(កំពង់ធំ)៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋ៥១៩នាក់ នៅស្រុកកំពង់ស្វាយ ទទួលបានការព្យាបាលជំងឺ និងពិនិត្យសុខភាពដោយឥតគិតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ ដែលដឹកនាំ​ដោយលោក ងួន សុជាតិ អភិបាលរងខេត្តកំពង់ធំ អ្នកស្រី បាន រតនា ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងលោក ជា វ៉ាន់ចាន់ ប្រធានសហព័ន្ធ​សហភាពយុវជនកម្ពុជាខេត្តកំពង់ធំ។

លោក ងួន សុជាតិ បានថ្លែងថា ដោយវិស័យសុខាភិបាលជាវិស័យស្នូលដ៏សំខាន់ក្នុងចំណោមវិស័យស្នូលទាំងបួនរបស់ រាជរដ្ឋាភិបាលនៃក្រកម្ពុជា និងដើម្បីអនុវត្តន៍ប្រកប ដោយស្ថេរភាព និរន្តភាពប្រសិទ្ធិភាព ក្នុងអនុវត្តន៍ការងារសុខាភិបាល ក៏ដូចជាចូលរួមលើកស្ទួយសុខភាព ប្រជាពលរដ្ឋក្នុងសហគមន៍ និងអភិវឌ្ឍន៍ប្រទេសជាតិផងនោះ។

លោកបានបន្តថា ដើម្បីឲ្យស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់​រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋនៅតាមមូល​ដ្ឋានដាច់ស្រយាល និងចុះណែនាំ ពលរដ្ឋពីផងប៉ះពាល់ការទទួលសេវាព្យាបាល ដោយគ្មានចំណេះជំនាញ ច្បាស់លាស់ធ្វើឲ្យខាតបង់ថវិកា និងប៉ះពាល់សុខភាព យ៉ាងខ្លាំង។

អ្នកស្រី បាន រតនា និងលោក ជា វ៉ាន់ចាន់ បានថ្លែងស្រដៀងគ្នាដោយលើកឡើងថា ហើយក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលចុះ មកពិនិត្យជំងឺជូនប្រជាពលរដ្ឋមានចំនួន២៩នាក់ ក្នុងនោះគ្រូពេទ្យជាជនជាតិខ្មែរមានចំនួន២០នាក់ និងជនជាតិស័ង្ហបុរីចំនួន៩នាក់ រីឯការពិនិត្យ និងព្យាបាលនៅពេលនេះ គឺធ្វើពេញមួយថ្ងៃចាប់តាំងពីម៉ោងប្រាំបីព្រឹក រហូតដល់ម៉ោង៤ល្ងាច ដែលមានប្រជាជនសរុបចំនួន៥១៩នាក់ បានទទួលការពិនិត្យពិគ្រោះព្យាបាល គឺយើងធ្វើការពិនិត្យជំងឺសំខាន់លើសុខភាពភ្នែក សុខភាពម៉ាត់ធ្មេញ និងជំងឺទូទៅផងដែរ។

លោក ងួន សុជាតិ សម្តែងនូវសេចក្តី សោមនស្សរីករាយដោយលើកឡើងនូវការកោតសរសើរពីទឹកចិត្ត និងមនសិការរបស់ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តដែលលះបង់នូវពេលវេលាក្នុងស្មារតីជួយជ្រោមជ្រែងសុខភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុកកំពង់ស្វាយ ក៏ដូចជា ខេត្តកំពង់ធំ យើងទាំងមូលក្នុងការធ្វើការពិនិត្យ ព្យាបាលដោយឥតគិតថ្លៃ និងជាការជួយសម្រួលដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទៅកាន់មន្ទីរពេទ្យ មិនតែប៉ុណ្ណោះភាពយកចិត្តទុកដាក់ក្នុងការថែរក្សានូវប្បធម៌ជួយគ្នា និងមានក្រមសីលធម៌ក្នុងការព្យាបាល បងប្អូនប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់នេះ គឺបានឆ្លុះបញ្ចាំងពីទង្វើលដែលជាកុសលពន់ពេកមិនអាចកាត់ថ្លៃបាន ព្រោះថាបើប្រជាពលរដ្ឋមានសុខភាពល្អហាក់បី ដូចមានទ្រព្យសម្បត្តិមហាសាលមិនអាចកាត់ថ្លៃបាន។

លោក ងួន សុជាតិ បានបន្ថែមថា ការផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ពិតជាមានសារប្រយោជន៍ ខ្លាំងណាល់ក្នុងការជួយថែរក្សា និងទប់ស្កាត់រាល់ជំងឺផ្សេងៗ មិនឲ្យមានការរាតត្បាតឆ្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀតដោយការព្យាបាលជំងឺ មានភាពឆាប់រហ័ស និងទាន់ពេលវេលា រីឯការផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក៏មាន សារសំខាន់ណាស់ដែរព្រោះមានការយកចិត្តទុកដាក់ដល់សុខភាពកុមារតាមរយៈការចាក់ថ្នាំបង្ការ១១មុខ និងអាហាររូបត្ថម្ភ ការយកចិត្តទុកដាក់ដល់សុខភាពស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីជាម្តាយតាមរយៈការពិនិត្យសុខភាពមុនពេលសម្រាល និងក្រោយពេលសម្រាល ការសម្រាលកូន ដោយបុគ្គលិកពេទ្យជំនាញ និងមានវិជ្ជាជីវៈការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផ្សេងៗជាដើម។

ដូច្នេះក្រុមគ្រូពេទ្យទាំងអស់ត្រូវយកចិត្ត ទុកដាក់ក្នុងការផ្តល់នូវ សេវាថែទាំ ព្យាបាល ប្រកបដោយ គុណធម៌ ក្រមសីលធម៌វិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព សមធម៌ជូនដល់ប្រជាពលរដ្ឋទូរទៅ ជាពិសេសប្រជាពលរដ្ឋក្រីក្រ។ លើសពីនេះទៅទៀតការផ្តល់សេវា សាធារណៈក្នុងវិស័យសុខាភិបាលតាមរយៈក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្នុងការពិគ្រោះ ពិនិត្យ និងព្យាបាលតាមសហគមន៍នេះ នឹងឈានទៅរកការលប់បំបាត់ឱសថក្លែងក្លាយ ការលប់បំបាត់ពេទ្យនៅតាមភូមិ ដែលគ្មានក្រមសីលធម៌ គ្មានចំណេះដឹងត្រឹមត្រូវ នឹងឈានទៅរកការកាត់បន្ថយគ្រោះថ្នាក់ដល់ អាយុជីវិត និងកាត់បន្ថយភាពក្រីក្រ ព្រោះការផ្តល់សេវានេះមិនតម្រូវឲ្យធ្វើការ បង់ប្រាក់នោះឡើយ លើសពីនេះទៅទៀត ការងាកមកទទួលយកសេវាព្យាបាលរបស់រដ្ឋចំណាយ ថវិកាតិចជាងទទួលយកសេវាព្យាបាល ឯកជនផងដែរ៕