(ភ្នំពេញ)៖ តាមរបាយការណ៍ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានបង្ហាញថា ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី០៧-១៣ ខែកក្កដា ឆ្នាំ២០១៧ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានផ្ដល់សេវាពិនិត្យសុខភាព និងព្យាបាលជំងឺ​ជូនអ្នកជំងឺជាង ៧ពាន់នាក់ ក្នុងនោះមានផ្នែកពិគ្រោះជំងឺក្រៅចំនួន ៦,៩១២នាក់ និងផ្នែកសម្រាកព្យាបាលចំនួន ៧១៤នាក់។

របាយការណ៍ដដែលបានបន្តថា ក្នុងចំណោមអ្នកពិគ្រោះជំងឺទាំងជិត ៧ពាន់នាក់នោះ មានអ្នកជំងឺ ២៨២នាក់ ត្រូវបានលើកលែងការបង់ថ្លៃសេវា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង ១,៣៥៩នាក់ទៀត ត្រូវបានគាំទ្រដោយកម្មវិធីមូលនិធិសមធម៌ ដែលផ្ដល់ដោយរាជរដ្ឋាភិបាល និងដៃគូអភិឌ្ឍន៍។

ចំណែកខាងផ្នែកសម្រាកព្យាបាលវិញ មានអ្នកជំងឺចំនួន ៧៤នាក់ ទទួលបានការលើកលែងការបង់ថ្លៃសេវា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង៥៤៤នាក់ទៀត ត្រូវបានគាំទ្រដោយកម្មវិធីមូលនិធិសមធម៌ ដែលផ្ដល់ដោយរាជរដ្ឋាភិបាល និងដៃគូអភិឌ្ឍន៍។

សរុបរយៈពេលមួយសប្ដាហ៍នេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានពិនិត្យសុខភាព និងព្យាបាលជំងឺជូនអ្នកជំងឺទាំងអស់ចំនួន ៧,៦២៦នាក់៕