(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស​សមាគមអតីតយុទ្ធជនខេត្ត​ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ ចុះប្រគល់ផ្ទះមួយខ្នងដល់អតីតយុទ្ធជនពិការ ដែលមានជីវភាពក្រលំបាក មានកូន៥នាក់ក្នុងបន្ទុក កំពុងរស់នៅភូមិក្តីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោក ម៉ៅ ធនិន បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកកម្ពស់ជីវភាពមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជន ដែលបញ្ចប់ភារកិច្ច តាមរយៈការឧបត្ថម្ភនូវគោលរបប ការតម្លើងប្រាក់បៀវត្ស ការផ្តល់ដីសម្បទានសង្គមកិច្ច ការកសាងផ្ទះដល់អតីតយុទ្ធជន ដែលមានជីវភាពលំបាក និងអត្ថប្រយោជន៍ដទៃផ្សេងទៀត។ ផ្ទុយទៅវិញ មិនដូចមតិខ្លះបានលើកឡើងនោះទេថា រាជរដ្ឋាភិបាលមិនបានគិតគូរ និងយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនសោះឡើយ ដែលពួកគេតែងតែបំប៉ោងសភាពការណ៍ និងបំផុសបំផុលខុសពីការពិត។​

ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងក្នុងនាមប្រធានកិត្តិយស​សមាគមអតីតយុទ្ធជនខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ក៏បាន​នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់យុទ្ធជនពិការ និងក្រុមគ្រួសារយុទ្ធជនពិការទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងអាយុជីវិត ក្នុងការបំពេញភារកិច្ច ការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋ​។

លោកបានបន្តថា រាជរដ្ឋាភិបាលតែងតែគិតគូដល់យុទ្ធជនពិការ ព្រមទាំងចែកផ្ទះជាបន្តបន្ទាប់ សម្រាប់យុទ្ធជនទូទាំងប្រទេស ជាក់ស្តែងខេត្តពោធិ៍សាត់ បានប្រគល់ផ្ទះ៣ខ្នងរួចមកហើយ និងបន្តប្រគល់ជូនបន្តបន្ទាប់ទៀត។

លោកអភិបាលខេត្ត បានបន្ថែមថា លោកនិងរួមសុខរួមទុក ជាមួយបងប្អូនប្រជាពលរដ្ឋ​ទាំងអស់ ហើយទូរស័ព្ទទាំង២ប្រព័ន្ធរបស់លោក បើកឲ្យបងប្អូនខលចូល២៤ម៉ោង លើ២៤ម៉ោង ដើម្បីរួមគ្នាដោះស្រាយឲ្យទាន់ពេលវេលា ក្នុងនាមក្រុមគ្រួសារតែមួយ។

អតីតយុទ្ធជន ដែលសម្តេចតេជោ ហ៊ុន សែន សាងសង់ផ្ទះជូនទំហំ ៥ម៉ែត្រ គុណ​៨ម៉ែត្រ ធ្វើពីបេតុង ដំបូលស័ង្កសី និងបន្ទប់ទឹក រួមជាមួយសម្ភារប្រើប្រាស់មួយចំនួនធំនោះ ត្រូវប្រគល់ជូន​ឈ្មោះ ចាន់ ប៊ុនថន អាយុ៦១ឆ្នាំ មានប្រពន្ធឈ្មោះ ផៃ អិត អាយុ៥៨ឆ្នាំ និងមានកូនក្នុងបន្ទុក​៥នាក់ ដែលបានធ្លាក់ខ្លួនពិការជើងទាំង២ ដោយសារជាន់មីន ក្នុងអំឡុងសម័យសង្គ្រាម។

ជាមួយគ្នានោះ លោក ម៉ៅ ធនិន បានចែកជូនវត្ថុកំដរដៃ ដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋចូលរួមជាង៧០នាក់ ក្នុងម្នាក់ៗសារុង១ផងដែរ។

ក្នុងថ្ងៃដដែលនោះ លោកអភិបាលខេត្ត បានបន្តចុះពិនិត្យលទ្ធភាពទិញដី សម្រាប់ពង្រីកបរិវេណសាលាបឋមសិក្សាក្តីឈ្នួល និងផ្តល់អនុសាសន៍ល្អៗមួយចំនួន សម្រាប់បើកផ្លូវថ្មីចូលសាលា និងបន្តចុះសំណេះសំណាល សួរសុខទុក្ខអាជីវករ ក្នុងផ្សារតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ផងដែរ៕