(ភ្នំពេញ)៖ លោក កែម រិទ្ធិសិទ្ធ ប្អូនប្រុសបង្កើតរបស់សពលោកបណ្ឌិត កែម ឡី បានអំពាវនាវដល់សម្បុរសជនជួយឧបត្ថម្ភថវិកា ដើម្បីសាងសង់ចេតិយជូន បងប្រុសរបស់លោក។ ការសម្រេចចិត្តប្រកាសស្វែងរកជំនួយពីសប្បុរសជននេះ បានធ្វើឡើងបន្ទាប់ពីដំណើរការនៃការសាងសង់ចេតិយរបស់លោក កែម ឡី ត្រូវបានខកខានអស់រយៈពេលជាងមួយឆ្នាំហើយ ព្រោះតែគ្មានថវិកា។

លោក កែម រិទ្ធិសិទ្ធ តំណាងក្រុមគ្រួសារលោកបណ្ឌិត កែម ឡី បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧នេះថា ការសាងសង់ ចេតិយបងប្រុសរបស់ លោកគ្រោងចំណាយថវិកាជាង១៧ម៉ឺនដុល្លារអាមេរិក។ លោក កែម រិទ្ធិសិទ្ធ បានបញ្ជាក់ផងដែរថា ដំណើរការសាងសង់ ចេតិយបងប្រុសរបស់លោកមកដល់ពេលបច្ចុប្បន្ននេះ ដែលមានរយៈពេលមួយឆ្នាំមកហើយនោះ មិនទាន់បានលេចចេញជារូបរាងនៅឡើយទេ ព្រោះតែគ្មានថវិកា ហើយគណៈកម្មការរៀបចំមួយចំនួនក៏បានដកខ្លួនវិញដែរ។

លោក កែម រិទ្ធិសិទ្ធ បានឲ្យដឹងថា បច្ចុប្បន្នមានតែក្រុមគ្រួសាររបស់លោក និងក្រុមការងារ​២-៣នាក់ប៉ុណ្ណោះ ជាអ្នកដោះស្រាយលើការសាងសង់ចេតិយនេះដោយផ្ទាល់ ដូច្នេះលោកសូមអំពាវនាវសម្បុរសជនទាំងក្រុង និងក្រៅប្រទេស រកថវិកាក្នុងនាមក្រុមគ្រួសាររបស់លោកផ្ទាល់ ដើម្បីរៀបចំសាងសង់ចេតិយជូនប​ងប្រុសរប​ស់លោក។

លោក កែម រិទ្ធិសិទ្ធ បានថ្លែងបញ្ជាក់ថា ជាងមួយឆ្នាំហើយការសាងសង់មិនទាន់ចេញរូបរាង ដូច្នេះក្នុងនាមលោក និងក្រុមគ្រួសារមិនចង់ទុកឲ្យសពបងប្រុស របស់លោក នៅរងាអត់មានចេតិយនោះទេ។

ចាប់តាំងពីថ្ងៃដែលលោក កែម ឡី បានទទួលមរណភាព គេបានឮគណៈកម្មការរៀបចំបុណ្យសពរបស់លោក កែម ឡី ដែលមានព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាសមាជិកដែរនោះ បានលើកឡើងជាច្រើនពីគម្រោងរៀបចំសាងសង់ចេតិយសម្រាប់សពលោកបណ្ឌិត កែម ឡី ដោយមានរៀបចំជាស្រះទឹក និងមានជាបណ្ណាល័យតម្កល់ស្នាដៃ ព្រមទាំងកម្រងពាក្យពេចន៍របស់លោកបណ្ឌិត កែម ឡី ផងដែរ។ បើស្តាប់ការរៀបរាប់របស់ព្រះតេជគុណ ប៊ុត ប៊ុនទិញ ផែនការនៃការរៀបចំសាងសង់ចេតិយសម្រាប់តម្កល់សពរបស់លោក កែម ឡី ហាក់ មានភាពច្បាស់លាស់ និងប្រាកដនិយមខ្លាំងណាស់។ តែមកដល់ពេលបច្ចុប្បន្ននេះ គឺមានរយៈពេលជាងមួយឆ្នាំទៅហើយចេតិយនោះមិនបានលេចចេញជារូបរាងនោះទេ។

