(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនហ្គោលដណ្ដើមពានរង្វាន់ Metfone Golf Championship 2017 បានបញ្ចប់ដោយជោគជ័យ ក្រោយឆ្លងកាត់ការប្រកួតពេញ១ថ្ងៃ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា នៅលើទីលាន City Golf ខណ្ឌឬស្សីកែវ ខណៈពិធីបិទធ្វើឡើងក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក។

តាមការបញ្ជាក់របស់តំណាងទីលាន City Golf បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ មានកីឡាករមិនអាជីពចូលរួមសរុប ៩០នាក់ ដែលមានទាំងមន្ដ្រីរាជការ អ្នកជំនួញ និងសាធារណជនទូទៅ តែក្នុងនោះក៏មានកីឡាករកូរ៉េ ចិន រួមទាំងកីឡាករមកពីតំបន់អឺរ៉ុបចូលរួមមួយចំនួនផងដែរ។ ការប្រកួតបានធ្វើឡើងពេញ១ថ្ងៃតែម្ដង ក្រោមការឧបត្ថម្ភធំពីក្រុមហ៊ុន Metfone និងក្រុមហ៊ុនសហការមួយចំនួនទៀត។

ចំពោះគោលបំណងក្នុងការរៀបចំព្រឹត្តិការណ៍លក្ខណៈអន្ដរជាតិនេះ គឺដើម្បីចូលរួមលើកស្ទួយវិស័យកីឡាវាយកូនហ្គោលកម្ពុជាឲ្យមានការរីកចម្រើន និងស្វែងអ្នកមានទេពកោសល្យ និងសមត្ថភាពខ្ពស់ប្រចាំឆ្នាំ២០១៧។ ពិសេសជាងនេះទៅទៀត គឺការរឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើននូវសុខភាពល្អ ក៏ដូចជាជំរុញឲ្យយុវជនងាកមកលេងកីឡា ដើម្បីចៀសឆ្ងាយពីគ្រឿងញៀនផ្សេងៗជាដើម។

ជាលទ្ធផលចំពោះការប្រកួតក្រុម A ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ ពៅ ពេជ្រមេត្ដា, លេខ២ កីឡាករ អ៊ឹម រាហ៊ុល និងលេខ៣ បានទៅកីឡាករ កែម សំរេច។ ចំណែកលទ្ធផលក្រុម B ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ ជុំ សំអាន, លេខ២ កីឡាករ ម៉ែន រ៉ា និងលេខ៣ កីឡាករ ភ័ណ្ឌ ណារ៉ា៕