(បន្ទាយមានជ័យ)៖ នៅ​​ថ្ងៃទី១៨ ​ខែកក្កដា ​ឆ្នាំ២០១៧នេះ ​លោក​ឧត្ដមសេនីយ៍ឯក ​ប្រាក់ ​សិទ្ធ ​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​លោក​វរសេនីយ៍ទោ ​មី​កា​អែល ​ហ្គីយៀម ​ប្រតិភូ​ទីប្រឹក្សា​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​បារាំង ​ជួបពិភាក្សា​គ្នា​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធ​ការងារ ​មួយចំនួន​ទាក់ទង ​និង​វិស័យ​សន្តិសុខ ​ការ​​ពារ​សណ្តាប់​ធ្នាប់​សាធារណៈ ​នៅ​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ​ដោយមាន​ការចូលរួម​ពី​មេបញ្ជាការ ​មេបញ្ជាការ​រង ​លោកនាយ​រង​សេនាធិការ ​និង​ប្រធានមន្ទីរ​ជាច្រើន​នាក់​ផង​ដែរ​។

លោក​ឧត្ដមសេនីយ៍ឯក ​ប្រាក់ ​សិទ្ធ​ ​បាន​ថ្លែង​ថា ​ក្នុងនាម​លោក​តំណាង​ឲ្យ​នាយ​ឧត្ដមសេនីយ៍ ​សៅ ​សុខា ​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ​និង​ជា​មេបញ្ជាការ ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​បាន​ចាត់​ឲ្យ​លោក​ដឹកនាំ​ប្រតិភូ​ទីប្រឹក្សា​កង​រាជ​អាវុធ​បារាំង ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កងរាជអាវុធហត្ថ ​តាម​បណ្ដា​រាជធានី​-​ខេត្ត​នៅ​ទូទាំង​ប្រទេស​ផង​ដែរ​។

លោកវរសេនីយ៍ទោ មីកាអែល ហ្គីយៀម​ បានថ្លែងថា ក្នុងនាមលោកតំណាងកងរាជអាវុធហត្ថបារាំង បានចុះបំពេញបេសកកម្មមកនៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ននេះ ក្នុងគោលបំណងត្រួតពិនិត្យ និងផ្លាស់ប្ដូរបទពិសោធន៍ការអនុវត្តន៍តួនាទី ភារកិច្ច និងការរីកចម្រើនតាមបណ្ដាអង្គភាពចំណុះ ឲ្យកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសកម្ពុជា។

លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើសេចក្ដីរាយការណ៍អំពីចំនួនទ័ព និងរចនាសម្ព័ន្ធ របស់កងរាជអាវុធហត្ថ និងតួនាទី ភារកិច្ច ការិយាល័យជំនាញនីមួយៗ ព្រមទាំងសង្កត់ធ្ងន់លើការអនុវត្តការបង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ និងធនធានរ៉ែធម្មជាតិ។

ក្នុងឱកាសនោះដែរ លោកបានបន្ថែមថា ក្រៅពីការងារខាងលើ អង្គភាពក៏បានបង្កើតមជ្ឈមណ្ឌលអប់រំយុវជនផ្តាច់សារជាតិញៀន ព្រមទាំងបានចូលរួមចំណែក ក្នុងការងារចុះជួយសង្គមផ្សេងៗ។​

ក្រោយពីកិច្ចសំណេះសំណាលត្រូវបានបញ្ចប់គណ:ប្រតិភូបានអញ្ជើញចុះត្រួតពិនិត្យអគារមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ដែលកំពុងសាងសង់ និងបន្តត្រួតពិនិត្យអគារមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតផងដែរ៕