(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានប្រកាសលុបឈ្មោះសិស្សនាយនគរបាល និងនាយនគរបាលរង នៅបណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន៩រូប ដោយសារតែពួកគេមិនបានមករៀនឲ្យបានទៀងទាត់ ហើយសម្ដេចបានកំណត់ថា នៅពេលសិស្សនគរបាលណាម្នាក់ ប្រឡង២ដងមិនជាប់ ក៏ត្រូវលុបឈ្មោះផងដែរ។

ថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល និងប្រកាសតាំងស៊ប់ ក្នុងក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជាជាង៥០០នាក់ នៅបណ្ឌិត្យ សភានគរបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថា ប្រឡង២លើកមិនជាប់ សុំទោសលុបឈ្មោះចោល ពីព្រោះបើយើងមិនបានផ្ដល់ឱកាស ឲ្យពួកគាត់ គឺជារឿងមួយ ប៉ុន្ដែផ្ដល់ឱកាសឲ្យពួកគាត់ហើយ តែពួកគាត់មិនគោរពវិន័យ វានាំខាតថវិកា នេះជាចូលនៅក្នុងរឿងខ្ជះខ្ជាយថវិកា ខ្ជះខ្ជាយ ក្របខ័ណ្ឌ...សម្រាប់អ្នកដែលហៅមិនមកចំនួន៩នាក់ មិនបាច់តវ៉ាច្រើនទេ ត្រូវលុបឈ្មោះចោលតែម្ដង ពីព្រោះពេលដាក់ពាក្យប្រឡងមានច្រើនណាស់ តែយើងមានកម្រិតជ្រើសត្រឹម៤,០០០នាក់ ហើយអ្នកចុចឈ្មោះមករៀនតែមិនមក គឺត្រូវព្រមាន ឬកម្រិតវិន័យណាមួយ»

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានប្រាប់ឲ្យលោក ចាន់ អៀន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលខាងការងារបុគ្គលិក ឲ្យមើលរឿងនេះឡើងវិញថា ហេតុអីមន្ដ្រីទាំងនោះប្រឡង២ដងមិនជាប់ តើអ្នកនោះកាលពីចូលក្របខ័ណ្ឌជាប់ដោយសារអី តែមិនស្រួលពួកគេជាប់ដោយប្រ៊ីយ៉ុង ឬក៏ជាប់ដោយសារសាច់ញាតិរត់ការ។

នៅក្នុងឱកាសនោះផងដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានគាំទ្ររាជបណ្ឌិត្យសភានគរបាលកម្ពុជា គាំទ្រឲ្យមានការរើសគ្រូបង្រៀនបន្ថែមទៀត ដោយសារតែគ្រូមួយចំនួន មានបញ្ហាសុខភាព និងចាស់ចូលនិវត្តន៍ ហើយសម្ដេចក៏បានកោតសរសើរ ចំពោះគ្រូបង្រៀនទាំងអស់ ដែលបានខិតខំបង្រៀនសិស្សនគរបាល និងនគរបាលរង នាពេលកន្លងទៅរហូតទទួលបានលទ្ធផល នៅពេលនេះ៕