(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងវគ្គបំប៉នជំនាញកងរាជអាវុធហត្ថឆ្នាំ២០១៧ បានទទួលការយល់ដឹងអំពីច្បាប់ និងតួនាទីពីលោក ហង់ ស៊ីថា ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ និងលោកចៅក្រម ឆឹម រិទ្ធី ដែលមានសិក្ខាមកាមជាង១០០នាក់ មកពីចំណុះបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរងតំណាងលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានថ្លែងថា ថ្ងៃនេះសិក្ខាកាមអាវុធហត្ថ និងទទួលបានការស្វែងយល់ផ្លូវច្បាប់ តួនាទីភារកិច្ចចៅក្រម ក្នុងនាមកម្លាំងអាវុធហត្ថជាចំណែកមួយអនុវត្តច្បាប់ គឺមន្ត្រីនគរបាលយុត្តិធម៌ និងអនុវត្តដីកាតុលាការផងដែរ។

លោក ហង់ ស៊ីថា បានលើកឡើងថា ទោះវគ្គបំប៉ននេះមានមុខវិជ្ជាច្បាប់ត្រឹមតែ២៥%មែន តែលោកក្នុងនាមតំណាងឲ្យចៅក្រម ដែលកំពុងដំណើរក្នុងសាលាដំបូងខេត្តកំពង់ស្ពឺ ទាំងអស់ និងប្រឹងប្រែងបង្ហាញឲ្យអស់ក្នុងការពន្យល់ពីផ្លូវច្បាប់ និងតួនាទីភារកិច្ចរបស់ចៅក្រម ពាក់ព័ន្ធនិងការអនុវត្តច្បាប់ ពោលគឺ​ចៅក្រម​ ត្រូវតែអនុវត្តតាម​តួនាទី​របស់ខ្លួន ឈរលើ​ស្មារតី​អ​គិត​ធម៌​ទាំង៤។

​នៅក្នុង​ច្បាប់​ស្តី​លក្ខន្តិកៈ​នៃ​ចៅក្រម បាន​តម្រូវ​ឲ្យ​ចៅក្រម​ស្បថស្បែ​ មុននឹង​បំពេញ​តួនាទី​របស់ខ្លួនក្នុង​វិជ្ជាជីវៈ​ ហើយចៅក្រម​ទាំងអស់ក្នុងពេល​បំពេញ​វិជ្ជាជីវៈ​ ជា​ចៅក្រមបាន សូម​ប្តេជ្ញា​ថា នឹង​ប្រតិបត្តិ​តួនាទី ភារកិច្ច និង​ប្រើ​សិទ្ធិអំណាច​របស់​គេ ក្នុងឋានៈ​ជា​ចៅក្រម ដោយ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ សតិសម្បជញ្ញៈ និង​ឧ​ត្ត​ម​គតិ​ជាតិ ក្នុងការ​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ និង​ការអនុវត្ត​ច្បាប់​ទាំងឡាយ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ត្រូវ​វៀរចាក​ពី​អគតិ​ធម៌​ទាំង៤ប្រការ​គឺ៖ ឆន្ទាគតិ ទោសាគតិ ភយាគតិ និង​មោហាគតិ និង​ប្រកាន់​នូវ​គុណធម៌​ប្រកបដោយ វីរ​យា​សម្បយុត្ត សុចរិតយុត្តិធម៌ បញ្ញត្តិ​គារ​វោ សមទ​ណ្ឌោ និង​បញ្ញាវុធ វិនិច្ឆ័យ៕