(កំពង់ស្ពឺ)៖ គ្រោះធម្មជាតិខ្យល់កន្រ្តាក់បានវាយប្រហារ នៅភូមិសាស្រ្តស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបណ្តាលឲ្យដើមឈើជាច្រើនដើមរលំនៅតាមដងផ្លូវ និងរោងសិប្បកម្ម ផលិតក្តារបន្ទះ និងធ្យូងរបស់ក្រុមហ៊ុនជប៉ុនទៀតផង ដែលបានកើតឡើងនៅក្បាលព្រលប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ប៉ុន្តែភ្លាមៗនោះអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានដឹកនាំក្រុមមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ។

មន្រ្តីអាជ្ញាធរមូលដ្ឋានបានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះថា គ្រោះធម្មជាតិខ្យល់កន្រ្តាក់នេះបានកើតឡើង និងវាយប្រហារនៅចំណុច ចន្លោះផ្លូវ ត្រង់តាកែនកោះស្លា ចំណុចលេខ៣១៧ ដែលបានបណ្តាលឲ្យរលំដើមឈើតាមដងផ្លូវ និងបានបំផ្លាញរោងសិប្បកម្មរបស់វិនិយោគិនជប៉ុន ក្នុងភូមិវាលធំ ដែលស្ថិតនៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលត្រៀមផលិតក្តារបន្ទះ និងធ្យូងអនាម័យឲ្យដួលរាបផងដែរ។

នៅក្នុងឱកាសចុះពិនិត្យ និងជួយអន្តរាគមន៍គ្រោះខ្យល់កន្រ្តាក់មួយនេះ លោកអភិបាលខេត្តកំពង់ស្ពឺ បានណែនាំដល់បងប្អូនទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ខ្ពស់ប្រុងប្រយ័ត្នពីបញ្ហាគ្រោះធម្មជាតិដែលតែងតែកើតមានជាយថាហេតុ។

ដោយឡែក ទាក់ទងនិងបញ្ហាសុខភាពលោក វ៉ី សំណាង បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ ថែរក្សាសុខភាព តាមរយៈការហូបស្អាត រស់នៅស្អាត ហើយពេលមានបញ្ហាផ្នែកសុខភាពត្រូវរួសរាន់ ទៅរកគ្រូពេទ្យធ្វើការត្រួតពិនិត្យ ព្រោះបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មណ្ឌលសុខភាពមាននៅគ្រប់ទីកន្លែងតាមបណ្តាឃុំនីមួយៗ មណ្ឌលសុខភាពស្រុក និងរាល់បណ្តាមន្ទីពេទ្យនៅថ្នាក់ខេត្ត និងថ្នាក់ជាតិផងដែរ។

ចំពោះមុខ ក្នុងការងារកសិកម្មលោក វ៉ី សំណាង បានស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ ប្រឹងប្រែងលើការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំ ពិសេសបើមានបញ្ហាណាមួយទាក់ទងការងារកសិកម្ម សូមមេត្តាធ្វើការទំនាក់ទំនងតាមរយៈអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ និងថ្នាក់ជំនាញពាក់ព័ន្ធជួយអន្តរាគមន៍ ហើយ
បើករណីចាំបាច់ សូមទាក់មកលោកផ្ទាល់ តាមរយៈលេខទូរស័ព្ទលេខ 016 787 877 និងទទួលបានការដោះស្រាយតាមលទ្ធភាពមូលដ្ឋាន និងបន្តតាមករណីជាក់ស្តែងជូនថ្នាក់លើដោះស្រាយផងដែរ៕