(ភ្នំពេញ)៖ លោក កឹម សុខា​ ប្រធានគណបក្សសង្រ្គោះជាតិ បានអំពាវនាវជាថ្មីដល់សកម្មជន ថ្នាក់ដឹកនាំរប​ស់គណបក្សប្រឆាំង និង ប្រជាពលរដ្ឋនានា ត្រូវបញ្ឈប់នូវការជេរប្រមាថ ការលាបពណ៌គ្នា ការគំរាមកំហែង ដែលជាហេតុបង្កឱ្យមានហិង្សា នៅក្នុងប្រទេសកម្ពុជា។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍នូវការអំពាវនាវជាថ្មីរបស់លោក កឹម សុខា នាពេលនេះ ប៉ុន្តែលោកជំរុញឱ្យ លោក កឹម សុខា ជំរុញឱ្យការអំពាវនាវរបស់លោក ក្លាយទៅជារឿងជាក់ស្តែងផងដែរ។ លោកថា កន្លងទៅ លោក កឹម សុខា ក៏ធ្លាប់អំពាវនាវបែបនេះដែរ ប៉ុន្តែកូនចៅរបស់គាត់មិនស្តាប់។

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា «កន្លងទៅ ឯកឧត្តម កឹម សុខា មិនមែនមានមតិតែម្តងនេះទេ គឺបានអំពាវនាវច្រើនដងហើយ ក៏ប៉ុន្តែការធ្វើមិនបានស្របតាម ទ្រឹស្តីដែលគាត់ថានេះ នៅឡើយទេ»

សូមបញ្ជាក់ថា លោក កឹម សុខា បានលើកឡើងតាមរយៈវីដេអូមួយ ដែលផ្សព្វផ្សាយនៅលើទំព័រ Facebook របស់លោក កាលពីទី១៨ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញដោយអំពាវនាវ ដល់ប្រជាពលរដ្ឋ សកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បញ្ឈប់នូវការជេរប្រមាថ ការលាបពណ៌ ការគំរាមកំហែងផ្សេង ហើយត្រូវប្រកួតប្រជែងគ្នាដោយគោលនយោបាយ។

លោក កឹម សុខា បានអំពាវនាវយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវ ឲ្យបងប្អូនជនរួមជាតិទាំងអស់ ទាំងសកម្មជន អ្នកដឹកនាំ គណបក្សសង្រ្គោះជាតិទាំងអស់ សូមប្រកាន់នូវគោលការណ៍ គណបក្សសង្រ្គោះជាតិលើកឡើងនេះ គឺអត់យកខ្មែរណាធ្វើសត្រូវ​ យើងកុំជេរប្រមាថគ្នា កុំធ្វើឲ្យឈឺចាប់ កុំលាបពណ៌គ្នា កុំគំរាមកំហែង កំបំផិតបំភ័យប្រជាពលរដ្ឋ យើងចូលរួមប្រកួតដោយ យកគោលនយោបាយមកប្រកួត»

លោក កឹម សុខា ក៏ធ្លាប់បានអំពាវនាវបែបនេះជាញឹកញាប់ផងដែរ ប៉ុន្តែនៅតែមានសកម្មជនគណបក្សប្រឆាំងជាច្រើន បន្តសកម្មភាព ញុះញង់លាបពណ៌មកលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។ ទោះជាយ៉ាងណា នាពេលកន្លងទៅ ក៏មានសំឡេងបែកធ្លាយមួយ បង្ហាញថា ការអំពាវនាវបែបនេះ របស់លោក កឹម​ សុខា ធ្វើឡើងតាមបំណងសម្តេចតេជោ ហ៊ុន សែន៕