(សៀមរាប)៖ ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ជាជនជាតិចិន ត្រូវបានសមត្ថកិច្ចរាយការណ៍ថា បានលង់ទឹកស្លាប់ ពេលចូលទៅស្នាក់នៅក្នុង សណ្ឋាគារ «លីន រតនអង្គរ» ស្ថិតនៅ ក្រុមទី៧ ភូមិ-សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ប៉ុន្តែនៅពេលនេះគេមិនទាន់ដឹងថា ខាងម្ចាស់ សណ្ឋាគារ ត្រូវចេញសំណងដល់គ្រួសារសពជនបរទេសយ៉ាងណានោះទេ។ នេះបើយោងរបាយការណ៍របស់ ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤  ខែកក្កដា ឆ្នាំ២០១៧នេះ។

យ៉ាងណាក៏ដោយទាំង លោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងលោក ភឹង ចិន្តារ៉េត ស្នងការរងនិងជាប្រធាន ការិយល័យកណ្តាលព្រហ្មទណ្ឌ មិនទាន់បញ្ជាក់បានទេ ដោយលោកទាំង២ កំពុងចូលរួមប្រជុំជាមួយអគ្គស្នងការនគរបាលជាតិ នៅព្រឹកនេះ។

របាយការណ៍របស់នគរបាលបានបញ្ជាក់ថា ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ស្ថិតនៅសណ្ឋាគារ «លីន រតនៈអង្គរ» ដែលក្មេងរងគ្រោះស្លាប់ឈ្មោះ Meng Lina ភេទស្រី អាយុ១០ឆ្នាំ ជនជាតិចិន(ភ្ញៀវទេសចរ)។

លោក ចក់ សាន អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារផ្នែកមើលខុសត្រូវអាងទឹក ធ្វើការពីម៉ោង១៤ ដល់២យប់ បានប្រាប់សមត្ថកិច្ចថា  នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ខ្លួនបានមកធ្វើការដូចសព្វដង នៅវេលាម៉ោងប្រហែល ម៉ោង១៩៖១០នាទី ខ្លួនបានឃើញមានភ្ញៀវ អឺរ៉ុបប្រុសម្នាក់ និងកូនរបស់គាត់ ហែលទឹកលេងក្នុងអាង បន្ទាប់មកខ្លួនបាន ដើរឡើងទៅមើលបន្ទប់ស្ប៉ាជាន់ទី១ ប្រហែល១០នាទីក្រោយ ខ្លួនបានចុះមកមើលអាងទឹកវិញ ខ្លួនបានដើរកាត់អាងទឹកទៅបន្ទប់ទឹក តែមិនចាប់អារម្មណ៍ថា មានក្មេងលង់ទឹក ឡើយលុះចេញពី បន្ទប់ទឹកបានដើរមាត់អាងក៏ឃើញក្មេងម្នាក់ដេកផ្កាប់មុខ បាតអាងពេលនោះខ្លួនបានលោត ចុះស្រង់មកដាក់មាត់អាងនិងស្រែកហៅគ្នីគ្នា មកជួយមានសែប និងរីសីព និងភ្ញៀវអឺរ៉ុបម្នាក់ ជួយធ្វើចលនាបេះដូង តែនៅមិនដឹងខ្លួន។

បន្ទាប់មកក៏បញ្ជូនដោយរថយន្តសណ្ឋាគារដែលមានខ្លួន និងតៃកុងឈ្មោះ ហួរ និងធួរលីឌ័រស្រីម្នាក់ ជនជាតិចិនទៅពេទ្យអប្សរាអង្គរ តែគេមិនទទួល បន្ទាប់ទៅពិភពរស្មី តែមិនទទួលទៀត ទើបទៅរ៉ូយ៉ាល់ តែពេទ្យប្រាប់ថា ស្លាប់បាត់ហើយរួចខ្លួនបានត្រឡប់មក សណ្ឋាគារមុន។ បច្ចុប្បន្ន សាកសពបានតម្កល់ទុកនៅមន្ទីពេទ្យរ៉ូយ៉ាល់ ដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកនៅព្រឹកថ្ងៃដដែលនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបកស្រាយពីតំណាងសណ្ឋាគារ បាននៅឡើយទេ ដោយគ្មានលេខទំនាក់ទំនង៕