(ភ្នំពេញ)៖ ​លោក ​ប្រាជ្ញ ​សីហា ​អភិបាលរង​ខណ្ឌឫស្សីកែវ ​បាន​ប្រកាស​បិទ​អាជីវកម្ម​ដេប៉ូ​បូម​ខ្សាច់​លក់​មួយ​កន្លែង ​ជា​បណ្ដោះអាសន្ន​សិន ​ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង ​លើ​បញ្ហា​ប្រឈម​គ្រោះ​ថ្នា​ក់​នាៗ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​លើស​ពីនេះ​លោក ​ប្រាជ្ញ ​សីហា ​បាន​បញ្ជាក់​ថា ​ចំពោះ​អាជីវកម្ម​ដេប៉ូ​បូម​ខ្សាច់​លក់​ខាងលើ ​ត្រូវ​បាន​បិទ​ចោល​ជា​បណ្ដោះអាសន្ន ​និង​មួយ​កន្លែង​ទៀត ​ដែល​នៅ​ក្បែរ​គ្នា​នោះ ​ក៏អាច​ប្រឈម​ការ​បិទ​ចោល​ផង​ដែរ ​ប្រសិនបើ​ប្រជាពលរដ្ឋ​នៅតែ​បន្ត​ប្ដឹង ​ដោយ​មិនព្រម​អនុវត្តន៍​តាម​ការណែនាំ​របស់​អាជ្ញាធរ​នោះ​ទេ​។

ការប្រកាស​បិទ ​និង​ព្រមាន​ធ្ងន់​ៗ​ចំពោះ​អាជីវកម្ម​បូម​ខ្សាច់​លក់​ខាងលើ​នេះ ​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី១៨ ​ខែកក្កដា ​ឆ្នាំ២០១៧ ​ស្ថិតនៅ​ត្រង់​ចំណុច​លើ​កំណាត់ផ្លូវ​ជាតិ​លេខ៥ ​ក្នុង​ភូមិ​លូ ​សង្កាត់​ស្វាយប៉ាក ​ខណ្ឌឫស្សីកែវ ​ដោយមាន​ការ​ឯកភាព​ពី​លោក ​ជា ​ពិសី ​អភិបាលខណ្ឌ ​ក្រោយ​ទទួល​បាន​ផែនការ​ណែនាំ​ពីអ​ភិបាល​រាជធានី​ភ្នំពេញ ​លោក ​ឃួង ​ស្រេង ​និង​មានការ​ចូលរួម​ដំណើរ​ពី​នាយករង​រដ្ឋបាល​ខណ្ឌ ​លោក ​អ្នក ​បូរ ​ប្រធាន​ការិយាល័យ​អន្តរ​វិស័យ​ខណ្ឌ ​លោក ​ស្មា​ស ​រិទ្ធី ​ប្រធាន​ការិយាល័យ​ឧស្សាហ៍​កម្ម​ខណ្ឌ ​លោក ​ស៊ុ ​សា​នីយ ​ប្រធាន​ការិយាល័យ​បរិស្ថាន​ខណ្ឌ ​លោក ​ហ៊យ ​ស៉ី​ណែ​ត ​ប្រធាន​ការិយាល័យ​សាធារណៈ​ការ​ខណ្ឌ ​លោក ​គន់ ​សោភា ​រួម​និង​ចៅសង្កាត់ ​ចៅសង្កាត់​រង ​និង​មេភូមិ​ផង​ដែរ​។

