(ភ្នំពេញ)៖ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឈានមុខគេមួយ នៅកម្ពុជា បានប្រកាសឲ្យដឹងថា ព្រូដិនសលកម្ពុជា សម្រេចបានគោលដៅ ក្នុងការលក់ ដ៏គួរស្ញប់ស្ញែងមួយ នៅកម្ពុជា គឺក្រុមហ៊ុនសម្រេចការចេញបាន ១០ម៉ឺនបណ្ណសន្យារ៉ាប់រងរួចហើយ បើគិតចាប់ តាំងពីចាប់ផ្តើមប្រតិបត្តិការ ក្នុងឆ្នាំ២០១៣មក។

ជម្រើសនៃផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ត្រូវបានទទួលការចាប់អារម្មណ៍ខ្ពស់ ពីសំណាក់ប្រជាជនកម្ពុជា គ្រប់ស្រទាប់វណ្ណៈ ចាប់តាំងពីអតិថិជន ដែលទើបចាប់ផ្តើម រៀបចំផែនការហិរញ្ញវត្ថុ សម្រាប់ការអប់រំរបស់បុត្រធីតា រហូតដល់អតិថិជន មានវ័យចំណាស់ ដែលស្វែងរកការការពារហិរញ្ញវត្ថុសម្រាប់ពេលវេលាចូលនិវត្តន៍ជាដើម ។

លោក David Nutman អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានថ្លែងថា «ជោគជ័យរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្នុងការសម្រេចបាននូវគោលដៅ ដ៏គួរស្ញប់ស្ញែងនេះ ជាលទ្ធផល នៃការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា របស់បុគ្គលជាច្រើននាក់ ជាពិសេសបុគ្គលិក និងទីប្រឹក្សាហិរញ្ញវត្ថុរបស់យើង ហើយយើងក៏មានភាពជាដៃគូរឹងមាំ និងជោគជ័យជាមួយធនាគារ អេស៊ីលីដា ដែលមានសាខា នៅទូទាំងប្រទេស និងសេវាកម្មប្រកបដោយគុណភាព ដែលបានជួយជំរុញកំណើនការលក់ បណ្ណសន្យារ៉ាប់រងរបស់យើង គួរកត់សម្គាល់។ បន្ថែមពីនេះ យើងខ្ញុំក៏សូមថ្លែងអំណរគុណ ជាពិសេស ដល់អតិថិជនរបស់យើងគ្រប់រូប ដែលបានផ្តល់ការទុកចិត្តលើក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដើម្បីការពារអនាគតហិរញ្ញវត្ថុរបស់ពួកគាត់»

តាមរយៈការផ្តល់ជូនផលិតផលធានារ៉ាប់រងអាយុជីវិត ដែលបំពេញតាមតម្រូវការ ក្នុងការសន្សំប្រាក់ និងការពារហិរញ្ញវត្ថុ របស់ប្រជាជនកម្ពុជា បូកផ្សំជាមួយនឹងយុទ្ធនាការអប់រំ ឥតស្រាកស្រាន ដើម្បីលើកកម្ពស់ការយល់ដឹង អំពីសេវាធានារ៉ាប់រងអាយុជីវិត នៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននិងកំពុងដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនក្នុងវិស័យធានារ៉ាប់រងអាយុជីវិត នៅកម្ពុជាទាំងមូល ។

លោកបន្ថែមទៀតថា «បន្ថែមពីការផ្តល់ជូនដល់អតិថិជនកម្ពុជា នូវការការពារ និងការធានាអនាគតហិរញ្ញវត្ថុ របស់ក្រុមគ្រួសារពួកគាត់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏មានកិត្តិយស ដោយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យធានារ៉ាប់រងអាយុជីវិត និងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាបានចូលរួមចំណែក លើកកម្ពស់ការយល់ដឹងរបស់សាធារណៈជន អំពីភាពចាំបាច់ក្នុងការរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែង»

ក្រៅពីភាពជោគជ័យផ្នែកអាជីវកម្ម ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏បានចូលរួមចំណែកក្នុងកិច្ចផ្តួចផ្តើមអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពជាច្រើននៅក្នុងប្រទេសកម្ពុជា តាមរយៈ មូលនិធិព្រូដិនស៍ ដែលជាមូលនិធិសប្បុរសធម៌នៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា ។សម្រាប់ការអប់រំ ជាពិសេសការអប់រំផ្នែកហិរញ្ញវត្ថុ ជាគុណតម្លៃស្នូលរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ហើយកម្មវិធីអប់រំមូលដ្ឋានគ្រឹះហិរញ្ញវត្ថុកុមារ ហៅថា «ឆា-ឈីង» កម្មវិធីលើកកម្ពស់ការអប់រំ និងអភិវឌ្ឍកុមារតូច «អំណានដំបូង» និងគំនិតផ្តួចផ្តើមនៃគម្រោង «សាលារៀនមានសុវត្ថិភាព» ដែលក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននិងកំពុងអនុវត្តដោយជោគជ័យបានជះឥទ្ធិពលវិជ្ជមានដល់ជីវិតរបស់កុមារ និងយុវវ័យជាច្រើនពាន់នាក់នៅកម្ពុជា ។

បន្ថែមពីនេះ កម្មវិធីថ្នាក់តំបន់ ហៅថា កម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ មូលនិធិព្រូដិនស៍ ដែលមានតារាសម្តែងល្បីឈ្មោះ លោកស្រី Michelle Yeoh ជាអគ្គរាជទូតសុឆន្ទៈនៃកម្មវិធីវិធានការសុវត្ថិភាព ស្តីពីចរាចរណ៍ផ្លូវគោកបានផ្សព្វផ្សាយសារ ដ៏មានសារៈសំខាន់អំពីសុវត្ថិភាព និងសុខុមាលភាពផ្ទាល់ខ្លួន ទៅដល់ប្រជាជនកម្ពុជារាប់ម៉ឺននាក់៕