(ស្វាយរៀង)៖ ក្រុមសហជីពកម្លាំងកម្មករនៅរោងចក្រកាត់ដេរសំលៀកបំពាក់ «លូថៃ» ស្ថិតនៅភូមិស្វាយតឿ សង្កាត់ស្វាយទឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានចោទថៅកែ រោងចក្រជនជាតិចិន ថា បានគៀបសង្កត់ និងបិទសិទ្ធិសេរីភាពរបស់ពួកគេជាបន្ដបន្ទាប់ ដើម្បីកុំឲ្យមានវត្តមានសហជីព នៅក្នុងរោងចក្រមួយនេះតទៅទៀត។

លោក លួស ​សេង ប្រធានសហជីពប្រចាំតំបន់ស្វាយរៀង នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ក្រុមសហជីពរបស់ពួកគេដែលតំណាងឲ្យកម្មករ ជាង២,០០០នាក់ ត្រូវថៅកែជនជាតិចិន នៃរោងចក្រ «លូថៃ» បានបញ្ឈប់ជាបន្ដបន្ទាប់តាំងពីវគ្គមុនដែលមានលោក តេង ផានិត ជាប្រធានសហជីព និងវគ្គទី២ ដែលមានអ្នកស្រី ថៃ ស្រីធី ជាប្រធាន តាមរយៈការទម្លាក់កំហុសជាបន្ដបន្ទាប់ ដើម្បីឈានទៅដល់ការបញ្ចប់កិច្ចសន្យា មិនឲ្យដឹកនាំសហជីពនៅក្នុងរោងចក្រមួយនេះ។

បើតាមប្រធានសហជីពដដែល ក៏បានបង្ហាញពីភាពអស់ជំនឿទៅលើប្រធានមន្ទីរការងារ ខេត្តស្វាយរៀង លោក ហាស់ ប៊ុនធី មិនបានអើរពើរ និងយកចិត្តទុកដាក់ធ្វើការ ដោះស្រាយ ជូនសហជីពរបស់លោក ពោលគឺសម្រេចតាមការស្នើសុំរបស់ភាគីក្រុមហ៊ុនតែប៉ុណ្ណោះ។

លោក លួស ​សេង បានបញ្ជាក់ថា ខាងក្រុមហ៊ុន «ថៅកែក្រុមហ៊ុនបានរើសអើង និងបិទសិទ្ធិសហជីព គឺមិនឲ្យមាននៅក្នុងក្រុមហ៊ុន ហើយរឿងដដែលៗ ប៉ុន្ដែប្រធានមន្ទីរការងារ គាត់មិនអើរពើរ បែរជាគាត់សម្របទៅតាមក្រុមហ៊ុន គាត់ឯកភាពទៅតាមផ្លូវច្បាប់ដែលក្រុមហ៊ុនស្នើបញ្ចប់កិច្ចសន្យា ប៉ុន្ដែគាត់មិនមើលច្បាប់ស្ដីពីការពារសហជីព»

ប្រធានសហជីពរូបនេះបានលើកឡើងទៀតថា ប្រធានមន្ទីរការងារមិនបានដោះស្រាយបញ្ហាជូនសហជីព ដោយបង្វែរមកសុំការដោះស្រាយពីរដ្ឋមន្រ្ដីទៅវិញ រីឯគាត់មិនបានដោះស្រាយនោះឡើយ។

យ៉ាងណាក៏ដោយ អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃដដែលនេះ មិនទាន់សុំការបកស្រាយពីប្រធានមន្ទីរការងារ ខេត្តស្វាយរៀង និងតំណាងរោងចក្រ «លូថៃ» បាននោះទេ ចំពោះការចោទប្រកាន់ និងការលើកឡើងរបស់ក្រុមសហជីពខាងលើនេះ។

បើតាមលោក លួស ​សេង ថៅកែរោងចក្រ «លូថៃ» តែងតែបញ្ឈប់កម្មករទាំងឡាយណា ដែលគាំទ្រសហជីព ក្នុងគោលបំណងលុបបំបាត់ មិនឲ្យមានវត្តមានសហជីពនេះឡើយ៕