ឆ្លើយតបសំណួរថា ហេតុអ្វីក៏ខ្វះថវិកាក្នុងការសាងសង់ ព្រោះមានអ្នកនយោបាយ និងអួតអាងស្រឡាញ់លោកបណ្ឌិត កែម ឡី ទាំងក្នុង និងក្រៅប្រទេសបានអះអាង មុតមាំក្នុងការកៀរគររកថវិកាសាងសង់ចេតិយនេះ? លោក កែម រិទ្ធិសិទ្ធ បានបញ្ជាក់ថា លោកក៏បានឮដូចគ្នាតាមព័ត៌មាននានា ពីការអះអាងរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ និងមនុស្សជាច្រើនទៀតទាំងក្នុង និងក្រៅប្រទេស តែរហូតមកដល់ពេលនេះលោកមិនទាន់បានឃើញថវិកាទាំងអស់នោះនៅឡើយទេ។ បើតាមលោក កែម រិទ្ធិសិទ្ធ ព្រោះតែការអស់សង្ឃឹមចំពោះការអះអាងទាំងអស់នោះហើយ ទើបលោកសម្រេចចិត្តចេញមកអំពាវនាវដោយ ខ្លួនឯងផ្ទាល់ ដើម្បីស្វែងរកថវិកាសាងសង់ចេតិយជូនបងប្រុសរបស់លោក។

លោក កែម រិទ្ធិសិទ្ធ បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលមានសមានចិត្តអាណិតស្រឡាញ់ និងគោរពលោកបណ្ឌិត កែម ឡី នឹងចូលរួមបរិច្ចាគថវិកាជួយឲ្យការសាងសង់ចេតិយបងប្រុសរបស់លោកឲ្យទទួលបានជោគជ័យជាស្ថាពរ។

សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅស្ថានីយប្រេងឥន្ធនៈកាលតិចជាប់ស្តុបបូកគោ ក្នុងខណ្ឌចំការមន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។ ក្រោយមរណភាពរបស់លោក កែម ឡី គេឃើញអ្នកនយោបាយបក្សប្រឆាំង គឺគណបក្សសង្រ្គោះជាតិ ព្រមទាំងអ្នកគាំទ្រមាននិន្នាការប្រឆាំង បានចេញកាងសពផ្តាច់មុខ ដោយមិនឲ្យអ្នកមាននិន្នាការផ្ទុយពីបក្សប្រឆាំងចូលរួមក្នុងពិធីបុណ្យសពនេះឡើយ ហើយទាំងបានធា នាអះអាងរៀបចំចាត់ចែងពិធីបុណ្យ និងសាងសង់ចេតិយជូនសពលោក កែម ឡី ឲ្យបានស័ក្តិជាបុគ្គលដែលពួកគេគោរព។

តែអ្វីដែលជាការកត់សម្គាល់នោះ អ្វីៗហាក់មិនបានសម្រេចដូចការអះអាងនោះឡើយ ជាក់ស្តែងសូម្បីតែការបុណ្យសពគម្រប់ខួបមួយឆ្នាំ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ដែលមានការជំពាក់ថ្លៃបបរ និងការចំណាយផ្សេងៗរហូត ៧៨០០ដុល្លារអាមេរិក គេមិនឃើញ អ្នកស្រែកស្រឡាញ់លោក កែម ឡី ចេញជួយដោះស្រាយការខ្វះខាតនេះ។

ផ្ទុយទៅវិញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលត្រូវបានក្រុមប្រឆាំងចោទប្រកាន់ និងលាបពណ៌ថាជាអ្នកនៅពីក្រោយ ឃាតកម្មនេះ បែរជាមានក្តីសណ្តោស និងអាណិតអាសូរចំពោះក្រុមគ្រួសារសពរបស់លោក កែម ឡី ហើយបានចូលបុណ្យថវិកា១ម៉ឺនដុល្លារអាមេរិក សម្រាប់ចាត់ចែង និងទូទាត់ការចំណាយផ្សេងៗ ដែលក្រុមគ្រួសារកំពុងជំពាក់គេក្រោយពីពិធីបុណ្យ៕