(ភ្នំពេញ)៖ លោក នរ រតនៈវឌ្ឍនោ រដ្ឋលេខាធិការ ក្នុងនាមតំណាងទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានទទួលជួបគណៈប្រតិភូព្រះពុទ្ធសាសនា នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយព្រះតេជគុណ កាប៊ូ ហូស្សឺហ្វិន រេនប៉ូជី ប្រធានសមាគមព្រះពុទ្ធសាសនាទីក្រុងប៉េកាំង។

ក្នុងឱកាសនិមន្ត និងអញ្ជើញចូលសម្តែងការគួរសមខាងលើ ថ្នាក់ដឹកនាំក្រសួងធម្មការបានសន្យាថា នឹងធ្វើការទំនាក់ទំនងបន្ថែមជាមួយមហាមិត្តចិន លើវិស័យព្រះពុទ្ធសាសនា ឲ្យបានកាន់តែល្អប្រសើរ។

កិច្ចសហការដ៏ល្អនេះ បានបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ ពីសំណាក់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងនាមជាប្រទេសប្រតិបត្តិព្រះពុទ្ធសាសនា ប្រហាក់ប្រហែលគ្នាផងដែរ។

ព្រះតេជគុណប្រធានគណៈប្រតិភូចិន ក៏បានគោរពអញ្ជើញថ្នាក់ដឹកនាំក្រសួងធម្មការកម្ពុជា ទៅធ្វើទស្សនកិច្ចនៅប្រទេសចិនផងដែរ។

ជាមួយគ្នានេះ ព្រះតេជគុណ កាប៊ូ ហូស្សឺហ្វិន រេនប៉ូជី បានលើកឡើងនូវការស្ងើចសសើរ ចំពោះវិស័យព្រះពុទ្ធសាសនានៅកម្ពុជាថា ពិតជាមានការរីកចម្រើនគួរឲ្យមានមោទនភាព ជាមួយប្រជាពុទ្ធបរិស័ទកម្ពុជា៕