(ភ្នំពេញ)​៖ ​លោក​ ហេង​ សុខណា​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​កោះ​អញ្ជើញ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ម្នាក់ ​និង​សាក្សី​ពីរ​រូប ​ឲ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ ដើម្បី​សាកសួរ​លើ​ពាក្យប្តឹង​​លោក​ ស្រី​ ញ្ញាណ​ អតីត​ចៅសង្កាត់​រង​ទី​២ និង​បច្ចុប្បន្ន​ជា​ចៅសង្កាត់​ចាក់​អង្រែ​លើ មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ភរិយា​ ក្នុងករណី «​បទ​ហិង្សា​ដោយ​ចេតនា​ និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​»

មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះថា ជនសង្ស័យ​ឈ្មោះ​ ស្រី​ ញ្ញាណ​ និង​ប្រពន្ធ​ឈ្មោះ​ឈុំ​ សុជាតិ​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​រួច​ហើយ​ពី​បទ «​ហិង្សា​ដោយ​ចេតនា​ និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​» រួច​បញ្ជូន​សំណុំរឿង​មក​ចៅក្រម​ស៊ើបសួរ​ចាត់​ការ​បន្ត​តាម​នីតិវិធី​។

ចន្លោះ​ពេល​នេះ​លោក​ ហេង​ សុខណា​ ជា​ចៅក្រម​ស៊ើបសួរ​ បាន​កោះ​អញ្ជើញ​លោក​ តាំង​ ច័ន្ទ​សុខៃ​ ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​និង​សាក្សី​ពីរ​រូប​ ឲ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ ឆ្នាំ​២០១៧​។

អ្នក​ច្បាប់​មួយ​រូប​បានថ្លែង​ថា​ ក្រោយ​ការ​សាកសួរ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ និង​សាក្សី​ពីរ​រូប​រួច​ ចៅក្រម​ស៊ើបសួរ​នឹង​កោះ​ហៅ​ជនត្រូវចោទ​ចូល​បំភ្លឺ​ម្តង​។

ដើម​ចម​នៃ​សំណុំរឿង​នេះ​ ត្រូវ​បាន​មន្រ្តីតុលាការ​បញ្ជាក់​ថា​ កាលពី​ថ្ងៃទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៦​ លោក​ តាំង​ ច័ន្ទ​សុខៃ​ ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ចាក់​អង្រែ​លើ​ កំពុង​តែ​ធ្វើ​ការ​ក្នុង​សង្កាត់​ ស្រាប់​តែ​ឈ្មោះ​ ឈុំ​ សុជាតិ​ បាន​នាំ​មនុស្ស​ប្រុស​ម្នាក់​ មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ ដោយ​គ្មាន​ឯកសារ​ច្បាស់លាស់​ ពេល​នោះ​លោក​ តាំង​ ច័ន្ទ​សុខៃ​ បាន​ឲ្យ​សាម៊ី​ខ្លួន​ទៅ​រក​មេភូមិ​ដើម្បី​បញ្ជាក់​អាសយ​ដ្ឋាន​ ស្រាប់​តែ​ឈ្មោះ​ ឈុំ​ សុជាតិ​ បែរ​ជា​ស្រែក​រករឿង​លោក​ តាំង​ ច័ន្ទ​សុខៃ​ ហើយ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​។ ពេល​នោះមក​ឈ្មោះ​ ឈុំ​ សុជាតិ​ និង​ប្តី​ឈ្មោះ​ ស្រី​ ញ្ញាណ​ បាន​ស្ទុះ​មក​វាយ​លោក​តាំង​ ច័ន្ទ​សុខៃ​ បណ្តាល​ឲ្យ​ធ្លាក់​ទូរស័ព្ទ​ហើយ​វាយ​ជា​ច្រើន​ដៃ​ទៀត​។​ ផ្តើម​ចេញ​ពី​សកម្មភាព​បែប​នេះ​ទើប​ លោក​ តាំង​ ច័ន្ទ​សុខៃ​ ប្តឹង​ជនសង្ស័យ​ទាំង​ពីរ​នាក់​តែ​ម្តង​។

ទោះបី​យ៉ាងណា​ ពេល​នេះអង្គភាពព័ត៌មាន Fresh News ​នៅ​ពុំ​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក​ ស្រី​ ញ្ញាណ​ និង​ប្រពន្ធ​ឈ្មោះ​ ឈុំ​ សុជាតិ​ បាន​នៅឡើយ​ទេ​៕