ក្នុង​កិច្ចសហការ​ខាងលើ​នេះ ​លោក ​ប្រាជ្ញ ​សីហា ​បាន​ថ្លែង​ថា ​ការប្រកាស​បិទ​ចំពោះ​ទីតាំង​ដេប៉ូ​បូម​ខ្សាច់​ជា​បណ្ដោះអាសន្ន​នេះ ​ក៍​អាច​អ​នុញ្ញា​ត្តិ​ឲ្យ​ដំណើរការ​ឡើងវិញ​បាន​ផង​ដែរ ​ដោយ​តម្រូវឲ្យ​ម្ចាស់​ដេប៉ូ​អនុវត្តន៍​គោល​ការណែនាំ​តាម​លក្ខណៈ​បច្ចេកទេស​មួយចំនួន​ដូចជា ​ទី១​-​ចំពោះ​ទីតាំង​ទាំង២ ​តម្រូវឲ្យ​យក​ឯកសារ​ដែល​ពាក់ព័ន្ធ​ទៅ​សាលា​ខណ្ឌឫស្សីកែវ ​ដើម្បី​បង្ហាញ ​ទី២​-​ចំពោះ​ទីតាំង​បូម​ខ្សាច់​នៅ​ខាងជើង​ផ្លូវ ​«​បិទ​ចោល​បណ្ដោះអាសន្ន​» ​ត្រូវ​ធ្វើ​របង​ព័ទ្ធជុំវិញ​ឲ្យបាន​ត្រឹមត្រូវ ​និង​ប្រើ​ស្បៃ​បិត​ជារ​នាំង​ជៀសវាង ​ការ​ហុយ​ដី​លើ ​ប្រជាពលរដ្ឋ ​ទី៣​-​ចំពោះ​ទីតាំង​ទី២ ​ក៏​ត្រូវ​ធ្វើ​របង​ឲ្យបាន​ត្រឹមត្រូវ ​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើដំណើរ​ចេញចូល​តាម​ដងផ្លូវ​បាន​ងាយស្រួល ​ទី៤​-​ត្រូវ​មាន​កន្លែង​លាង​កង់​រថយន្ដ​ឲ្យបាន​ត្រឹមត្រូវ ​មុន​រថយន្ដ​ដឹក​ដីខ្សាច់​ចេញពី​ដេប៉ូ​។

លោក ប្រាជ្ញ សីហា បានថ្លែងទៀតថា មុនឈានទៅដល់ការប្រកាសបិទជាបណ្ដោះអាសន្នចំពោះដេប៉ូបូមខ្សាច់នេះដែរ ដោយកន្លងមកអាជ្ញាធរខណ្ឌ បានធ្វើការព្រមាន និងបញ្ជាឲ្យចាត់វិធានការភ្លាមៗ ដើម្បីចាប់រថយន្ដធុនធំ ដឹកដី ដឹក ខ្សាច់ គ្រប់ប្រភេទ ដែលអ្នកបើកបរធ្វើចរាចរណ៍គ្មានសណ្ដាប់ធ្នាប់លើដងផ្លូវជាតិលេខ៥ និងផ្លូវ៥៩៨ «ហៅផ្លូវជាសុផារ៉ា» ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ដែលធ្វើឲ្យមានការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋ ដោយក្នុងករណីម្ចាស់អាជីវកម្មតាមដេប៉ូខ្សាច់ទាំងនោះ រួមជាមួយអ្នកបើកបររថយន្ដផងដែរ មិនព្រមអនុវត្តន៍តាមការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ចទេនោះ ប្រហែលជាអាចប្រឈមនឹងការបិទអាជីវកម្មចោល។  

