(ភ្នំពេញ)៖ មុខសញ្ញាជួញដូរគ្រឿងញៀនចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ចុះធ្វើការបង្ក្រាប និងឃាត់ខ្លួនបាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ នៅចំណុចបន្ទប់ជួលលេខ៥២៧ ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវវត្តឫស្សីសាញ់ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើនេះ ទី១៖ ឈ្មោះ វ៉ាន់ រីម អាយុ៣៣ឆ្នាំ ទី២៖ ឈ្មោះ អ៊ឹម រដ្ឋា អាយុ៣៥ឆ្នាំ និងទី៣៖ ឈ្មោះ សេក ជីវ័ន្ត អាយុ២៦ឆ្នាំ ដោយនៅក្នុងពេលនោះកម្លាំងនគរបាល បានធ្វើការដកហូតបានគ្រឿងញៀនចំនួន៥០កញ្ចប់ រួមជាមួយទូរស័ព្ទដៃ៩គ្រឿង ព្រមទាំងសម្ភារ និងឧបករណ៍សម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។

មន្ត្រីនគរបាលដដែលបានឲ្យដឹងទៀតថា ក្រុមជនសង្ស័យខាងលើនោះ មិនត្រឹមតែជាមុខសញ្ញាជួញដូរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មផងដែរ ហើយមុន និងឈានដល់ការឃាត់ខ្លួននោះ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតរយៈពេលយូរមកហើយ។

មន្ត្រីនគរបាលរូបនេះ​ បានបន្តថា រហូតក្រោយមកបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ដែលបានរាយការណ៍ជូនទើបកម្លាំងកំណត់បានមុខសញ្ញាខាងលើ ហើយរហូតមកដល់ថ្ងៃទី១៨ ខែកក្កដានេះ បន្ទាប់ពីមានឱកាសល្អ កម្លាំងក៏បានចុះធ្វើការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យបានចំនួន៣នាក់ រួមទាំងវត្ថុតាងខាងលើនោះ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