(ភ្នំពេញ)៖ និស្សិតប្រមាណជាង៣៥០នាក់ មកពីសកលវិទ្យាល័យនានា បានចូលរួមអបអរខួបទី៣០ នៃកម្មវិធី Erasmus ដែលបានរៀបចំនៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងបានស្ដាប់ការណែនាំពីអ្នកជំនាញ ក៏ដូចជាអតីតនិស្សិតដែលបានទទួលអត្ថប្រយោជន៍ពីការសិក្សានៅសហភាពអឺរ៉ុបតាមរយៈអាហារូបករណ៍ Erasmus+ ក៏ដូចជាដំបូន្មាន ទាក់ទិននឹងការរៀបចំពាក្យ សុំរបស់ខ្លួនឲ្យបានល្អ ។

កម្មវិធី Erasmus ត្រូវបានដាក់ឈ្មោះតាមលោក Erasmus of Rotterdam ជាអ្នកប្រាជ្ញជនជាតិហុល្លង់ដ៏ល្បីល្បាញនៅសតវត្សរ៍ទី១៥ ហើយកម្មវិធីនេះ មានផ្ដល់នូវឱកាសជាច្រើន សម្រាប់និស្សិតថ្នាក់ឧត្តមសិក្សា បេក្ខជនថ្នាក់អនុបណ្ឌិត និងបណ្ឌិត និងបុគ្គលិកសិក្សា នានាទូទាំងពិភពលោក ដើម្បីចូលរៀន នៅតាមសកលវិទ្យាល័យនានា នៅសហភាពអឺរ៉ុប។

សន្និសីទនិស្សិតនាថ្ងៃម្សិលមិញនេះ មានការចូលរួមពីតំណាងស្ថានទូត នៃរដ្ឋជាសមាជិករបស់សហភាពអឺរ៉ុប ដែលបានជួយណែនាំដល់និស្សិត ដែលមានបំណងចូលរួមក្នុងកម្មវិធី Erasmusនេះ និង បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

លោកបណ្ឌិត ហង់ ជួនណារ៉ុន បានថ្លែងប្រាប់ដល់និស្សិត ដែលបានចូលរួម ឲ្យបានដឹងអំពីអត្ថប្រយោជន៍ នៃការសិក្សានៅបរទេស ដោយផ្អែកលើបទពិសោធន៍ របស់ឯកឧត្តមផ្ទាល់ ដែលធ្លាប់បានទៅសិក្សា នៅបរទេសផងដែរ កាលពីទសវត្សរ៍១៩៨០ ហើយលោក ក៏បានកត់សម្គាល់ថា ក្រោយពេលវិលត្រឡប់ មកប្រទេសកំណើតវិញ និស្សិតកម្ពុជា បានពាំនាំមកជាមួយ នូវគំនិតនវានុវត្តន៍ថ្មីៗថែមទៀតផង ។

លោកស្រីបណ្ឌិត Genoveva Hernandez Uriz ភារៈធារីស្តីទី នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានចាត់ទុកកម្មវិធី Erasmus ថាជា «ជោគជ័យមួយក្នុង ចំណោមជោគជ័យ ដ៏ល្បីៗរបស់សហភាពអឺរ៉ុប» ដោយក្នុងនោះ មាននិស្សិត និងអ្នកសិក្សាស្រាវជ្រាវប្រមាណ៩លាននាក់ហើយ ដែលបានទទួលប្រយោជន៍ ពីកម្មវិធីនេះ ក្នុងរយៈកាល៣០ឆ្នាំកន្លងមក ។

លោកស្រីបណ្ឌិត Hernandez Uriz បានឲ្យដឹងថា «យើងមានសេចក្តីរីករាយក្រៃលែង ដែលបានឃើញគ្រឹះស្ថានអប់រំ និងនិស្សិតរបស់កម្ពុជា មានការឆ្លើយតបជាវិជ្ជមានចំពោះកម្មវិធី Erasmus ។ ចាប់តាំងពីឆ្នាំ២០០៥មក កម្មវិធី Erasmus+ ដែលឧបត្ថម្ភគាំទ្រដោយសហភាពអឺរ៉ុប និងកម្មវិធីពីមុន ដែលមានឈ្មោះថា Erasmus Mundus បានផ្ដល់អាហារូបករណ៍ដល់និស្សិត និងបុគ្គលិកសិក្សា របស់កម្ពុជាច្រើនជាង ៦០០ នាក់ ដើម្បីបានទៅរៀន និងបង្រៀននៅទ្វីបអឺរ៉ុប»។

លោកស្រីបណ្ឌិតបានបន្ថែមទៀតថា «លទ្ធផលដ៏វិសេសវិសាល នៃក្មវិធី Erasmus គឺមួយភាគធំ ដោយសារតែកម្លាំងថាមពលនៃអ្នកចូលរួមក្នុងកម្មវិធីនេះ ។ កម្មវិធី Erasmus បានចូលរួមចំណែក ក្នុងការបង្កើត ឲ្យមានការយល់ដឹងអំពីទ្វីបអឺរ៉ុប និងអន្តរជាតិ ហើយនាំឆ្ពោះទៅរកការចងមិត្តភាព ការបង្កើតគម្រោងស្រាវជ្រាវប្រកបដោយនវានុវត្តន៍ និងការបង្កើតនូវសហគ្រាសថ្មីៗជាដើម» ។

កាលពីឆ្នាំ២០១៦ មាននិស្សិត និងបុគ្គលិកសិក្សាកម្ពុជាចំនួន៥៩នាក់ ត្រូវបានទទួលយកទៅសិក្សា និងបម្រើការងារ នៅតាមគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សា នៅក្នុងប្រទេស អូទ្រីស បែលហ្សិក សាធារណរដ្ឋឆេក អាឡឺម៉ង់ បារាំង ហ្វាំងឡង់ អៀរឡង់ អ៊ីតាលី ហុងការី ហុល្លង់ ប៉ូឡូញ ព័រទុយហ្កាល់ អេស្ប៉ាញ និងស៊ុយអែត ។ នៅឆ្នាំ២០១៧នេះ សហភាពអឺរ៉ុប ក៏កំពុងអបអរសាទរនូវព្រឹត្តិការណ៍សំខាន់ៗចំនួនពីរទៀត គឺខួបទី២០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយកម្ពុជា និងខួបទី ៤០ នៃទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ៕