(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំអភិបាលរងខណ្ឌលោក លីន ញ៉ក់ និងប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ រួមដំណើរពីមន្ត្រីក្រោមឱវាទខណ្ឌ និងក្រុមការងារយុវជន ដើម្បីទទួលយកនូវទេយ្យវត្ថុ មានជាសម្ភារ និងគ្រឿងឧបភោគ បរិភោគពីព្រះតេជព្រះគុណ សុវណ្ណធម្មថេរោ ព្រះនាម ចន្ទ សុភាព គង់នៅវត្ត «ទួលសន្តិវ័ន» (ហៅទួលអស់លោក) ដែលមានចំនួន៣៧មុខ ដោយសរុបជាទឹកប្រាក់ ស្មើនិង៥,២៥០,៥១៥រៀល ស្ថិតនៅសាលាខណ្ឌឫស្សីកែវ ដើម្បីយកមកតម្កល់ត្រៀមទុកចែក ជូនបន្តតាមគ្រួសារក្រីក្រ​ ងាយរងគ្រោះ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

នាឱកាសនោះលោក ជា ពិសី បានថ្លែងថា «ខ្ញុំព្រះករុណា ខ្ញុំជួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណសុវណ្ណធម្មថេរោ ព្រះនាម ចន្ទ សុភាព ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងវត្តទួលសន្តិវ័ន្ដ ដោយបានផ្ដល់ជូននូវវប្បធម៌ ចែករំលែកមានជាគ្រឿងឧបភោគបរិភោគ មកដល់អនុសាខាកាកបាទក្រហមកម្ពុជា ក្នុងបំណងចូលរួមទ្រទ្រង់ជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ»។

លោក ជា ពិសី បានថ្លែងទៀតថា លោក នឹងបន្តនាំយកសម្ភារ ក៏ដូចជាគ្រឿងឧបភោគ បរិភោគទាំងនេះ ដើម្បីចែកជូនជួយសង្គ្រោះទៅដល់ប្រជាពលរដ្ឋលំបាក ក្រីក្រ ជាជនចាស់ជរាគ្មានទីពឹង និងអ្នកកើតជម្ងឺរ៉ាំរៃ ឫមានផ្ទុកមេរោគអេដស៍ជាដើម «ពោលគឺផ្ដល់ជូនជនងាយរងគ្រោះ» ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយស្របតាមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកអភិបាលខណ្ឌបញ្ជាក់ថា ចំពោះសម្ភារ និងគ្រឿងឧបភោគ បរិភោគ ដែលព្រះតេជព្រះគុណ សុវណ្ណធម្មថេរោ ព្រះនាម ចន្ទ សុភាព គង់នៅវត្ត «ទួលសន្តិវ័ន» (ហៅទួលអស់លោក) បានប្រគេនមកឲ្យអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌរួមមាន៖អង្ករ១តោន ភេសជ្ជៈ១០កេស ម៊ី៥០កេស ទឹកត្រី៥០យួរ ទឹកស៉ីអ៊ីវ៥០យួរ ទឹកបរិសុទ្ធ២០កេស ស្ករស១០០គីឡូក្រាម អំបិល៥០គីឡូក្រាម ប៊ីចេង២០គីឡូក្រាម ទឹកដោះគោខាប់២០កំប៉ុង តែ២បាវ ធូប២បាវ ត្រីខ១០០កំប៉ុង ចានដែកធំចំនួន៦ ចាន់ដែកតូច៧ កន្ទេល៥ ភួយ៥ ម៊ុង៥ ខ្នើយ៥ ឆ្នាំង១១ ចានស្រាក់៦ កំសៀវ៦ បំពង់ទឹកក្ដៅ៤ ផ្ដិល៥ កាំបិត៦ វែកសម្ល៦ វែកបាយ៥ វែកឆា៥ សមស្លាបព្រា៧គូរ ចានបាយ៧ ចានគោម៦ ជ្រុញ៥ ចង្ក្រានហ្គ្រាស៤ សន្ទះអាំងត្រី៥ កាតូទឹកកក៣ ធុងជ័រ៦ កញ្ជ្រែងជ័រ៥ កន្ថោរ៣។

បន្ថែមពីនេះទៀត ព្រះតេជព្រះគុណ សុវណ្ណធម្មថេរោ ព្រះនាម ចន្ទ សុភាព គង់នៅវត្ត «ទួលសន្តិវ័ន» (ហៅទួលអស់លោក) បានមានសង្សដីកាថា សម្រាប់ទេយ្យវត្ថុមានជាគ្រឿងឧបភោគបរិភោគមួយចំនួននេះ បានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើន ដើម្បីឲ្យគណៈកម្មការអាចារ្យវត្តបានមកចូលរួមសហការបរិច្ចាគនូវវប្បធម៌ចែករំលែកមកដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដែលមានលោក ជា ពិសី ជាអភិបាលខណ្ឌ ក្នុងបំណងដើម្បីលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើង ឲ្យកាន់តែមានភាពរីកចម្រើនលូត លាស់ទាំងវិស្ស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសយើង ទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស្ស័យ៕