(ភ្នំពេញ​)៖ អតីត​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ២​រូប​ ជាប់​ចោទ​បទ «វិតិក្រម​» ​ពោលគឺ​ជំរិត​ទារ​ប្រាក់ពី​​ម្ចាស់​ក្រុម​ហ៊ុន​វិនិយោគ​​លើស​ច្បាប់​កំណត់ ត្រូវ​បាន​លោក​ រស់​ ពិសិដ្ឋ​ ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ ឆ្នាំ​២០១៧​នេះ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤លាន​រៀល​។

លោក​ចៅក្រម​បានថ្លែង​ក្នុង​សវនាការ​ថា​ «ទោស​នេះ​ គឺគិត​ចាប់​ពី​ថ្ងៃ​ឃុំ​ខ្លួន​ ដល់​ថ្ងៃ​ប្រកាស​សាលក្រម​ សល់​ប៉ុន្មាន​ព្យួរទោស​ធម្មតា​»។​

អ្នក​ច្បាប់​មួយ​រូប​បានអះអាង​ថា​ ការ​សម្រេច​នេះ​មាន​ន័យ​ថា​ ជនជាប់ចោទ​ទាំង​ពីរ​នាក់​ នឹង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ ប្រសិន​បើ​គ្មាន​សំណុំរឿង​ផ្សេង​ទៀត​ ហើយ​គ្មាន​​បណ្តឹង​ឧទ្ធរណ៍​ពី​ព្រះ​រាជ​អាជ្ញា​ ឬ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​ទេ​នោះ​។

បទល្មើស​ «វិតិក្រម​» តាម​មាត្រា​៥៩២ និងមាត្រា​​៥៩៣ នៃ​ក្រម​ព្រហ្មទណ្ឌ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​២ឆ្នាំ​ទៅ​៥ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល​ទៅ​១០លាន​រៀល​។ ការ​សម្រេច​របស់​លោក​ចៅក្រម​ រស់​ ពិសិដ្ឋ​ ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​ មើល​ឃើញ​ថា​ គឺ​ផ្តន្ទា​ទោស​ក្នុង​កម្រិត​អប្បបរមា​ទាប​បំផុត​។

មន្ត្រី​ទាំង​២​រូប​ឈ្មោះ​ រ័ត្ន បុរី អាយុ៣៤ឆ្នាំ មុខងារប្រធានការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ និងឈ្មោះ ម៉ៃ វ៉ាន់ណារុំ អាយុ៣៣ឆ្នាំ​ មុខងារបុគ្គលិកការិយាល័យ វិនិយោគសាលារាជធានីភ្នំពេញ​ ។

ក្នុង​សវនាការ​ជនជាប់ចោទ​ រ័ត្ន​ បុរី សារភាពថា នៅអំឡុងខែសីហា ឆ្នាំ២០១៥ មានក្រុមហ៊ុនរ៉ាយធិច បានមកទំនាក់ទំនងការិយាល័យផែនការវិនិយោគ ដើម្បីសុំចុះបញ្ជីបើកក្រុមហ៊ុនវិនិយោគ។ ពេលនោះលោកបានបង្គាប់ឲ្យក្រុមហ៊ុនបង់ប្រាក់ចំនួន២១លានរៀល ដោយបូកបញ្ចូលទាំងប្រាក់ពន្ធចុះបញ្ជី និងប្រាក់ពន្ធចុះពិនិត្យទីតាំងចំនួន៦លានរៀល ដោយប្រាក់ទាំង២១លានរៀលនេះ លោកបាន​ឲ្យ​ឈ្មោះ ម៉ៃ វ៉ាន់ណារុំ ជាអ្នកទទួលទុកដោយ មិនមានចេញវិក័យប័ត្រ​ឲ្យ​ក្រុមហ៊ុនវិញទេ។

ពេលរៀបចំបែបបទរួច លោកក៏បាន​ឲ្យឈ្មោះ ណារុំ ជាមួយ និងតំណាងក្រុមហ៊ុនដកប្រាក់ដែលក្រុមហ៊ុន បានបង់ចំនួន៧លានរៀល យកទៅបង់នៅទីចាត់ការហិរញ្ញវត្ថុ និងទទួលមកវិញនូវវិក័យប័ត្រ ដែលបានបង់តែ៧លានរៀលប៉ុណ្ណោះ។ ចំពោះប្រាក់នៅសល់១៤លានរៀល គឺរក្សាទុកនៅការិយាល័យផែនការវិនិយោគ ដើម្បីទុកបង់ពន្ធលើតម្រូវការផ្សេងទៀតដូចជា បង់​ឲ្យ​ក្រុមប្រឹក្សាវិនិយោគកម្ពុជា និងបង់ចូលមន្ទីរហិរញ្ញវត្ថុជាដើម រហូតដល់ក្រុមហ៊ុនបានប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ៕