(ភ្នំពេញ)៖ ក្នុងព្រឹត្តិការណ៍ប្រឡងចម្រៀង «ណូដូជីម៉ាន់» លើកទី៨ ដែលបានរៀបចំធ្វើឡើងដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) បានរកឃើញបេក្ខជន-បេក្ខនារី ទទួលបានជ័យលាភីហើយ ដែលមានចំនួន៣រូប សម្រាប់នៅក្នុងឆ្នាំ២០១៧នេះ។

ក្នុងព្រឹត្តិការណ៍ប្រឡងចម្រៀង «ណូដូជីម៉ាន់» លើកទី៨នេះ បានធ្វើឡើងនៅសាលអង្គរ-គីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ដែលមានការចូលរួមពី លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, លោកបណ្ឌិត ឃឹម លាង នាយកមជ្ឍមណ្ឌល សហប្រតិបត្តិការកម្ពុជា-ជប៉ុន នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧។

បេក្ខជន និងបេក្ខនារី ដែលទទួលបានជ័យលាភីសម្រាប់ឆ្នាំនេះ មានឈ្មោះ រួមមាន ទី១៖ កញ្ញា ឈួន សុគន្ធណារី ទទួលបានជ័យលាភី លេខ១ ទី២៖ លោក គីរី សាន់យ៉ា ទទួលបានជ័យលាភីលេខ២ និងទី៣៖ កុមារា គុណ ប្រុស ទទួលបានជ័យលាភីលេខ៣។

បេក្ខជន និងបេក្ខនារី ដែលទទួលបានជ័យលាភីរង្វាន់ពិសេសសម្រាប់ឆ្នាំនេះ មានឈ្មោះ រួមមាន ទី១៖ កញ្ញា យ៉ង់ ម៉ាលួម ទទួលបាន រង្វាន់ពិសេសលើការ បញ្ចេញសំនៀងភាសាជប៉ុនបានល្អលេខ១, ទី២៖ លោក ឈឿន សីហា ទទួលបានរង្វាន់ពិសេសលើការបញ្ចេញ សំនៀងភាសាជប៉ុនបានល្អលេខ២, ទី៣៖ កញ្ញា សួង មករា ទទួលបានរង្វាន់ពិសេសលើការច្រៀង ត្រូវបទភ្លេងបានល្អលេខ១, ទី៤៖ លោក ប៉ែន សុធារិទ្ធ ទទួលបានរង្វាន់ពិសេសលើការច្រៀងត្រូវបទភ្លេងបានល្អលេខ២ និងទី៥៖ កុម៉ារី យ៉េម ស្រីនាង ទទួលបានរង្វាន់ ពិសេស លើការសម្តែងកាយវិការបានល្អបំផុត។

សូមបញ្ជាក់ថា បេក្ខជនជ័យលាភីលេខ១ ពីការប្រកួតទទួលបាននូវពានកុលាលភាជន៍ វិញ្ញាបនបត្រ និងកុំព្យូទ័រយួរដៃមួយគ្រឿង, រង្វាន់ជ័យលាភីលេខ២ និងលេខ៣ ទទួលបាននូវវិញ្ញាបនបត្រ និងកំព្យូទ័រយួរដៃមួយគ្រឿង។

កម្មវិធីនេះ ទទួលបានការឧបត្ថម្ភដោយក្រុមហ៊ុនឯកជន និងស្ថាប័នជាច្រើន ដែលមានដូចជា៖ ធនាគារកម្ពុជាសាធារណៈ សាលាតូរ្យតន្រ្តី Soundskool ក្រុមហ៊ុន Mates Global Communications ភោជនីយដ្ឋាន Yakiniku Garden Shiki សាលាតន្ដ្រីនាគព័ន្ធ ក្រុមហ៊ុន LOCOMO ភោជនីយដ្ឋានសូវ៉ាន់ ក្លឹបបាល់ទាត់ Cambodia Tiger ហាងខារ៉ាអូខេ Dream និងសមាគមជនជាតិជប៉ុននៅកម្ពុជា។

លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន បានថ្លែងថា «ស្ថានទូតជប៉ុន រួមសហការជាមួយមជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជាជប៉ុន (CJCC) បានរៀបចំកម្មវិធីប្រឡងកម្មវិធីប្រឡងចម្រៀងណូដូជីម៉ាន់ លើកទី៨ ក្នុងគោលបំណងចង់ឲ្យអ្នកសិក្សាភាសាជប៉ុន ទាំងរីករាយ ក្នុងការសិក្សាតាមរយៈការច្រៀង ចម្រៀងជាភាសាជប៉ុន។ ខ្ញុំសង្ឃឹមថា លោក លោកស្រី ដែលមានវត្តមាននៅទីនេះ នឹងចូលរួមរីករាយជាមួយនឹងចម្រៀងជប៉ុនទាំងអស់គ្នា»។

លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា បានបន្ដទៀតថា ការប្រឡងចម្រៀងលើកនេះ បេក្ខជនដែលបានដាក់ពាក្យមក សរុបចំនួន១៤៧ក្រុម ក្នុងនោះមាន១៦ក្រុម បានជាប់ក្នុងវគ្គជំរុះ នៅទីក្រុងភ្នំពេញ និងនៅខេត្តសៀមរាប ដើម្បីចូលរួមប្រកួតវគ្គ ផ្ដាច់ព្រ័ត្រនៃការប្រឡង ចម្រៀងនេះ។ ជាមួយគ្នានេះដែល ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ អ្នកសហការឧបត្ថម្ហទាំងអស់ ដែលចូលរួមសហការ ដើម្បីកម្មវិធីប្រកួតនេះ អាចប្រព្រឹត្តទៅបាន។

លោកបណ្ឌិត ឃឹម លាង នាយក CJCC បានឲ្យដឹងថា បេក្ខជនទាំងអស់ដែលវត្តមាននៅទីនេះ គឺសុទ្ធសឹងតែតែបេក្ខជនដែលបាន ឆ្លងកាត់ វគ្គជម្រុះដ៏លំបាក ខ្ញុំសូមសរសើរដោយស្មោះចំពោះសមត្ថភាពរបស់ប្អូនៗ។ លោកបន្ដថា កម្មវិធីនេះ ក៏ជាផ្នែកមួយសម្រាប់ រឹតចំណងមិត្តភាពរវាងកម្ពុជា ក៏ដូចជាការលើកទឹកចិត្តដល់សិក្សាភាសាជប៉ុន នៅក្នុងកម្ពុជាដែលមានជំនាញផ្នែកសិល្បៈចម្រៀងឲ្យ មានឱកាសបង្ហាញនូវទេសកោសល្យរបស់ខ្លួនជូនដល់ សាធារណជនស្គាល់។

សូមជម្រាបថា ការប្រលងចម្រៀង «ណូដូជីម៉ាន់» ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងបំណងជំរុញការសិក្សាភាសាជប៉ុន នៅកម្ពុជា គឺមិនត្រឹមតែផ្តល់នូវឱកាសដល់សិស្សកម្ពុជា ដើម្បីបង្ហាញនូវទេពកោសល្យរបស់ពួកគេ ក្នុងវិស័យវប្បធម៌ប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ដើរតួនាទី ដ៏សំខាន់ផងដែរក្នុងការលើកទឹកចិត្តសិស្ស និស្សិតឲ្យសិក្សាភាសាជប៉ុន៕