(ភ្នំពេញ)៖ ព័ត៌មានញុះញង់បំផុសពាក្យចចាមអារ៉ាមរយៈពេលប៉ុន្មានថ្ងៃមកនេះថា សម្តេចកំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ ពីសំណាក់សកម្មជនរបស់ គណបក្សប្រឆាំង ត្រូវបានប្រជាពលរដ្ឋរាប់លាននាក់សម្តែងការរិះគន់យ៉ាងដៃចំពោះទង្វើការប្រមាថដ៏ធ្ងន់ធ្ងរនេះ, ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញវត្តមានដ៏អង់អាចក្លាហាននៅលើវេទិកា នៃពិធីអបអរសាទរការដាក់បញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌ ពិភពលោក ដែលជាមោទនភាពយ៉ាងធំធេងបំផុតរបស់កម្ពុជា នាពហុកីឡដ្ឋានជាតិអូឡាំពិក ព្រលប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ។

ការបង្ហាញវត្តមានរបស់សម្តេចតេជោ ហ៊ុន សែ​ន ​ក្នុងពិធីអបអរសាទរនេះ ជាការទះកំភ្លៀងមួយយ៉ាងខ្លាំងដល់សកម្មជនបក្សប្រឆាំង ដែលបានបំផុសព័ត៌មាន មិនពិតញុះញង់ប្រជាពលរដ្ឋខ្មែរ, ដែលទង្វើនេះបានបង្ហាញថា សកម្មជនរបស់គណបក្សប្រឆាំង ភាគច្រើនជាជនបំផ្លិចបំផ្លាញសេ្ថរភាពនយោបាយនៅកម្ពុជា និងជាជននិយមចូលចិត្តបំផ្លាញប្រទេសជាតិរបស់ខ្លួន ដើម្បីបំរើបរទេស។

មុនថ្លែងសុន្ទរកថា ចេញពីពហុកីឡដ្ឋានជាតិអូឡាំពិក នារាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានសួរទៅបងប្អូនដែលបានចូលរួមក្នុងពិធីអបអរសាទរថា «តើថ្ងៃនេះ ខ្ញុំជា ហ៊ុន សែន ពិតប្រាកដឬ មិនពិត?»។ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានឡើងថ្លែងសុន្ទរកថាយ៉ាងខ្លាំងៗថា គណបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួន មិនបានចូលរួមអបអរសាទរ ចំពោះការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក បែបជាបំផុសព័ត៌មានញុះញង់មិនពិតទៅវិញ។

ការបង្ហាញវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះគឺបានបញ្ចប់មន្ទិលសង្ស័យ និងពាក្យចចាមអារ៉ាមនានា ដែលបានលើកឡើងថា សម្តេចកំពុងមានជំងឺធ្ងន់ ត្រូវយកទៅសង្រ្គោះបន្ទាន់នៅក្រៅប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបំផុសព័ត៌មានទាំងនោះ មានចេតនាមិនល្អក្នុងការធ្វើឲ្យស្ថានភាពនៅក្នុងប្រទេសមានបញ្ហា។

សូមជំរាបថា នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេ​ចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជា អធិបតីក្នុងពិធី អបអរសាទរការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានបងប្អូនប្រជាពលរដ្ឋ ចូលរួមជាងមួយម៉ឺននាក់៕