(រតនគិរី)៖ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានសម្ពោធបើកប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី ជាប់ព្រំប្រទល់ស្រុកឡេថាញ់ ខេត្តយ៉ាឡាយ ក្រោមសហអធិបតីភាពនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧបនាយករដ្ឋមន្រ្តី ត្រិញ ដិញ យ៉ុង តំណាងភាគីវៀតណាម។

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានឲ្យដឹងថា នៅពេលចាប់ផ្ដើមអនុវត្តប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវនេះ ភាគីកម្ពុជា-វៀតណាម បានអនុញ្ញាតឲ្យយានយន្តពាណិជ្ជកម្មតែ៤០គ្រឿងប៉ុណ្ណោះ មកពីប្រទេសនីមួយៗ ធ្វើចរាចរណ៍ដឹកជញ្ជូនឆ្លងកាត់ទៅមក។

លោកបន្តថា ការរៀបចំដាក់ឲ្យយានយន្តធ្វើប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ តាមច្រកទ្វារព្រំដែនអន្តរជាតិនេះ ក៏ដូចជាច្រកទ្វារព្រំដែនអន្តរជាតិដទៃៗទៀត អាចប្រព្រឹត្តទៅបាន អាស្រ័យជាសំខាន់លើការតភ្ជាប់ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធគាំពារជាច្រើនទៀត ដូចជា ចំណតយានយន្ត ចំណតឈប់សម្រាកជាដើម ដែលរដ្ឋាភិបាលប្រទេសទាំងពីរ មានការយកចិត្តទុកដាក់ខ្ពស់ និងបានគិតគូរយ៉ាងល្អិតល្អន់។

ឧបនាយករដ្ឋមន្រ្តី កែ គឹម យ៉ាន បានបញ្ជាក់ថា ដើម្បីធានាឲ្យមានប្រតិបត្តិការដឹកនជញ្ជូនឆ្លងកាត់ព្រំដែននានា ប្រព្រឹត្តទៅល្អជោគជ័យ ប្រកបដោយសមធម៌ក្នុងការប្រកួតប្រជែង ប្រសិទ្ធភាព ភាពរលូន តម្លាភាព និងធានាបាននូវផលប្រយោជន៍សេដ្ឋកិច្ចជាតិនៃប្រទេសទាំងពីរបាន ការចូលរួមសហការ និងសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងសមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ទាំងក្នុងក្របខណ្ឌជាតិទ្វេភាគី ពិតជាចាំបាច់មិនអាចខ្វះបានឡើយ។

គួរកត់សម្គាល់ថា នេះជាច្រកទ្វារអន្តរជាតិទី៦ហើយ ដែលបានបើកឲ្យចរាចរណ៍ដឹកជញ្ជូនឆ្លងកាត់ និងអនុវត្តកិច្ចព្រមព្រៀង និងពិធីសារដឹកជញ្ជូនផ្លូវគោករវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក្នុងនោះរួមមាន៖ ច្រកទ្វារអន្តរជាតិបាវិត ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ច្រកទ្វារអន្តរជាតិភ្នំដិន ច្រកទ្វារអន្តរជាតិព្រែកចាក ច្រកទ្វារអន្តរជាតិត្រពាំងស្រែ ហើយច្រកទ្វារអន្តរជាតិអូរយ៉ាដាវនេះ គឺច្រកទ្វារអន្តរជាតិទី៦ហើយ ដែលត្រូវបានសម្ពោធបើកប្រតិបត្តិការដឹកជញ្ជូនឆ្លងការព្រំដែន កម្ពុជា-វៀតណាម។

សូមជម្រាបថា រហូតមកដល់ពេលបច្ចុប្បន្ន ភាគីកម្ពុជា-វៀតណាម បានអនុញ្ញាឲ្យរថយន្តចំនួន ៥០០គ្រឿងហើយ ធ្វើប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ៕