(ពោធិ៍សាត់)៖ សម្តេចព្រះសុមាធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក និងសម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានយាងជាអធិបតី ក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារី ប្រគនព្រះវិចិត្រព្រហ្មធម៌កែវរតនៈ កែវ កន ព្រះបាឡាត់គណៈខេត្តពោធិ៍សាត់ និងព្រះអនុគណៈស្រុកកណ្តៀង និងស្រុកបាកាន។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅបរិវេណព័ទ្ធសីមាវត្តកែវវិជ័យ ស្ថិតក្នុងឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយបានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះពោធិវង្សាវិមល យ៉ែម ហន ព្រះសង្ឃកិច្ចកោសល ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណៈខេត្ត លោកស្រី ជុក សុផានី អភិបាលរងខេត្ត ព្រះមន្ត្រីសង្ឃស្រុក ក្រុងទូទាំងខេត្ត ដោយមានការចូលរួមពីប្រធានមន្ទីរ អនុប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធនានានៅក្នុង​ខេត្ត ព្រមទាំងពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករផងដែរ។

សម្តេចព្រះសុមាធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត មានថេរដិកាបញ្ជាក់ថា ការកសាងនូវគ្រប់សមទ្ធិផលនានា គឺជាគុណប្រយោជន៌ សម្រាប់ព្រះពុទ្ធសាសនា ហើយក៍ជាការបង្ហាញ ពីភាពសាមគ្គីធម៌ ប្រមូលផ្តុំ នូវកម្លាំងសទ្ធាដ៏ធំធេងរបស់ពុទ្ធបរិស័ទ ក្នុងការអភិវឌ្ឃន៍វិស័យព្រះពុទ្ធសាសនា និងការរួមចំណែកដល់សង្គមជាតិ។

សម្តេចព្រះសង្ឃនាយកមានថេរដិកាបន្តថា «ផ្ទុយទៅវិញបើមានសមិទ្ធផលជាច្រើនហើយនោះ យើងត្រូវមានធនធានព្រះសង្ឃ ដែលមានចំណេះដឹង មានការបដិបត្តិក្នុងធម៌វិន័យ ប្រកបដោយគុណធម៌ ទើបអាចផ្សព្វផ្សាយព្រះធម៌ ជ្រួតជ្រាបដល់គ្រប់ស្រទាប់ពុទ្ធបរស័ទ ក្នុងការទ្រទ្រង់ អភិរក្ស ថែរក្សាវប្បធម៌ អរិយធម៌ ប្រពៃណី ដែលជាអត្តសញ្ញាណជាតិខ្មែរយូរអង្វែងតទៅ»

នាក្នុងឱកាសនោះសម្តេចព្រះសុមាធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក៏មានប្រទាន និងប្រគេនប្រកាសនីយប័ត្រ ព្រះអនុគណ និងសហការីអនុគុណចំនួន២ស្រុក ព្រមទាំងប្រទាន និងប្រគេនគ្រឿងឥស្សរិយយស ថ្នាក់មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ និងគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ដល់ ព្រះពោធិវង្សាវិមល យ៉ែម ហន ព្រះមេគណខេត្តពោធិ៍សាត់, ព្រះវិចិត្រព្រហ្មធម៌ កែវ កន ព្រះបាឡាត់គណៈខេត្តពោធិ៍សាត់ និងលោក រ៉ុន សុភារិន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តពោធិ៍សាត់ផងដែរ៕