(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំដំណើរទស្សកិច្ចសិក្សាប្រចាំឆ្នាំមួយ ទៅកាន់ភូមិភាគឥសាន្ត ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី មានរយៈពេលពីរយប់បីថ្ងៃ ដែលមានបុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលរួមចំនួន៧០នាក់ ដឹកនាំដោយលោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។

បណ្ឌិត ជា សុភាព បានឲ្យដឹងថា ការធ្វើទស្សនកិច្ចសិក្សាប្រចាំឆ្នាំ២០១៧ ទៅកាន់ភូមិភាគឥសាន្ត ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី នៅថ្ងៃទី២១ ដល់ទី២៣ ខែកក្កដា ឆ្នាំ២០១៧ បានអនុវត្តតាមផែនយុទ្ធសាស្រ្ត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តែងតែរៀបចំដំណើរទស្សនកិច្ចសិក្សាបែបនេះ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងឱ្យនិស្សិតទាំងអស់មាន ឱកាសក្នុងការចូលរួម ក្នុងសកម្មភាពបន្ថែម លើការសិក្សា ហ្វឹកហាត់ការងារ ជួយសហគមន៍ និងសកម្មភាពជួយសង្គមផ្សេងៗ ដូចជាការអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅខេត្តរតនគីរី និងខេត្តមណ្ឌលគីរី និងការងារសង្គម និងការចូលរួមសំអាតបរិស្ថានផងដែរ។

លោកបន្ដថា ក្នុងដំណើរទស្សនកិច្ចសិក្សានេះ ក្រុមនិស្សិតទាំងអស់ បានចុះសិក្សាស្វែងយល់ នៅតាមរមណីយដ្ឋានជាច្រើនដូចជាខេត្តរតនគីរី ទស្សនានៅក្រុងបាលុង បឹងកន្សែង ទស្សនាទឹកជ្រោះកាចាញ ទឹកជ្រោះកាទៀង ភូមិជនជាតិលាងលេក បឹងយក្យឡោម ចំណែកនៅខេត្តមណ្ឌលគីរី យើងក៏បាន ទស្សនាជ្រោះប៊ូស្រា ទស្សនាចំការកាហេ្វ សមុទ្រឈើ ភ្នំដោះក្រមុំ ទស្សនារមណីយដ្ឋានអូររមីស និងកន្លែងវិមានរំរឹកវិញ្ញាណខ័ន្ធ២ធ្នូជាដើម។

ពិសេស នៅតាមគោលដៅ ទស្សនកិច្ចនិមួយៗ ក្រុមនិស្សិតទាំងអស់ ក៏បានខិតខំសិក្សាស្វែងយល់ពីដំណើរការនៃការរៀបចំ និងការគ្រប់គ្រង និងជួបសម្ភាសន៍ ជាមួយ អ្នកគ្រប់គ្រងតាមរមណីយដ្ឋាន ជាពិសេស និស្សិតដែលសិក្សាផ្នែកទេសចរណ៍ បានសិក្សាស្វែងយល់ ដោយផ្ទាល់ រវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ពាក់ព័ន្ធនឹងការរៀបចំអភិវឌ្ឍន៍រមណីដ្ឋានទេសចរណ៍ របៀបរៀបចំខ្សែទស្សនកិច្ច ការគ្រប់គ្រងកម្មវិធី ដំណើរកំសាន្តរបៀបរៀបចំ ការបែងចែក កញ្ចប់សេវាកម្ម ។

លោក សេង ភីរ៉ុង និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសគ្រប់គ្រងពាណិជ្ជកម្ម តួនាទីនាយកផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុនផលិតសា្របៀរស្ពេស្ស៉ល បានសម្ដែងនូវចំណាប់អារម្មណ៍របស់ខ្លួន ចំពោះដំណើរទស្សនកិច្ចសិក្សានេះថា «ដំណើរទស្សនកិច្ចសិក្សានេះពិតជាបានផ្តល់បទពិសោធន៍ចំណេះដឹង ការសិក្សា ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ អេកូទេសចរណ៍តាមបណ្តារខេត្តទាំងពីរ សង្វាក់ផលិតកម្ម និងធ្វើឲ្យនិស្សិតរបស់យើងកាន់តែស្រលាញ់នូវវប្បធម៌ ធម្មជាតិដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយនិស្សិតរូបនេះ ក៏បានសំណែងអំណរគុណ ចំពោះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សម្រាប់ផ្តល់ឱកាសដស់និស្សិតទទួលបាននូវបទពិសោធន៍ជាក់ស្តែង តាមរយៈទស្សនកិច្ចសិក្សានេះ»។

កញ្ញា សេង ស្រីធា អតីតនិស្សិតថ្នាក់បរិញ្ញាបត្រ ឯកទេសធានាគារ និងហិរញ្ញាវត្ថុ តួនាទីអ្នកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុនស្តារហ្វីស បឹងហ្គាឡូ បានសំដែងនូវចំណាប់អារម្មណ៍របស់ខ្លួនថា ចំពោះដំណើរទស្សនកិច្ចសិក្សា នៅខេត្តរតនគីរី និងខេត្តមណ្ឌលគីរី ដំណើរទស្សនកិច្ចសិក្សានេះពិតបានទទួលនូវបទពិសោធន៍ជាច្រើន ក្នុងការរៀបចំខ្សែទស្សនកិច្ចសិក្សាក្នុងនោះរួមមានការស្នាក់នៅ ការហូបចុក និងការគ្រប់គ្រង។កញ្ញាក៏បានផ្តាំផ្ញើដល់និស្សិតគ្រប់រូបឲ្យខំសិក្សាបន្ថែមទៀត ពីព្រោះឧកាសទៅទស្សនកិច្ចសិក្សានេះ និងមានជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានការបណ្តុះបណ្តាលគ្រប់កំរិត ថ្នាក់បរិញ្ញាបត្ររង ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត លើគ្រប់ឯកទេសទាំងអស់ ព័ត៌មានបន្ថែមទំនាក់ទងលេខ ០១៥ ៧២ ០០ ៧២៕