោយ​មក​​​ក្រុម​ជន​បង្ក​​ បាន​យក​វត្ថុរឹង​ (​មិន​ដឹងថា​ជាវត្ថុអ្វី)​ វ៉ៃ​ទៅ​លើ​រថយន្ត​ដែល​ជនរងគ្រោះ​ជិះ​មកនោះ ​បណ្តាល​ឱ្យ​បែក​ស្តុ​ប​ក្រោយ​ខាងឆ្វេង​អស់​០១ បន្ទាប់​មក​ជន​បង្ក​ក៏​​​ឡើង​ជិះ​រថយន្ត​គេចខ្លួន​បាត់​តែម្តង ចំណែកជនរងគ្រោះ​ក៏​បាន​មក​ដាក់​ពា​ក្យបណ្តឹង​ នៅ​មូលដ្ឋានកងរាជអាវុធហត្ថស្រុក​កំ​រៀង​ទាំង​យប់​។

ពាក់ព័ន្ធករណី​នេះត្រូវ​បាន​គេនិយាយថា​ គឺ​ដោយ​សារ​មន្ត្រី​គយ​ខាង​លើ​ដែល​ជា​ជនរងគ្រោះ​ ​បាន​ចាប់​រថយន្ត​ចង្កូត​ស្តាំមួយគ្រឿង ​​របស់​មន្ត្រី​យោធា បង្កដែលនាំចូលពីប្រទេសថៃ ដោយអត់បង់ពន្ធ​​កាលពី​ថ្ងៃមុន​ ហើយ​មន្ត្រី​គយ​រូប​នោះ​បាន​​យក​រថយន្ត​នោះ ​មក​ប្រើប្រាស់ផ្ទាល់ខ្លួន​ឯង​ ទើប​ធ្វើ​​ឱ្យមន្ត្រី​យោធា​ឃើញក្តៅចិត្ត​​មានគំនុំខឹង​​យ៉ាងខ្លាំង ទើបមានឱកាសបង្ក​​​​ហិង្សា​បែប​នេះ ​នៅក្នុងបន្ទប់ខារ៉ាអូខេខាងលើនេះតែម្តង។

លោក មុយ សាលិត មេបញ្ជាការអាវុធហត្ថស្រុកកំរៀង បានបញ្ជាក់ថា ជនរងគ្រោះពិតជាបានដាក់ពាក្យបណ្តឹង មកអាវុធហត្ថស្រុកពិតប្រាកដមែន ហើយកម្លាំងលោកពុំបានឃាត់ខ្លួនជនបង្កទេ និងបានបញ្ជូនសំណុំរឿងទៅទីបញ្ជាការអាវុធហត្ថខេត្តដើម្បីចាត់ការបន្តរួចហើយ តែឮថារវាងភាគីបង្ក និងភាគីរងគ្រោះ បានសម្រួលគ្នាបញ្ចប់រឿងហើយ។ ពាក់ព័ន្ធករណីនេះការិយាល័យនិពន្ធព័ត៌មាន Fresh News មិនអាចធ្វើការទាក់ទងសាកសួរព័ត៌មាន ទៅមន្ត្រីគយ និងមន្ត្រីយោធាខាងលើបានឡើយ ព្រោះមិនមានលេខទូរស័ព្ទ សំរាប់ធ្វើការទាក់ទង។

ប៉ុន្តែសាធារណជនបាននាំគ្នា ធ្វើការរិះគន់ថាមន្ត្រីគយមិនគួរអាងខ្លួន ជាសមត្ថកិច្ចខាងប្រមូលពន្ធ បែរជាទៅចាប់រថយន្តរបស់គេ ហើយយកមកជិះជាលក្ខណៈឯកជនដើរផឹកស៊ី ច្រៀងខារ៉ាអូខេបែបនេះទេ ព្រោះជារថយន្តកម្មសិទ្ធិរបស់គេ គ្រាន់តែម្ចាស់មិនទាន់ចូលទៅបង់ពន្ធ និងពិន័យដើម្បីយកទៅប្រើប្រាស់វិញតែប៉ុណ្ណោះ។ ចំណែកមន្ត្រីយោធា មិនគួរអាងខ្លួនមានបុណ្យស័ក្ដិ មានសិទ្ធិអំណាច នៅតាមព្រំដែន នៅតែប្រព្រឹត្តល្មើសច្បាប់នាំចូលរថយន្តមិនបង់ពន្ធប្រឆាំង នឹងនយោបាយគៀងគចំណូលពន្ធគយនោះឡើយ៕

រថយន្តអត់បង់ពន្ធនាំចូលរបស់មន្ត្រីយោធា ដែលគយចាប់ ហើយយកជិះទៅច្រៀងខារ៉ាអូខេ

មន្រ្តីយោធា ជាម្ចាស់រថយន្តអត់ពន្ធ និងជាអ្នកបង្កហឹង្សាឈ្មោះផាន យុទ្ធឋាន ហៅគីប