(ពោធិ៍សាត់)៖ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ បាននាំយកសម្ភាររួមមាន៖ អង្ករ និងថវិការបស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ទៅចូលរួមរំលែកទុក្ខគ្រួសារសពលោក អៀង ចិត្រា ដែលស្លាប់ដោយករណីខ្មាន់កាំភ្លើងបាញ់សម្លាប់ ប្លន់យករថយន្ត នៅស្រុករលាប្អៀរ ក្នុងជន្មាយុ៤៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅ ភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

នេះគឺជាទម្លាប់ដែលលោកអភិបាលខេត្ត តែងតែចាត់ឲ្យក្រុមការងាររៀបចំជាសម្ភារ និងថវិកាមួយចំនួន ដើម្បីចូលរួមរំលែកទុក្ខប្រជាពលរដ្ឋ ក្នុងនាមជាក្រុមគ្រួសារតែមួយ និងសម្រាប់ទុកចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ផងដែរថា សាកសពបុរសរងគ្រោះ ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណ បាញ់សម្លាប់រួចអូសទម្លាក់ចោលនៅលើដងផ្លូវ​។ ហេតុការណ៍នេះបានកើតឡើងនៅ​យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ ត្រង់ចំណុចផ្លូវអាលុង​ចូលទៅគោកស្តៅ ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ រកមុខសញ្ញាជនដៃដល់ ដើម្បី​ចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់​។

ជុំវិញរឿងខ្មាន់កាំភ្លើងបាញ់សម្លាប់ជនរងគ្រោះរូបនេះ ​លោកឧត្តមសេនីយ៍ត្រី ឡុច សុវណ្ណរ៉ា ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ថា សង្ស័យប្លន់សម្លាប់យករថយន្ដម៉ាក Highlander ដោយជនរងគ្រោះជាអ្នកបើករថយន្ដតាក់ស៊ី ពីខេត្តពោធិ៍សាត់ ទៅរាជធានីភ្នំពេញ។

បើតាមលោកស្នងការ ​បុរសជាជនរងគ្រោះ ដែលត្រូវ​ខ្មាន់កាំភ្លើងបាញ់សម្លាប់ធ្លាយក្បាលនោះ ឈ្មោះ ​អៀង ​ចិត្រា ហៅចិត្ត ​អាយុ៤៣ឆ្នាំ មានទីលំភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ដោយឡែករថយន្ដដែលជនសង្ស័យយកទៅនោះ ម៉ាក Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-1125៕