លោក ប្រាជ្ញ សីហា បានថ្លែងទៀតថា ការព្រមានធ្ងន់ៗ ទៅលើម្ចាស់អាជីវកម្ម តាមដេប៉ូខ្សាច់ និងអ្នកបើកបររថយន្ដធុនធំ ដឹកដី ដឹកខ្សាច់គ្រប់ប្រភេទនេះ ត្រូវបានធ្វើឡើងម្ដងរួចមកហើយកាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ ស្ថិតនៅសាលប្រជុំ​នៃសាលាខណ្ឌឬស្សីកែវ ដើម្បីពិគ្រោះប្ដូយោបល់ជាមួយតំណាងម្ចាស់អាជីវកម្មតាមដេប៉ូនីមួយៗ ដើម្បីធ្វើយ៉ាងណាត្រូវជួយសហការបញ្ជៀសឲ្យបានលើបញ្ហាប្រឈមនាៗ កុំឲ្យមានការរិះគន់ជាបន្តបន្ទាប់ ពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុង​កិច្ចពិភាក្សា​ប្ដូរ​យោបល់​ខាងលើ​នេះ ​លោក ​ប្រាជ្ញ ​សីហា ​បាន​លើកឡើង​ថា ​ការ​អញ្ជើញ​ទាំង​ម្ចាស់​អាជីវកម្ម​ដេប៉ូ​ខ្សាច់ ​និង​អ្នកបើកបរ​រថយន្ដ ​ដឹក​ដី ​ដឹក​ខ្សាច់ ​គឺ​ដើម្បី​ពិភាក្សា​លើ​ការថែទាំ​សម្អាត​តាម​ដងផ្លូវ​សាធារណៈ ​ដោយ​ការ​ដឹក​ដី ​ដឹក​ខ្សាច់​ជ្រុះ​ធ្លាក់​រប៉ាត់រប៉ាយ​ទាំង​គ្មាន​សណ្ដាប់ធ្នាប់​លើ​ផ្លូវ ​ដោយសារ​ការ​ប្រកប​អាជីវ​កម្ម​ផ្សេង​ៗ ​របស់​ក្រុមហ៊ុន​នី​មួយ​ៗ​ដោយមាន​ការ​ឯកភាព​គ្នា ​តាម​បទដ្ឋាន​បច្ចេកទេស​មួយចំនួន​ដូចជា ​គ្រប់​ដេប៉ូ​ខ្សាច់​ទាំងអស់ ​ត្រូវ​មាន​កន្លែង​លាង​កង់​រថយន្ដ​ឲ្យបាន​ត្រឹមត្រូវ ​មុន​និង​ចេញពី​ដេប៉ូ ​ដោយ​តម្រូវ​បែងចែក​ក្រុម​អាជីវកម្ម​ដេប៉ូ​ខ្សាច់​ជា​ពីរ​ក្រុម ​ដើម្បី​ទទួលខុសត្រូវ​ឲ្យបាន​ខ្ពស់​លើ​ការ​សម្អាត​ផ្លូវជាតិ​លេខ៥ ​និង​ផ្លូវ៥៩៨ ​«​ហៅ​ផ្លូវ​ជា​សុ​ផា​រ៉ា​» ​ហើយ​ក្រុម​ទី១៖​ទទួល​សម្អាត​ផ្លូវជាតិ​លេខ៥ ​មាន​ដូចជា ​ដេប៉ូ​ខ្សាច់​លោក ​ង៉ូវ ​ចាន់​ណា ​ដេប៉ូ​ខ្សាច់​លោក ​ខៃ ​ណា​រិន ​ដេប៉ូ​ខ្សាច់​លោក ​ឯល ​គ្រី​យ៉ា ​​និង​ក្រុម​ទី២៖​ទទួល​សម្អាត​លើ​ផ្លូវ៥៩៨ ​«​ហៅ​ផ្លូវ​ជា​សុ​ផា​រ៉ា​» ​រួមមាន​ដេប៉ូ​ខ្សាច់​លោក ​លី ​គឹ​មហេង ​ដេប៉ូ​ខ្សាច់​លោក ​ញឹក ​ផន ​ហៅ​តា​កៅ ​ដោយ​ត្រូវ​សម្អាត​ផ្លូវ​ទាំងពីរ​ខ្សែ​នេះ ​រយៈពេល២ដង​ក្នុង​មួយ​សប្ដាហ៍ ​គឺ​ថ្ងៃអង្គារ ​និង​ថ្ងៃសុក្រ​។

លោក​បន្ត​ថា ​ពាក់ព័ន្ធ​ការព្រមាន​ចាប់​រថយន្ដ​យក​មក​រក្សាទុក​នេះ​ដែរ ​ទាំង​ម្ចាស់​អាជីវកម្ម​ដេប៉ូ​ខ្សាច់ ​ក៏ដូចជា ​អ្នកបើកបរ​រថយន្ដ ​នៅតែ​មិន​អនុវត្តន៍ ​ហើយ​គ​គ្លើន ​មិន​ស្ដាប់​តាម​ការណែនាំ​របស់​អាជ្ញាធរ ​មានសមត្ថកិច្ច​ទេ​នោះ ​ប្រហែលជា​អាច​ប្រឈម ​និង​ការ​បិត​អាជីវកម្ម​ចោល ​ព្រោះ​ក្នុងនាម​លោក ​ជា​អាជ្ញាធរ ​ទទួលបន្ទុក​ផ្នែក​សណ្ដាប់ធ្នាប់​សាធារណៈ ​លោក​មិនព្រម​ឲ្យ​ប្រជាពលរដ្ឋ ​រិះគន់​ម្ដង​ហើយ​ម្ដងទៀត ​បាន​ជាដាច់ខាត​។​ដូចនេះ​សូមឲ្យ​ម្ចាស់​អាជីវកម្ម​តាម​ដេប៉ូ​ខ្សាច់ ​និង​អ្នកបើកបរ​រថយន្ដ ​ដឹក​ដី ​ដឹក​ខ្សាច់ ​ចាំបាច់​ត្រូវតែ​ជួយ​សហការ​ធ្វើ​យ៉ាងណា​បញ្ជៀស​ឲ្យបាន​នូវ​ផល​ប៉ះពាល់ ​និង​ការរិះគន់​ពី​ប្រជាពលរដ្ឋ ​មក​លើ​អាជ្ញាធរ​ដែល​កំពុង​អនុវត្ត​ច្បាប់​៕