(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញ និងលើកទឹកចិត្តក្រុមសង្គមស៊ីវិលទាំងអស់ឱ្យបង្កើន កិច្ចសន្ទនា និងការពិភាក្សាជាមួយក្រសួងក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ឱ្យបានញឹកញាប់ ដើម្បីបង្កើតជាទម្លាប់ល្អ នៃការជជែកពិភាក្សាក្នុងឋានៈជាដៃគូល្អ ដែលធ្វើការបម្រើឧត្តមប្រយោជន៍សង្គមជាតិតែមួយដូចគ្នា។

ការថ្លែងជំរុញលើកទឹកចិត្តរបស់ លោករដ្ឋមន្ត្រីរូបនេះ បានធ្វើឡើងក្នុងកិច្ចពិភាក្សាយ៉ាងស្និទ្ធស្នាលជាមួយ តំណាងអង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការពាក់ព័ន្ធនឹងវិស័យបរិស្ថាន នៅក្នុងបន្ទប់ធ្វើការផ្ទាល់របស់លោក កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧។ អង្គការដែលចូលរួមប្រជុំមានអង្គការសត្វព្រៃចំនួន៦ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដូចជាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ជាដើម។

លោករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា «យើងគួរមានវប្បធម៌ នៃការសន្ទនាគ្នាដែលគួរតែត្រូវធ្វើឱ្យបានញឹកញាប់ ហើយការពិភាក្សាទាំងនោះ មិនបាច់ធ្វើក្នុងលក្ខណៈផ្លូវការនោះទេ គឺយើងធ្វើឡើងក្នុងនាមជាដៃគូដ៏ល្អ ស្និទ្ធស្នាល និងដើរលើផ្លូវតែមួយ ដែលគាំទ្រគ្នាទៅវិញទៅមក»

លោកស្រី suwanna gauntlet តំណាងឱ្យអង្គការសង្គមស៊ីវិលទាំងនេះ បានស្វាគមន៍ចំពោះការជំរុញរបស់ លោករដ្ឋមន្ត្រី ដែលតែងតែបើកទ្វារទូលាយសម្រាប់កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការតាំងពីដើមរហូតមក។

សូមបញ្ជាក់ថា ក្រៅពីប្រធានបទខាងលើភាគទាំងពីរ គឺបានផ្តោតលើកកិច្ចសហប្រតិបត្តិការ កិច្ចការងារអភិរក្សតំបន់សហគមន៍ តំបន់ច្រករបៀង និងការអភិរក្សជីវៈចម្រុះ ដើម្បីជំរុញប្រសិទ្ធភាពការងារ ក៏ដូចជាការលើកកម្ពស់ជីវភាពសហគមន៍ផងដែរ។ បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាលើការពង្រឹងការអនុវត្តច្បាប់ ចំពោះការបរបាញ់សត្វ និងការទន្ទ្រានកាន់កាប់ដីព្រៃជាដើម៕