(កំពង់ធំ)៖ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ សាលាគរុកោសល្យ និងវិក្រតការ ហ៊ុន សែន ខេត្តកំពង់ធំ បានទទួលបណ្ដុះបណ្ដាលគរុសិស្សជាបន្តបន្ទាប់ ក្នុងនោះមានគរុសិស្សនួន៨៨នាក់ បានប្រឡងជាប់ជាស្ថាពរ។

ទិន្នន័យនេះ ត្រូវបានបង្ហាញឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល គ្រូបឋមសិក្សាជំនាន់ទី៣៤ នៅសាលាគរុកោសល្យ និងវិក្រិតការ ហ៊ុន សែន កំពង់ធំ ស្ថិតនៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ដោយមានការចូលរួមពីប្រធានអង្គភាព មន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងគរុសិស្សជាង៣០០នាក់។

លោកស្រី ងួន ផល្លី នាយិកាសាលាគរុកោសល្យ និងវិក្រិតការ ហ៊ុន សែន ខេត្តកំពង់ធំ បានធ្វើរបាយការណ៍សង្ខេបពីស្ថានភាពសាលា និងចំនួនគរុសិស្សដែលបានប្រឡង ជាប់ចូលរៀន រយៈពេល២ឆ្នាំ មានចំនួន១៦៩នាក់ ក្នុងនោះគរុសិស្សឆ្នាំទី១ មានចំនួន ៨១នាក់ និងឆ្នាំទី២ មានចំនួន៨៨នាក់ ក្នុងនោះគរុសិស្សឆ្នាំទី២ ជំនាន់ទី៣៤ ដែលបានឆ្លងវគ្គបណ្តុះបណ្តាល និងបានប្រឡងបញ្ចប់ជាប់ជាស្ថាពរ។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះគរុសិស្ស ដែលបានទទួលការបណ្តុះបណ្តាល ក្នុងការក្លាយខ្លួនជាគ្រូបង្រៀន នាពេលខាងមុខ ដើម្បីបង្ហាត់បង្ហាញកុមារនៅក្នុងសហគមន៍។

លោក សុខ លូបានផ្តាំផ្ញើថា ពេលត្រលប់ទៅតាមមូលដ្ឋានវិញ ត្រូវអប់រំកុមារឲ្យក្លាយជាទំពាំងស្នងប្ញស្សីល្អ ជៀសវាងការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និងអំពើអបាយមុខផ្សេងៗ ត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ និងកុមារ នៅក្នុងសហគមន៍របស់ខ្លួន ត្រូវខិតខំបន្តស្វ័យវាយតម្លៃខ្លួនឯងជាប្រចាំត្រូវបន្តការអភិវឌ្ឍខ្លួនដោយកសាងសមត្ថភាពតាមជំហានៗ ត្រូវមានវិធីសាស្ត្រល្អ និងមានសម្ភារក្នុងការបង្ហាត់បង្រៀនសិស្ស ត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈជាគ្រូបង្រៀន។

លោកបានលើកឡើងថា ការកសាងធនធានមនុស្សមិនអាចធ្វើតែមួយថ្ងៃបាននោះទេ គឺយើងត្រូវធ្វើជាប្រចាំ៕